អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បេ្តជ្ញា​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ជាមួយនឹង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ។

Loading...

លោក សម រង្ស៊ី ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​បទបញ្ជា​ទាំង​ឡាយ​ដែល​ហាម​លក់​សំបុត្រ​យន្តហោះ​ឲ្យ​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨។

លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​វេទិការ​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​១៣ មិថុនា ថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរីភាព ត្រឹមត្រូវ និង​ស្មើភាព​គ្នា​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​បើក​ទ្វារ​ឲ្យ​លោក​ចូល​ប្រទេស​ដើម្បី​ប្រកួតប្រជែង​គ្នា​តាម​លក្ខណៈ​ប្រជាធិបតេយ្យ៖ «ដូច្នេះ​អត់​មាន​ក្រុមហ៊ុន​យន្តហោះ​ណា​ហ៊ាន​ដឹក​រូប​ខ្ញុំ​ទេ ពីព្រោះ​លោក ហ៊ុន សែន បាន​គំរាម​ថា ប្រសិនបើ​ក្រុមហ៊ុន​យន្តហោះ​ណា​ហ៊ាន​ដឹក​រូប​ខ្ញុំ​មក​ដល់​ទឹក​ដី​ប្រទេស​កម្ពុជា គឺ​បិទ​ទ្វារ​មិន​អោយ​អ្នក​ធ្វើ​ដំណើរ​ចេញ​ពី​យន្តហោះ»។

រហូត​មក​ទល់​ពេល​នេះ លោក សម រង្ស៊ី នៅ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ដែល​គ្រប់គ្រង​ដោយ​របប​របស់​លោក ហ៊ុន សែន ច្រើន​រាប់​មិន​អស់​រហូត​ដល់​នាំ​ឲ្យ​មាន​ការ​ដាក់​បទបញ្ជា​តឹងរ៉ឹង​ដល់​រាល់​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ទាំង​ឡាយ​មិន​ឲ្យ​លក់​សំបុត្រ​យន្តហោះ​ដល់​លោក​ថែម​ទៀត។

លោក សម រង្ស៊ី អះអាង​ថា លោក​មិន​ខ្លាច​ជាប់​គុក​នោះ​ទេ ប្រសិនបើ​លោក ហ៊ុន សែន បើក​ច្រក​ឲ្យ​លោក​ចូល​ស្រុក​វិញ។ លោក​បន្ត​ថា លោក ហ៊ុន សែន បើក​ច្រក​ពេល​ណា​គឺ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ពេល​នោះ៖ «គ្មាន​នរណា​គេ​ហ៊ាន​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទេ ប្រសិនបើ​លោក ហ៊ុន សែន គាត់​ឈ្នះ​ឆ្នោត​តែ​ម្នាក់​គាត់​ដោយ​គ្មាន​គូប្រកួត​នោះ ហើយ​គូ​ប្រកួត​តែមួយ​ដែល​អាច​តតាំង​ជាមួយ​គាត់ បាន​គឺ សម រង្ស៊ី ហើយ សម រង្ស៊ី ដែល​តំណាង​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​កម្ពុជា វិញ អោយ​ទាន់​ពេល​វេលា»។

លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ក្រោយ​ពី​សភា​ដែល​មាន​សំឡេង​ភាគ​ច្រើន​ពី​ខាង​គណបក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ហាម​មិន​អោយ​អ្នក​នយោបាយ​ទាំង​ឡាយ​ណា​ដែល​មាន​ទោស​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស ឬ​អនុ​ប្រធាន​បក្ស​គណបក្ស។

ដោយ​មើល​ឃើញ​ពី​ហានិភ័យ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ អាច​ត្រូវ​ក្រសួង​មហាផ្ទៃ រំលាយ​ដោយសារ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​ហើយ លោក សម រង្ស៊ី បាន​លា​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ ដើម្បី​អាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដង្ហើម​ក្នុង​ការ​បន្ត​គោលនយោបាយ​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ អាណត្តិ​ទី​បួន​បាន។

លោក សម រង្ស៊ី បញ្ជាក់​ថា តួនាទី​របស់​លោក​ក្នុង​គណបក្ស​នៅ​ពេល​លោក​មាន​វត្តមាន​នៅ​កម្ពុជា មិន​សំខាន់​នោះ​ទេ​អ្វី​ដែល​សំខាន់ គឺ​គណបក្ស​អាច​ជ្រើសរើស​មនុស្ស​ម្នាក់​ដែល​អាច​តតាំង​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​ប្រកួតប្រជែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន៖ «មិន​សំខាន់​ខ្ញុំ លោក កឹម សុខា ឬ​មួយ​នរណា​នោះ​ទេ អោយ​តែ​គណបក្ស​ឯកភាព​គ្នា​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ថា យើង​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយ​ដើម្បី​តតាំង​ជាមួយ​លោក ហ៊ុន សែន»។

លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ដល់​គណបក្ស​តូចតាច​ទាំង​អស់ រួម​ទាំង​មន្ត្រី​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផង ឲ្យ​ចូលរួម​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ សំរាប់​ប្រកួតប្រជែង​ការ​បោះឆ្នោត ឆ្នាំ​២០១៨ ខាង​មុខ៕ ប្រភព៖ RFA