Devirick ធ្វើ​ការងារ​លើកដាក់​ទំនិញ​ពី​រថយន្ត​ឲ្យ​ក្រុមហ៊ុន UPS នៅ Alabama អាមេរិក បាន​១​ឆ្នាំកន្លះ​ហើយ ។ ក្នុង​១​ម៉ោង​គាត់​ទទួលបាន ១១,៩ ដុល្លារ ។

​ក្នុង​១​ថ្ងៃៗ គាត់​ត្រូវ​ដើរ​សរុប ១៨ គីឡូម៉ែត្រ ចេញពីផ្ទះ​នៅ​ម៉ោង ៤ ព្រឹក ហើយ​ពេលយប់​ទើប​មកដល់​ផ្ទះ ។ គាត់​ពុំដែល​រអ៊ូរទាំ ឬ ទៅធ្វើ​ការ​យឺត​ពេល​ទេ ។ គាត់​មាន​ប័ណ្ណបើកបរ តែ​គ្មាន​លុយ​សំរាប់​ទិញ​ឡាន ព្រោះ​លុយ​ទាំងអស់​ទាក់​ទុក​សំរាប់​ផ្គត់ផ្គង់​ដល់​ម្តាយ ដែលមាន​ជំងឺ​ធ្ងន់ និង​ជីវភាព​ប្រចាំថ្ងៃ ។​

​សកម្មភាព​ទាំងអស់​ពុំ​រំលង​កែវភ្នែក​របស់​អ្នក​រួម​អាជីព​ទេ ពួកគេ​បាន​រៃអង្គាស​គ្នា​ដើម្បី​ទិញ​រថយន្ត​ចាស់​១​គ្រឿង សំរាប់​ជា​កាដូ​ដល់ Derrick វា​ជា​រថយន្ត Jeep តម្លៃ​ត្រឹម ១.១០០ ដុល្លារ ប៉ុណ្ណោះ ។​

​ពេលដែល James Willians អ្នកគ្រប់គ្រង​គាត់​ប្រគល់​សោរ​រថយន្ត ហើយ​និយាយថា «​ពួកយើង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ឆន្ទៈ​របស់​ឯង ។ ជាមួយ​រថយន្ត​នេះ ឯង​នឹង​ពុំ​ចាំបាច់​ដើរមក​ធ្វើការ​ទៀត​ទេ ព្រោះ​ឯង​មាន​រថយន្ត​ផ្ទាល់ខ្លួន​ហើយ​!» ។​

​ពេល​សម្លឹង​ឃើញ​កាដូ​របស់​មិត្ត​រួម​អាជីព ក៏​សុទ្ធសឹង​ជា​អ្នក​ពុំ​ធូរធារ​ប៉ុន្មាន​នោះ Derrick បាន​សម្រក់​ទឹកភ្នែក ព្រោះ​រំភើបចិត្ត​ពេក ។ គាត់​បាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ថាៈ «​ខ្ញុំ​ពិត​សុភមង្គល​ណាស់ ។ ខ្ញុំ​ពុំមែន​ជា​មនុស្ស​ងាយ​ស្រក់​ទឹកភ្នែក​ទេ តែ​ខ្ញុំ​បាន​យំ​ព្រោះ​កាដូ​ពិសេស​មួយ​នេះ​!» ។​

​ប្រិយមិត្ត​! ការចែករំលែក​ក្នុងសង្គម និង​ស្មារតី និង​សំភារៈ ជា​ប្រការ​ថ្លៃថ្លា និង​ចាំបាច់ ពិសេស​ក្នុងសង្គម​មនុស្ស​ភាគច្រើន ពោលគឺ​អ្នក​បាននិងកំពុង​រស់​នៅក្នុង​ភាពក្រីក្រ​តោកយ៉ាក ៕​