​សមត្ថកិច្ច​នគរបាល ខេត្តកំពត បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែមិថុនា នេះ មាន​រថយន្តក្រុង​មួយគ្រឿង មាន​មនុស្ស​ជិះ​ជាច្រើន​នាក់ បាន​ធ្លាក់​ពីលើ​ផ្លូវ​កៅស៊ូ ពេល​វិល​ចុះ​ពីលើ​ភ្នំ​បូកគោ​។​

​នគរបាល បាន​អះអាងថា គ្រោះថ្នាក់​នេះ មាន​មនុស្ស​រងរបួស​ច្រើន ហើយ​ពេលនេះ​រថយន្ត​សង្គ្រោះ និង​សមត្ថកិច្ច​កំពុង ចេញទៅ​ជួយ​អន្តរាគមន៍​។​

​សេដ្ឋកិច្ច ឲ្យ​ដឹងថា រថយន្តក្រុង​មួយគ្រឿង ដែល​ដឹក​ភ្ញៀវ​ជិះ​ពេញ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ធ្វើដំណើរ​ចុះ​ពីលើ​ភ្នំ​បូកគោ សង្ស័យ​មាន​អ្នករងគ្រោះ​ច្រើន​នាក់ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​។​

​ស្នងការ​នគរបាល ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បានអោយដឹងថា ពិតជា​មាន​គ្រោះថ្នាក់​រថយន្តក្រុង បាន​ធ្លាក់​ផ្លូវ នៅ​ចំណុច​គីឡូម៉ែត្រ​ទី​១០ ផ្លូវ​ឡើងទៅ​កាន់​ភ្នំ​បូកគោ ពិតមែន​។ ប៉ុន្តែ​គ្រោះថ្នាក់​នេះ លោក​មិនទាន់​អាច​បញ្ជាក់​លម្អិត​ថា មាន​មនុស្ស​ស្លាប់ និង​រងរបួស​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​។​

​លោកស្នងការ បន្តថា នៅពេលនេះ​អភិបាល​ខេត្តកំពត ក៏បាន​បញ្ជូន​រថយន្ត​សង្គ្រោះបន្ទាន់​បើក​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ជួយសង្គ្រោះ និង​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​។

​សាក្សី​ខ្លះ បាន​ឲ្យ​ដឹង​ជាបឋម​ថា រថយន្តក្រុង​នេះ​អាច​ក្រឡាប់​ធ្លាក់​ផ្លូវ ដោយ​ខ្លួនឯង​តែម្តង​៕ ជួប ស្ថាបនា​