​កំពូលភ្នំ​ភ្លើង Kavachi ស្ថិតនៅក្នុង​សមុទ្រ​ភាគខាងត្បូង​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​វា​បាន​ផ្ទុះ​កក្រើក​ក្រោម​បាតសមុទ្រ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ជា​បន្តបន្ទាប់ ។ វា​បាន​បង្ហៀរ​ក​ម្អែ​ភ្លើង​នៅ​ឆ្នាំ​២០០៤ និង​២០០៧ និង​ថ្មី​បំផុត គឺ​កាលពី​ឆ្នាំ​២០១៤ ។ នៅ​តំបន់​ជុំវិញ​នោះ មាន​សីតុណ្ហភាព​ព្រមទាំង​កំរិត​អាស៊ីដ​ខ្ពស់​ណាស់ ហើយ​បរិស្ថាន​ពិតជា​អាក្រក់​ជាខ្លាំង ។​

​ក្រោយពេល​ទម្លាក់​កាមេរ៉ា​ចុះទៅ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​ពិនិត្យមើល​ទិដ្ឋភាព​បញ្ជូនមក​…. ។ ដំបូង គេ​ពុំទាន់​សន្និដ្ឋានបានថា អ្វី​ទៅ​ដែល​គេ​សម្លឹង​ឃើញ​អេក្រង់ ? ទាល់តែ​មួយសន្ទុះ​ក្រោយពី​ស្រឡាំងកាំង ទើប​គេ​ឃើញថា​ត្រី​ឆ្លាម​ក្បាល​ញញួរ (hammer head sharks) និង​ត្រី​ឆ្លាម​បង្កង់ កំពុង​ហែល​ក្នុង​មាត់​ល្អាង​ភ្នំភ្លើង ។​

​ពួកគេ​ពិតជា​ស្រឡាំងកាំង​មែនទែន ព្រោះថា មុននេះ អ្នក​ទាំងអស់​តែងតែ​ពុំ​ឃើញ​មាន​សភាវៈ​មានជីវិត​ណា​អាច​រស់នៅក្នុង​តំបន់​នេះ​បានទេ ប៉ុន្តែ​ស្មាន​ពុំ​ដល់​ថា បន្ទាប់ពី​កាមេរ៉ា​ឆ្លង​ផុត​ស្រទាប់​ទឹកថ្លា ចុះ​ដល់​តំបន់​ទឹកល្អក់ ស្រាប់តែ​ឃើញ​វត្តមាន​របស់​ត្រី​ឆ្លាម​ខាងលើ ត្រី​បបែល​ទ្រនង់​ពិស​, Jellyfish, ក្តាម​…. កំពុង​រស់នៅ​យ៉ាង​សុខសាន្ត នា​មាត់​ល្អាង​ភ្នំភ្លើង​នេះ ។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​លោក Philip ពោលថាៈ «​ត្រី​ឆ្លាម​ច្រើន​រស់នៅក្នុង​តំបន់​ទឹក​ត្រជាក់ តែ​ត្រី​ឆ្លាម​ក្បាល​ញញួរ​បែរជា​កំពុង​រស់នៅ​ទីនោះ ដោយ​បែប​សុខ​ស្រួល​ណាស់​! ។ ម្យ៉ាងទៀត ពួកវា​រស់នៅ​ខាងក្នុង​មាត់​ភ្នំភ្លើង និង​មាន​ចំនួន​ច្រើន ។ ឥឡូវ ខ្ញុំ​ចង់​មាន​ពេលវេលា​ច្រើន ដើម្បី​ស្រាវជ្រាវ​ថា​ហេតុអ្វី​បាន​ជាមាន​ករណីបែបនេះ​?» ។​

​ពិតជា​ភ្ញាក់ផ្អើល​មែនទែន​! គ្រា​ដែល​ត្រី​ឆ្លាម​ទាំងនេះ​កំពុង​លូតលាស់​ខ្លាំ​ក្លា នា​កន្លែង​ដែល​អ្នកវិទ្យាសាស្ត្រ​គិតថាៈ ពុំ​អាចទៅរួច​! និង​គ្រោះថ្នាក់​បំផុត​! ។​

​ឥឡូវនេះ គេ​កំពុង​ចោទសួរ​ថាៈ ហេតុអ្វី​វា​អាច​រស់​នៅបាន​ក្នុង​បរិស្ថាន​ដ៏​អាក្រក់​បែបនេះ​? វា​ធ្វើ​បែបណា (​អាច​ដឹង​មុន​) គ្រា​ភ្នំភ្លើង​ផ្ទុះ​ដោយ​ពុំ​ដឹង​មុន​? មាន​របកគំហើញ​ខ្លះៗ​ហើយ ស្ទើរ​ពុំគួរ​ឲ្យ​ជឿ​អំពី​ពពួកសត្វ និង​ពិភព​ធម្មជាតិ​ដែល​ទាំងនោះ​កំពុង​បញ្ជាក់​ពី​ការយល់ដឹង​ខុស​របស់លោក​តែម្តង ៕​