មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា នឹង​ដក​តួនាទី​មេឃុំ​-​ចៅសង្កាត់ ទើប​ជាប់ឆ្នោត​ថ្មី ចេញពី​តំណែង ប្រសិនបើ មេឃុំ​ចៅសង្កាត់​ទាំងនោះ បំពេញការងារ​បំរើ​ម្ចាស់ឆ្នោត ឬ​ប្រជាពលរដ្ឋ មិនបាន​ស្របតាម​គោលនយោបាយ ដែល​គណបក្ស​នេះ​បាន​សន្យា​មុន​ការបោះឆ្នោត​ទេ​។

​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​បែបនេះ នា​ក្នុងឱកាស​អញ្ជើញ​ចុះ​ជួប​សមាជិក​គាំទ្រ របស់ខ្លួន នៅក្នុង​វេទិកា​តំណាងរាស្ត្រ និង​ម្ចាស់ឆ្នោត កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នាឱកាស​នោះ លោក កឹម សុខា បានស្នើ​ដល់​សមាជិក​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ នា​ខេត្ត​ព្រះសីហនុ ឲ្យ​ទុក​ពេលវេលា ឬ​ផ្តល់ឱកាស​ជូន​មេឃុំ​ចៅ​-​សង្កាត់ របស់​គណបក្ស​ខ្លួន ដែល​ទើប​ជាប់ឆ្នោត​ថ្មី​ចំនួន ៣​ឃុំ​-​សង្កាត់ ដើម្បី​ទុក​ឱកាស ឲ្យ​ពួកគេ​បញ្ចេញ​សមត្ថភាព​បំរើ​រាស ឬ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នីមួយៗ​។

​ព្រម​គ្នា​នេះ លោក កឹម សុខា ក៏បាន​ព្រមាន​ខ្លាំងៗ នៅ​ចំពោះមុខ​បេក្ខជន ទើប​ជាប់​តំណែង​មេឃុំ​-​ចៅសង្កាត់​ថ្មី​ទាំង ៣​នាក់ គឺ​មេឃុំ​បិត​ត្រាំ​ង ចៅសង្កាត់​លេខ ១ និង​ចៅសង្កាត់​លេខ ៤ ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ​នេះ ដោយ លោក កឹម សុខា ព្រមាន​ដកតំណែង​មេឃុំ​-​ចៅសង្កាត់​នៅ​ថ្ងៃ​ខាងមុខ បើសិន​ពួកគេ​បំពេញការងារ ឬ​តួនាទី​បំរើ​សង្គមជាតិ និង​ប្រជាពលរដ្ឋ​មិនបាន​ល្អ ឲ្យ​ស្របតាម​គោលនយោបាយ​គណបក្ស​បានដាក់​ចេញ​នោះទេ​។​

​ថ្លែង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​រាប់រយ​នាក់ លោក កឹម សុខា បាន​រំលឹក​ដល់ បេក្ខជន​មេឃុំ​-​ចៅសង្កាត់​ទាំង ៣​រូប ដែល​ទើប​ជាប់ឆ្នោត​ថ្មី គឺ​មិនត្រូវ​ប្រព្រឹត្តិ​អំពើពុករលួយ ត្រូវបំពេញ​ការងារ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ស្មើភាព​គ្នា ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​គណបក្សនយោបាយ ហើយ​រាល់​ការចុះហត្ថលេខា​ផ្សេងៗ ទៅលើ​ឯកសារ​អ្វីមួយ គឺ​មិនត្រូវ​យកលុយ​ពី​ប្រជាពលរដ្ឋ​នោះទេ​។

​ឆ្លើយតប​បញ្ហា​នេះ បេក្ខជន​ជាប់ឆ្នោត​ជា​មេឃុំ​-​ចៅសង្កាត់​ទាំង ៣​នាក់ គឺ​លោក អ៊ុក ចេ​ត​ន្នី ចៅសង្កាត់​លេខ​១ លោក សេង នី​ម ចៅសង្កាត់​លេខ ៤ និង​លោក ឡាក់ គៀន មេឃុំ​បិត​ត្រាង ដែល​ទើប​ឈ្នះ​តំណែង​មេឃុំ​ចៅសង្កាត់​ថ្មី​អាណត្តិ​ទី​៤​នេះ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បំពេញ​តួនាទី​បំរើ​ប្រជាពលរដ្ឋ ឲ្យ​បានល្អ ឲ្យ​ស្របតាម​គោលនយោបាយ របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់ចេញ​។

​ថ្លែង​នៅ​ចំពោះមុខ លោក កឹម សុខា និង​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ម្ចាស់ឆ្នោត​រាប់រយ​នាក់ កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា បេក្ខជន​មេឃុំ​ចៅសង្កាត់​ទាំង ៣​រូប ទើប​ជាប់ឆ្នោត​ថ្មី បាន​សន្យាថា នឹង​ខិតខំ​បំពេញ​តួនាទី​ការងារ បំរើ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​នីមួយៗ ឲ្យ​បានល្អ ស្របតាម​គោលនយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា ឬ​បានដាក់​ឲ្យ​អនុវត្ត​នៅមុន​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​។

​យ៉ាងនេះ​ក្តី លោក កឹម សុខា បាន​យក​វេទិកា​តំណាងរាស្ត្រ និង​ម្ចាស់ឆ្នោត ស្នើ​ទៅ​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ​ទាំងមូល ឲ្យ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត នៅក្នុង​ការបោះឆ្នោត​សភា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ឲ្យ​គណបក្ស​នេះ មានឱកាស​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចំរើន​លើ​គ្រប់​វិស័យ ប្រទេសជាតិ​មាន​សុខសន្តិភាព​ត្រឹមត្រូវ មានការ​គោរព​សិទ្ធិមនុស្ស​ជៀសផុត​ពី​ការគំរាមកំហែង​បំភិតបំភ័យ ហើយ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​មាន​សុវត្ថិភាព​។​

​អ្នកឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស និង​សង្គម​ប្រចាំខេត្ត​ព្រះសីហនុ គាំទ្រ​ចំពោះ​ការប្តេជ្ញាចិត្ត របស់​មេឃុំ​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ជាប់ឆ្នោត​ថ្មី ព្រមទាំង​ការព្រមាន​ដកតំណែង​មេឃុំ​ចៅសង្កាត់​រូប​ណា ដែល​មិន​សកម្ម​ការងារ​បំរើ​រាស្ត្រ ឬ​ប្រព្រឹត្តិ​អំពើពុករលួយ​ជាដើម ចេញពី​តួនាទី​។​

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា នឹង​តាមដាន​មើល​សកម្មភាព​បំពេញ​តួនាទី របស់​មេឃុំ​ចៅសង្កាត់​ទើប​ជាប់ឆ្នោត​ថ្មី មកពី​គណបក្ស​សង្គ្រោះ​ជាតិ អនុវត្ត​ការងារ​ជូន​ពលរដ្ឋ ស្របតាម​ការសន្យា​មុន​ការបោះឆ្នោត​ដែរ​ឬ​យ៉ាងណា​។

ទោះយ៉ាងណា លោកស្រី សុធា​រី មានជំនឿថា មេឃុំ​ចៅសង្កាត់​ទាំង ៣​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ជាប់ឆ្នោត​ថ្មី នឹង​ខិតខំ​ចំណាយ​ពេលវេលា ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នីមួយៗ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្ស​នេះ​ឈ្នះ​បាន​តំណែង​មេឃុំ​-​ចៅសង្កាត់ នៅ​ខេត្ត​ព្រះសីហនុ បាន​ចំនួន ៣​ឃុំ​-​សង្កាត់ និង​ឈ្នះ​អាសនៈ ឬ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ សរុប​ចំនួន ៦៣​រូប ពី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នេះ​៕ ជួប ស្ថាបនា​