​នរណា​ក៏​ដឹង​ថា​ចិន​បាន​និងកំពុង​ប្រឹង​ពន្លឿន​សកម្មភាព​អភិវឌ្ឍន៍អវកាស​ខ្លាំង​ណាស់។ ប៉ុន្តែ​ថ្ងៃ​នេះ ជា​​ការ​ខក​ចិត្តធំ សម្រាប់​ចិន ដែល​​មិន​អាច​សម្រេច​មហិច្ឆតា​អវកាស​របស់​ខ្លួនដូច​បាន​ដូច​ប្រាថ្នា។ ​ បេសកកម្ម​អវកាស​បង្ហោះ​ផ្កាយ​រណប​ទូរគមនាគមន៍​ទៅ​កាន់គន្លង​តារា​វិថី​នៅ​ថ្ងៃអាទិត្យ​ទី ២​កក្កដា​នេះ ត្រូវ​ទទួល​បរាជ័យ​ ក្រោយ​ការ​បាញ់​បង្ហោះកាំជ្រួច Longue Marche-5 Y2 បាន​បន្តិច។

Loading...

កាំជ្រួចLongue Marche-5 Y2 ​ដែល​ជារ៉ុកកែតបង្ហោះ​ផ្កាយ​រណប​ធុន​ធ្ងន់ ទំនើប​ចុង​ក្រោយ​របស់​ចិន បាន​បាញ់បង្ហោះ​នៅ​វេលា​ម៉ោង ១៩​និង​២៣​នាទី​ ម៉ោង​ក្នុង​ស្រុក​ ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​​វេនចង់Wenchang នៃ​កោះ​ហៃណាន។ បើ​តាម​រូបភាព​​ផ្សព្វផ្សាយ​តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ កាំជ្រួញ​បាន​ងើប​ឡើង​លើ​ផ្ទៃ​មេឃ​ បន្ត​ដោយ​ផ្សែង​និង​អណ្តាត​ភ្លើង​ យ៉ាង​អស្ចារ្យ។ ប៉ុន្តែមិន​បាន​កន្លះ​ម៉ោង ស្រាប់​តែ​មាន​លេច​​ភាព​មិន​ប្រក្រតី​ ​នៅ​ក្នុង​បន្ទប់​បញ្ជា​កាំជ្រួច បេសកកម្ម​បង្ហោះ​ត្រូវ​បញ្ចប់​​ត្រឹម​ពាក្យ​ប្រកាស​ថា​បរាជ័យ ! ភ្នាក់ងារ​អវកាស​ជាតិ​ចិន បាន​ធានា​ថា​នឹង​បើក​អង្កេតដើម្បី​វិភាគ​​រក​មូល​ហេតុ​នៃ​ភាព​មិន​ប្រក្រតី​នោះ តែ​​មិន​បាន​បញ្ជាក់​លម្អិត​អ្វី​បន្ថែម​ទៀត​ទេ។

មាន​សមត្ថភាព​ផ្ទុក​ពាំ​ ទម្ងន់​បាន​២៥​តោន​ ​Longue Marche-5 Y2 ត្រូវ​បង្ហោះ​នាំ​យក​ផ្កាយ​រណប​ទូរគមនាគមន៍​ពិសោធន៍​ Shijian-18​ ដែល​មាន​ទម្ងន់​តែ​៧​តោន​កន្លះ​ប៉ុណ្ណោះ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី ដើម្បី​សម្រួល​ផ្តល់ប្រព័ន្ធ​អ៊ីនធ័រនែត​ និង​ចាប់​ប្រព័ន្ធ​ទូរទស្សន៍​ឱ្យ​បាន​កាន់​ប្រសើរ​នៅ​ពេល​ផ្ទៃ​ប្រទេស​ចិន។

កាលពី​ខែ​វិច្ឆិកា ចិន​បាន​បង្ហោះ​ដោយ​ជោគជ័យ​ ចេញ​ពី​មជ្ឈមណ្ឌល​តែ​មួយ​នេះ​ដូច​គ្នា​នូវ​កាំជ្រួច​ Longue Marche-5 ដំបូង​របស់​ខ្លួន។ កាំជ្រួច​ដែល​ជា​តំណាង​រ៉ុកកែត​បង្ហោះ​ដ៏​មាន​មហិទ្ធិរិទ្ធិ​របស់​ចិន។

ដូច្នេះ បរាជ័យ​នៅ​ថ្ងៃ​អាទិត្យ​ ពិត​ជា​កំហុស​និង​ការ​ខក​ចិត្ត​ខុស​ទម្លាប់​មួយ​របស់​ប៉េកាំង​ដែល​មាន​មហិច្ឆតា​ធំ ពង្រីក​កម្មវិធី​អវកាស​របស់​ខ្លួន​ដើម្បី​​រត់​ឱ្យ​ដោយ​ទាន់​អឺរ៉ុប​និង​អាមេរិក ដោយ​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​រាប់​សិប​ពាន់​លាន​ដុល្លារ​ឡើយ។

ការ​អភិវឌ្ឍន៍​វិស័យ​អវកាស​ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​និម្មិត្ត​សញ្ញា​នៃ​ភាព​ជា​មហាអំណាច​ថ្មី​របស់​ចិន​។ កាលពី​ខែ​មុន មហាយក្ស​អាស៊ី​មួយ​នេះ ក៏​បាន​បង្ហោះ​ម៉ាស៊ីន​កាំរស្មី​X ទៅ​ក្នុង​អវកាស​ដើម្បី​សិក្សា​អំពី​រន្ធ​ខ្មៅ។ កាលពី​ខែ​មេសា​កន្លង​ទៅ ចិន​បាន​បញ្ជូន​យាន​ផ្ទុក​សម្ភារៈ​នាវាសួគ៌ Tianzhou-១ ទៅ​កាន់​ស្ថានីយ៍ពិសោធន៍​ក្នុង​តារាវិថី ដែលជា​តំណាង​គម្រោង​បង្កើត​ស្ថានីយ៍អវកាស​អាច​មាន​មនុស្ស​រស់​នៅ​បាន​នៅ​ឆ្នាំ​២០២២ សម្រាប់​បន្ត​បេសកកម្ម​ជំនួស​ស្ថានីយ៍អវកាស​អន្តរជាតិ។

ចិន​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​អវកាស​ជាលើក​ទី​មួយ​នៅ​ឆ្នាំ​២០០៣ សង្ឃឹម​ថា​នឹង​អាច​បញ្ជូន​យាន​អវកាស​ទៅ​កាន់​ភព​អង្គារ​នៅ​ឆ្នាំ​២០២០៕ ប្រភព៖ RFI