អតីត​ចៅ​ង្កា​ត់​លេខ​១ ក្រុងព្រះសីហនុ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាញ់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៣ បាន​ក្រាញននៀល មិន​ព្រម​ប្រគល់​តុ​កៅអី ឬ​បន្ទប់​ការិយាល័យ​ធ្វើការ​ងារ ដែល​ខ្លួន​ធ្លាប់​អង្គុយ​ច្រើន​អាណត្តិ​នោះ ទៅ​ឲ្យ​ចៅសង្កាត់​ទើប​ជាប់ឆ្នោត​ថ្មី មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ប្រកាស​សុពលភាព កាលពី​ថ្ងៃទី​៣ ខែកក្កដា​នោះទេ​។​

​គិត​ត្រឹម​ថ្ងៃ​ពុធ ទី​៥ ខែ​កក្ត​ដា ឆ្នាំ​២០១៧ អតីត​ចៅសង្កាត់​លេខ​១ ឈ្មោះ ឈិ​ត សុផាត បង្ហាញ​ការសោកស្តាយ តុ​កៅអី និង​បន្ទប់ធ្វើការ របស់ខ្លួន ដែល​ធ្លាប់​សោយសុខ​ប៉ុន្មាន​អាណត្តិ​មកនេះ ដោយ​មិន​ព្រម​ប្រគល់ជូន លោក អ៊ុក ចេ​ត្ត​នី ចៅសង្កាត់​លេខ​១ ទើប​ជាប់ឆ្នោត​ថ្មី​ទេ ដោយ​អះអាងថា អាគារ​សាលាសង្កាត់​លេខ​១ នេះ គឺ​បក្ស​ប្រជាជន​កម្ពុជា សប្បុរសជន និង​រូបលោក​បាន​ចំណាយលុយ​ក្នុងការ​សាងសង់​។

​ក្រុមប្រឹក្សា​សង្កាត់​លេខ ១ បន្ទាប់ពី​បានប្រកាស​សុពលភាព​ចូលកាន់​តំណែង​ថ្មី បាន​បើក​កិច្ចប្រជុំ​លើកដំបូង របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ដោយមាន​វត្តមាន លោក អ៊ុក ចេ​ត្ត​នី ចៅសង្កាត់​លេខ​១​ថ្មី និង​លោក ឈិ​ត សុផាត អតីត​ចៅសង្កាត់​ចាស់​ចូលរួម​ប្រជុំ​នេះ​។

​កិច្ចប្រជុំ​នេះ បាន​លើកយក​របៀបវារៈ​ទាំង ៣ មក​ពិភាក្សា ដោយមាន​ដាក់​ប​ញ្ជូ​ល​ករណី លោក ឈិ​ត សុផាត អតីត​ចៅសង្កាត់​លេខ​១ ចាញ់ឆ្នោត ដែល​ក្រាញននៀល​មិន​ព្រម​ប្រគល់​តុ​កៅអី និង​បន្ទប់ធ្វើការ​ងារ ទៅ​ឲ្យ​ចៅសង្កាត់​លេខ​១ ទើប​ជាប់ឆ្នោត​ថ្មី ចូលទៅក្នុង​កិច្ចប្រជុំ​ដែរ​។

​យ៉ាងនេះ​ក្តី​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ឈិ​ត សុផាត អតីត​ចៅសង្កាត់​លេខ​១ បាន​បន្ត​ក្រាញននៀល មិន​ព្រម​ប្រគល់​តុ​កៅអី និង​បន្ទប់​ការិយាល័យ ដែល​ខ្លួន​ធ្លាប់​អង្គុយ​ធ្វើ​ការងារ ជា​ចៅសង្កាត់​នាពេល​កន្លងមក ទៅ​ឲ្យ​ចៅសង្កាត់​ថ្មី​ទេ ដោយ​ទុកពេល​ពិចារណា និង​ស្នើសុំ​យោបល់​ពី​ថ្នាក់លើ​ខ្លួន​។

​ទាក់ទិន​បញ្ហា​នេះ លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ មិនបាន​ចាត់ទុកថា ការមិន​ព្រម​ប្រគល់​បន្ទប់ធ្វើការ​ងារ របស់ លោក ឈិ​ត សុផាត អតីត​ចៅសង្កាត់​លេខ​១ ទៅ​ឲ្យ​ចៅសង្កាត់​ទើប​ជាប់ឆ្នោត​ថ្មី ថា​ជា​រឿង​កំប៉ុក​កំប៉ុក មិនគួរ​លើក​យកមក​ឈ្មោះ​គ្នា​នាំ​ខ្មាស​ក្មេង​នោះទេ​។

​លោកស្រី​បន្តថា នៅក្នុង​អាគារ​សាលាសង្កាត់​លេខ​១​ទាំងមូល​ចែកជា ៤​បន្ទប់ និង​មាន​ទំហំ​ប៉ុណ្ណគ្នា គួរ​ណាស់​តែ​ទាំង​អតីត​ចៅសង្កាត់​ចាស់ និង​ចៅ​សង្កា​ត​ថ្មី អាច​សម្របសម្រួល​គ្នា​ធ្វើ​ការងារ ដោយ​ជ្រើស​យក​បន្ទប់​ផ្សេងៗ​មួយទៀត មក​ធ្វើ​ការិយាល័យ​សម្រាប់​អង្គុយ​ធ្វើ​ការងារ​ជាការ​ស្រេច​។ ជាង​នេះ​គួរ​ណាស់​តែ​ទាំង​អតីត​ចៅសង្កាត់​លេខ​១ និង​ចៅសង្កាត់​ជាប់ឆ្នោត​ថ្មី រួមគ្នា​ងាក​មកជួយ​គិតគូរ​ទៅលើ​ការផ្តល់សេវា​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ ប្រសើរ​ជាង​យក​រឿង​តូច មក​ឈ្លោះទាស់ទែង​គ្នា សូម្បីតែ​បន្ទប់ធ្វើការ​ងារ​ក៏​ឈ្មោះ​ដណ្តើម​គ្នា​នោះ គឺជា​រឿង​ដ៏​អាម៉ាស់​បំផុត​។​

​ករណីនេះ លោកស្រី សុធា​រី ថ្លែងថា គួរ​ណាស់​ចៅសង្កាត់​លេខ​១​ទើប​ជាប់ឆ្នោត​ថ្មី ធ្វើការ​ពិចារណារ​កប​ន្ទ​ប់​ផ្សេង មក​ជំនួស​ការិយាល័យ​ធ្វើការ ដែល​អតីត​ចៅសង្កាត់​ចាស់​ធ្លាប់​អង្គុយ​ធ្វើការ ដោយ​គ្រាន់តែ​សរសេរ​អក្សរ នៅ​ពីមុខ​បន្ទប់​ដាក់ថា បន្ទប់​ចៅសង្កាត់ ដើម្បី​បញ្ជាក់​ឲ្យ​ពលរដ្ឋ​មករក​សេវា​ផ្សេងៗ​បានដឹង​ជាការ​ស្រេច​។​

​យ៉ាងណា​ក៏ដោយចុះ លោក អ៊ុក ចេ​ត្ត​នី ចៅសង្កាត់​លេខ​១ ទើប​ប្រកាស​សុពលភាព​ចូលមក​កាន់តំណែង​ថ្មី បាន​ឲ្យ​ដឹងថា រូបលោក​នៅតែ​ទទូច​យក​បន្ទប់​ការិយាល័យ​ធ្វើ​ការងារ របស់ លោក ឈិ​ត សុផាត អតីត​ចៅសង្កាត់​លេខ​១ មក​ធ្វើជា​ការិយាល័យ​នេះ ព្រោះ​បន្ទប់​អតីត​ចៅសង្កាត់​ចាស់ ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់​ច្រើន ហើយ​ងាយ​ក្នុង​ការដែល​ពលរដ្ឋ​មកជួប​រូបលោក​នា​ថ្ងៃ​ខាងមុខ​។​

​បន្ថែម​លើ​នេះ លោក​ត្រូវតែ​គោរព​តាម​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន​លោក ឲ្យ​មក​ដឹកនាំ​សង្កាត់​លេខ​១ ហើយ​ពួកគាត់​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ពិតប្រាកដ​។ លោក ចេ​ត្ត​នី បន្តថា ការដែល​រូបលោក នៅ​ទទូច​ចង់បាន​បន្ទប់​ការិយាល័យ​អតីត​ចៅសង្កាត់​លេខ​១​ចាស់ មក​ធ្វើ​ការងារ​នេះ គឺ​លោក​ចង់​អនុវត្ត​ឲ្យ​ស្របតាម​ឆន្ទៈ ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ចង់​បានដែរ​។

​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ផ្ញើរ​សារ​ឆ្លើយតប​តាម​បណ្តាញ​សង្គម​ហ្វែ​ស​ប៊ុ​ក តប​ទៅ​សមាជិក ដែល​គាំទ្រ​ចៅសង្កាត់​លេខ​១ ទើប​ជាប់ឆ្នោត​ថ្មី នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សរសេរថា កុំ​ឲ្យ​ធ្វើ​អ្វី​ជ្រុល​ហួសហេតុ​ពេក​ទេ​។ លោក​ថា នៅក្នុង​អាគារ​សាលាសង្កាត់​លេខ​១ មាន ៤​បន្ទប់ និង​មាន​ទំហំ​ប៉ុនៗ​គ្នា គួរ​ណាស់​តែ​ចៅ​ង្កា​ត់​លេខ​១​ទើប​ជាប់ឆ្នោត​ថ្មី ជ្រើស​យក​មួយ​បន្ទប់​ផ្សេង​ពី​បន្ទប់​អតីត​ចៅសង្កាត់​ចាស់ មក​ធ្វើជា​ការិយាល័យ​ធ្វើការ​ងារ​វា​ជាការ​ស្រេច​។

​យ៉ាងណា​ក៏ដោយចុះ ករណី លោក ឈិ​ត សុផាត អតីត​ចៅសង្កាត់​លេខ​១ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្រាញននៀល មិន​ព្រម​ប្រគល់​បន្ទប់ធ្វើការ​ងារ របស់ខ្លួន​ធ្លាប់​អង្គុយ​ធ្វើ​ការងារ​តាំងពី​ជាប់ឆ្នោត រហូតដល់​ចាញ់ឆ្នោត ត្រូវប្រគល់​ទៅ​ឲ្យ លោក អ៊ុក ចេ​ត្ត​នី ចៅសង្កាត់​ទើប​ជាប់ឆ្នោត​ថ្មី មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ឈិ​ត សុផាត ក្នុង​រយៈពេល ២​ថ្ងៃ​មកនេះ ត្រូវបាន​សាធារណៈជន​មួយចំនួន បាន​រិះគន់​ជា​បន្តបន្ទាប់​ទាំង​នៅក្នុង​បណ្តាញ​សង្គម​ហ្វ៊ែ​ស​ប៊ុ​ក និង​នៅតាម​ទីតាំង​ហាង​កាហ្វេ​មួយចំនួន នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ចំពោះ​ភាព​កំសាក ដែល​រូបលោក​នៅ​បន្ត​ក្រាញននៀល​មិន​ព្រម ចុះចេញ​ពី​តុ​កៅអី និង​បន្ទប់​ការិយាល័យ ធ្លាប់​អង្គុយ​ធ្វើ​ការងារ ក្រោយពេល​រូបលោក​ចាញ់ឆ្នោត​ឃុំ​សង្កាត់​នៅក្នុង​អាណត្តិ​ទី​៣​នេះ​៕ ស្ថាបនា​