តាមរយៈ​វីដេអូ​មួយ​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ចិន​, សត្វ​លា​កំសត់​១​ក្បាល ត្រូវ​បានឃើញ​រុញចេញ​ពី​កន្ទុយ​រថយន្ត​ចូលក្នុង​រណ្តៅ​ទឹក​ដែល​ព័ទ្ធ​ដោយ​របង ដែលមាន​សត្វ​ខ្លា​នៅ​ខាងក្នុង នៃ​សួន​ពិភព​សត្វព្រៃ Yancheng ក្នុង​ទីក្រុង Changzhou ខេត្ត Jiangsu ប្រទេស​ចិន ។​

​ពួក​អ្នកទស្សនា​បន្ទាប់មក បានបង្ហាញ​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង ខណៈដែល​ខ្លា​១​ក្រុម​បាន​ហែល​ចេញមក និង​ចាប់ផ្តើម​វាយប្រហារ ។ ពួកវា​បាន​ប្រើពេល​ប្រមាណ ៣០ នាទី ដើម្បី​សម្លាប់សត្វ​លា​កំសត់​នោះ ខណៈ​វា​ខំប្រឹង​តស៊ូ​ដើម្បី​ជីវិត​នៅក្នុង​ទឹក​យ៉ាង​វេទនា ។

​កម្មករ​សួនសត្វ​ម្នាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​ជា​លទ្ធផល​នៃ «​ទំនាស់​ផ្ទៃក្នុង​» ក្នុងចំណោម​ម្ចាស់​ភាគហ៊ុន – នោះ​សន្ម​ត់​មានន័យថា ម្ចាស់​ភាគហ៊ុន​ម្នាក់​បាន​ដឹកនាំ​ពួកកម្មករ​ឲ្យ​បោះ​សត្វ​លា​នោះ​ទាំង​រស់​ចូលក្នុង​ទ្រុងខ្លា ដោយ​គ្មាន​ការអនុញ្ញាត ៕​