ប្រតិ​បិ​ត្តិ​ករ​ទេសចរ និង​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅតាម​ឆ្នេរ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ខ្លាច​អនាម័យ​ឆ្នេរ​សុខសាន្ត មាន​ទីតាំង​នៅលើ​កោះរ៉ុង ត្រូវ​បំផ្លាញ ដូច​ឆ្នេរ​ខ្សាច់​កោះ​តូច​ដែរ ព្រោះ​រាល់ថ្ងៃនេះ ពួកគេ​សង្កេតឃើញ​មាន​សំណង់​ផ្ទះសំណាក់ ឬ​បឹង​កា​ឡូ​ជាដើម បាន​សាងសង់​នៅលើ​ឆ្នេរ​ខ្សាច់ និង​ក្នុង​ទឹកសមុទ្រ​គ្មាន​សណ្តាប់ធ្នាប់​។​

​ទាំង​វិស័យ​ឯកជន និង​ភ្ញៀវទេសចរ ព្រួយបារម្ភ​ខ្លាច​បរិស្ថាន​នៅតាម​ឆ្នេរ​ខ្សាច់ នៃ​ឆ្នេរ​សុខសាន្ត មាន​ទីតាំង​នៅលើ​កោះរ៉ុង​ត្រូវ​បំផ្លាញ ព្រោះ មាន​អាជីវករ ឬ​ពលរដ្ឋ​ខ្លះ បាន​សង់​សំណង់​រឹងមាំ​នៅលើ​ឆ្នេរ​ខ្សាច់ និង​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ ដោយ​គ្មាន​សមត្ថកិច្ច​ហាមឃាត់​ទេ​។

​ភ្ញៀវទេសចរ​ខ្លះ បាន​អះអាងថា លោក អៀ សុខ​ឃាង ប្រធានភូមិ​សុខសាន្ត គឺជា​បុគ្គល​ម្នាក់ ស្ថិតក្នុង​ចំណោម​ពលរដ្ឋ​ផ្សេងទៀត ដែល​បាន​សង់​បឹង​កា​ឡូ ឬ​សំណង់​រឹងមាំ​ផ្សេងៗ នៅលើ​ឆ្នេរ​ខ្សាច់​ឆ្នេរ​សុខសាន្ត និង​បាន​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន​នោះទេ​។

​ភ្ញៀវទេសចរ បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ជួយ​ចុះ​រុះរើ​សំណង់​រឹងមាំ ដែល​សង់​នៅលើ​ឆ្នេរ​ខ្សាច់ នៃ​ឆ្នេរ​សុខសាន្ត ឆ្នេរ​កោះ​តូច នៅលើ​កោះរ៉ុង​ឲ្យ​បាន​ឆាប់​។ ជាង​នេះ ក៏ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ការបង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ ដែល​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​លួច​បង្ហូរ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត​ជាមុន​ឲ្យ​បាន​ឆាប់​ផង ដើម្បី​សង្គ្រោះ​ឆ្នេរ​សុខសាន្ត និង​ឆ្នេរ​កោះ​តូច​ឲ្យ​បាន​ទាន់ពេល​។

​ឆ្លើយតប​ញ្ហ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានស្នើ​ដល់​អាជីវករ​លក់ដូរ​បំរើសេវា​ទេសចរណ៍​នៅតាម​តំបន់ឆ្នេរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ ឲ្យ​បានជា​ប្រចាំ​ទាំង​ឆ្នេរ​នៅលើ​ដីគោក និង​ឆ្នេរ​នៅលើ​ដី​កោះ​។​

​យ៉ាងនេះ​ក្តី លោក យន្ត មីន មិនទាន់​បញ្ជាក់ថា តើ​នៅពេលណា​ទើប​អាជ្ញាធរ ចុះ​មាន​វិធានការ​រុះរើ​សំណង់​រឹងមាំ​សង់​នៅក្នុង​ទឹកសមុទ្រ និង​សង់​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​តូច និង​ឆ្នេរ​ខ្សាច់​សុខសាន្ត ឲ្យ​ច្បាស់លាស់​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា សំណង់​រឹងមាំ​ថ្មីៗ​ទៀត គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​សង់​ទៀត​ទេ ប៉ុន្តែ​សំ​ណឹ​ង​ដែល​សង់​រួច​ត្រូវ​រក្សា​ឲ្យ​នៅ​ធម្មតា​សិន​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​។​

​យ៉ាងនេះ​ក្តី ប្រតិបត្តិ​ករ​ទេសចរ និង​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​ចូល​ទៅដល់​ឆ្នេរ​សុខសាន្ត និង​ឆ្នេរ​កោះ​តូច នៃ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ បាន​រិះគន់ថា បរិស្ថាន​តាម​ឆ្នេរ​ខ្សាច់​ទាំងពីរ ពិសេស​ឆ្នេរ​កោះ​តូច ទំនងជា​អាច​ត្រូវ​បំផ្លាញ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ បើ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ មិនមាន​វិធាន​ការរុះរើ​សំណង់​រឹងមាំ​សង់​ក្នុង​ទឹកសមុទ្រ និង​សង់​លើ​ឆ្នេរ​ខ្សាច់ ហើយ​មិន​ព្រម​ទប់ស្កាត់​កា​រប​ង្អូ​រ​ទឹកស្អុយ​ចូល​សមុទ្រ ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹកស្អាត ឲ្យ​បាន​ឆាប់​នោះទេ​។​

​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង ១៧១.៣៥​គីឡូម៉ែត្រ និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត ដែលជា​សក្ដានុពល ក្នុង​ផែនការ​អភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍ ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត នា​ខេត្ត​ព្រះសីហនុ​៕ ខ្មែរ​ស្ថាបនា​