ហេតុការណ៍​មួយ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍ សប្តាហ៍​មុននេះ នៅ​ឆ្នេរ​ស្ថិតក្នុង​ឈូង​សមុទ្រ Mexico ក្រុង Piname រដ្ឋ Florida -​នេះ​បើតាម​កាសែត Guardian ។​

​លោក Simmons អ្នក​ស្ថិតក្នុង​ហេតុការណ៍​នេះ​ប្រាប់ថាៈ «​ខ្ញុំ​និង​ម្តាយ​, ភរិយា ព្រមទាំង​កូន​២​នាក់ កំពុង​ពិ​ច​និ​ច​នៅ​ឆ្នេរ ក៏​ក្រឡេកឃើញ​មនុស្ស​មួយក្រុម ប្រមូល​ផ្តុំគ្នា​កាន់តែ​ច្រើនឡើងៗ និង​នាំគ្នា​លើកដៃ​ចង្អុល​នៅ​សមុទ្រ ។ ពេលនោះ ខ្ញុំ​គិតថា វា​ជា​ត្រី​ឆ្លាម ហើយ​យើងខ្ញុំ​ក៏​ដើរទៅ​មើល ។ មនុស្ស​ម្នាក់​ប្រាប់​ខ្ញុំ​ថា មនុស្ស​នៅក្នុង​សមុទ្រ​នោះ​កំពុង​លិច គាត់​ពុំ​អាចជួយ​សង្គ្រោះបាន ព្រោះ​រលក​សមុទ្រ​ធំៗ​ពេក​» ។​

​ភ្លាមៗ​នោះ Simmons ពុំ​គិតគូរ​អ្វី​ទៀតឡើយ ហើយ​ស្រែក​ខ្លាំងៗ​ប្រាប់​ទៅ​អ្នក​នៅ​ទីនោះ «​ប្រមូលគ្នា​ឲ្យ​បាន​ច្រើន យើង​អាចបង្កើត​បាន​របង​មនុស្ស ។ ខ្ញុំ​បានឃើញ​ស្រមោច​ពេល​ប្រទះ​អាសន្ន ពួកវា​បាន​តម្រៀប​គ្នា​ជា​ជួរ​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ។ តាម​ខ្ញុំ​មក​! ប្រមូល​មនុស្ស​ឲ្យ​បាន​ច្រើន ដើម្បី​ចេញទៅ​ជួយ​ពួកគេ​!» ។​

​ដំបូង អ្នកខ្លះ​ហាក់​នៅ​ស្ទាក់ស្ទើរ ព្រោះ​ខ្លា​ចរលក​ធំៗ​ទាញ​យកទៅ ហេតុនេះ ពួកយើង​បន្ត​ស្រែក​អំពាវនាវ​ខ្លាំងៗ​ជា​បន្តបន្ទាប់​….. ។​

​ចុងក្រោយ មនុស្សម្នា​ជាច្រើន ក៏បាន​រួមគ្នា​សាង​ជា​របង​មួយ ខណៈដែល Simmons និង​ភរិយា​បាន​ហែល​សំដៅ​ក្រុមមនុស្ស​រងគ្រោះ ។​

​ដំបូង ប្តី​ប្រពន្ធ Simmons បាន​នាំយក​ក្មេងៗ​២​នាក់​អាយុ ៨ ឆ្នាំ និង​១១​ឆ្នាំ មក​ប្រគល់​ឲ្យ​របង​មនុស្ស​បញ្ជូនមក​គោក ។ បន្ទាប់មក ក៏​បន្ត​ជួយ​ដល់​មនុស្ស​ដែល​នៅសល់​រួមទាំង​ស្ត្រី​ចំណាស់​ម្នាក់ ។ ពិបាក​បំផុត គឺ​ពួកគេ​ត្រូវ​ចំណាយពេល​ជាង​១​ម៉ោង ដើម្បី​សង្គ្រោះ​ប្តី​ប្រពន្ធ​២​នាក់​ដែល​កំពុង​រងគ្រោះ​ធ្ងន់ ។​

Simmons ពោលថាៈ នេះ​ពិតជារ​លកស​ញ្ចេ​ត​នា​របស់​មនុស្ស ដើម្បី​នាំយក​មកវិញ នូវ​ប្រការ​ខ្លះ​ដែល​សង្គម​បច្ចុប្បន្ន​បាននិងកំពុង​បាត់បង់ ។ យើង​បន្ត​មានសង្ឃឹម ក្នុង​ពិភពលោក​មួយ ដែល​ក្តីសង្ឃឹម​មាន​កាន់តែ​តិច​ទៅៗ លើ​ពិភពលោក​បច្ចុប្បន្ន ៕​