​ស្នងការ​រដ្ឋា​ន​នគរបាល ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍ ឆមាស​ទី​១ ឬ​៦​ខែ ដើមឆ្នាំ​២០១៧ ឲ្យ​ដឹងថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​មនុស្ស​ស្លាប់​រងរបួស នា​មូលដ្ឋាន​នេះ​បាន​ថយចុះ បើ​ប្រៀបធៀប ឆមាស​ទី​១ ឆ្នាំ​២០១៦​។​

​ការិយាល័យ​កណ្ដាល​នគ​របាល​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ៦​ខែ​ដើមឆ្នាំ​២០១៧ ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១១០​ករណី បើ​ធៀប ៦​ខែ​ឆ្នាំ​២០១៦​ថយចុះ​៦៦​ករណី​។ គ្រោះថ្នាក់​នេះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស ៣១​នាក់ ធៀប​ឆ្នាំ​២០១៦​ថយចុះ ២៥​នាក់ និង​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ចំនួន​២០២​នាក់ គឺ​បាន​ថយចុះ​១០៨​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ឆមាស​ទី​១ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ជិត ២​រយ​គ្រឿង ហើយ​ជនរងគ្រោះ និង​បង្ក​គ្រោះថ្នាក់​នេះ មាន​ទាំង​ខ្មែរ និង​បរទេស​ជាដើម​។

​លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធានការិយាល័យ​កណ្ដាល​នគ​របាល​សណ្ដាប់ធ្នាប់​សាធារណៈ​។ លោក​ឲ្យ​ដឹងថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឆមាស​ទី​១ ឆ្នាំ​២០១៧ បាន​ថយចុះ​នេះ ដោយសារ​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅតាម​ផ្លូវ​សាធារណៈ​ទាំង ទីប្រជុំជន និង​តាម​ផ្លូវជាតិ​លេខ ៣ និង​ផ្លូវជាតិ​លេខ ៤​ជាប្រចាំ​ថ្ងៃ គួបផ្សំ​អ្នកបើកបរ ឬ​អ្នកប្រើប្រាស់​ផ្លូវ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ចំនួន​កើន​ខ្ពស់​។

​លោក អ៊ី សុខា ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន គឺ​បង្កឡើង​ដោយ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត ក្នុង​ល្បឿន​លឿន ស្រវឹង បើក​ប្រជែង​គ្នា​នៅ​ទីតាំង​ផ្លូវ​កោង​ងាយ​គ្រោះថ្នាក់ និង​មិន​គោរព​ភ្លើង​សញ្ញា​បញ្ជា​ចរាចរណ៍​ជាដើម​។

​ទាក់ទិន​បញ្ហា​នេះដែរ មន្ត្រី​ឃ្លាំមើល​ការអភិវឌ្ឍ​សង្គម និង​ប្រជាបលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទទូច​ដល់​កម្លាំង​នគរបាល​ចរាចរណ៍ ជួយ​ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​ច្រើន​ថែមទៀត ពិសេស​ត្រូវ​ត្រួតពិនិត្យ ទៅលើ​សកម្មភាព របស់​ជនបរទេស ដែល​កំពុងបើក​បររថ​យន្ត​ខ្លួនឯង ពិសេស​ជនជាតិ​ចិន ហើយ​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់ ពិសេស​នៅពេល​រាត្រី​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​កន្លងមកនេះ​។

​លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ​ស្នើ​ដល់​កម្លាំង​នគរបាល​ឲ្យ​បន្តសកម្មភាព​ចុះ​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បានជា​ប្រចាំ ជាពិសេស​ត្រូវ​ត្រួតពិនិត្យ​រាល់​ការបើកបរ ឬ​បស់​ជនបរទេស ពិសេស​ជនជាតិ​ចិន ដែល​បាន​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដោយ​ខ្លួនឯង​តាមផ្លូវ​សាធារណៈ​រាល់ថ្ងៃនេះ តើ​អនុវត្ត​ស្របតាម​ច្បាប់​កម្ពុជា​ដែរឬទេ​៕ ខ្មែរ​ស្ថាបនា​