​ក្រោយពេល​ចាក់​បញ្ចូល «​មេរោគ​អមតៈ​» អាយុកាល ៣,៥ លាន​ឆ្នាំ ចូលក្នុង​រាងកាយ សាស្ត្រាចារ្យ Anatoli Brouchkou នៃ​សកល​វិទ្យាល័យ​មូ​ស្គូ និយាយថា លោក​ពិនិត្យឃើញ​សរីរាង្គ​របស់ខ្លួន​មាន​សភាព​មាំមួន ។ តាំងពី​ពេល​ចាក់​វា​មកទល់ពេលនេះ ប្រព័ន្ធ​ការពារ​រាងកាយ​របស់លោក បាន​កែសម្រួល​ប្រសើរឡើង​យ៉ាងពិត​ប្រាកដ ជាក់ស្តែង​លោក​ពុំដែល​កើតរោគ​ផ្តាសាយ​ម្តងណា​ឡើយ ។​

​នៅ​ឆ្នាំ​២០០៩ នៅ​តំបន់​ទឹកកក​ពុំ​ចេះ​រលាយ​នា​ស៊ី​បេ​រ៊ី សាស្ត្រាចារ្យ Anatoli Brouchkou បាន​រកឃើញ​មេរោគ​នេះ​ដាក់ឈ្មោះថា Bacillus F ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នាំមុខ​បាន​ប្រើ​មេរោគ​នេះ​ធ្វើតេស្ត​សាកល្បង​លើ​កណ្តុរ​, រុយ និង​កោសិកា​ឈាម​របស់​មនុស្ស​…. ដោយឡែក​តែ​សាស្ត្រាចារ្យ Anatoli Brouchkou បាន​សម្រេចយក​ខ្លួនឯង​លោក​ជា «​វត្ថុ​ពិសោធន៍​» ។​

​លោក​ប្រាប់ថាៈ «​ខ្ញុំ​ចាប់​ផ្តើមធ្វើ​កិច្ចការ​បាន​ច្រើនជាង​មុន ពិសេស​២​ឆ្នាំ​មកហើយ ដែល​ខ្ញុំ​ពុំមាន​គ្រុនផ្តាសាយ​ទេ ។ បន្ទាប់ពី​ការពិសោធន៍​ជោគជ័យ​លើ​កណ្តុរ និង​រុយ ខ្ញុំ​គិតថា ការយក​ខ្លួនឯង​មក​ធ្វើ​ពិសោធន៍​ពិតជា​អស្ចារ្យ​ជាង​» ។​

Anatoli Brouchkou នៅបាន​ឲ្យ​ដឹងថា លោក​បាន​រកឃើញ​វត្តមាន​នៃ​មេរោគ​នេះ នៅក្នុង​ទឹក​ជុំវិញ​តំបន់​ទឹកកក​នោះ ។ លោក​បន្ត​ការវិភាគ​ពន្យល់ថាៈ «​ទោះបីជា​យើង​នៅ​ពុំទាន់​ដឹង​ពីមុខ​ងារ​នៃ​មេរោគ​នេះ វា​បែបណា​ទេ ។ ជា​ឧទាហរណ៍ គឺ​យើង​នៅ​ពុំទាន់​ដឹងថា ថ្នាំ​អាស្ពីរីន​មាន​ប្រសិទ្ធ​ភាពជាក់ស្តែង​បែបណា​នៅឡើយ​ទេ តែ​ជាក់​ជាក់ស្តែង យើង​ដឹងថា វា​មាន​ប្រសិទ្ធភាព ។ ដូចគ្នានេះដែរ គឺ​យើង​ពុំទាន់​ដឹង​មុខងារ​របស់​មេរោគ​នេះ​មែន តែ​យើង​បាន​សម្លឹង​ឃើញ​លទ្ធផល​វា​» ។​

​លោក​ក៏​សារភាពថាៈ យើង​គប្បី​ប្រើ​បរិក្ខារ​ឯកទេស ដើម្បី​ដំណើរការ​សិក្សា​តាម​លំដាប់លំដោយ​លើ​មនុស្ស ដើម្បី​រកមើល​ប្រតិកម្ម​បន្ទាប់បន្សំ​របស់​វា ។ ប្រសិនបើ​យើង​រកឃើញ​រូបភាព​នៃ​ការ​ឋិតថេរ​មានជីវិត​របស់​មេរោគ​នេះ អាច​និយាយថា យើង​នឹង​រកឃើញ​វិធីសាស្ត្រ​អូសបន្លាយ​វ័យ​របស់​មនុស្ស ។​

​មេរោគ​នេះ​អាច​ព្យាបាល​ជំងឺ​ដល់​រុក្ខជាតិ​

​វា​នៅ​ជួយ​ឲ្យ​កណ្តុរ​ចំណាស់​លែងមាន​សមត្ថភាព​បន្ត​ពូជ​បង្កើតកូន អាច​ស្តារឡើងវិញ​បាន​នូវ​លទ្ធភាប​នេះ ។​

​សាស្ត្រាចារ្យ Anatoli Brouchkou សរុប​ថាៈ ខ្ញុំ​ជើង​ថា មេរោគ​អមតៈ​ពិតជា​មាន ។ ពួកវា​ពុំ​អាច​ស្លាប់​បាន ឬ និយាយ​ឲ្យ​សុ​ក្រិត​នោះ គឺ​វា​អាច​ស្វ័យការពារ​ខ្លួន​វា​បាន ។ កោសិកា​របស់​មនុ​ស្សប​ច្ចុ​ប្បន្ន នៅ​ពុំ​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​រង​ការ «​ខាតបង់​» តែ​ចំពោះ​មេរោគ​នេះ​គឺ «​អាច​» ។​

​ប្រសិនបើ​យើង​រកឃើញ​យន្តការ​ប្រឆាំង​នឹង​ការរង​របួស និង​ការវិវត្តន៍​នៃ​ភាពចំណាស់​របស់​វា ហើយ​យក​វា​មក​ប្រើ​ដើម្បី​ប្រឆាំងនឹង​ភាពចំណាស់​លើ​មនុស្ស ពិតជា​សមិទ្ធិផល​អស្ចារ្យ​មួយ​ដែរ ៕​