ភ្នំពេញ: នៅក្នុង​វេទិកា​អបអរសាទរ​ការ​ទទួល​ស្គាល់​ប្រាសាទ​សំបូរ​ព្រៃគុក​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ពហុកីឡដ្ឋាន​ជាតិ​​អូឡាំពិក​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ដោយ​សង្កត់​ធ្ងន់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ចាំបាច់​មើល​ឲ្យ​ឃើញ​អំពី​កត្តា​ដឹកនាំ​របស់​គណបក្ស​នយោបាយ​ដែល​អវត្តមាន​មិន​ហ៊ាន​និយាយ​ស្វាគមន៍​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ជាតិ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​តើ​បក្ស​នយោបាយ​ណា​ទៅ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ​ពេល​សន្តិភាព​ត្រូវ​បាត់បង់ អ្វីៗ​ក៏​ត្រូវ​បំផ្លាញ​។ នយោបាយ​មើល​ស្រាល​ចំពោះ​វប្បធម៌​សូម្បី​ពាក្យ​មួយ​ម៉ាត់​ស្វាគមន៍​នូវ​កិច្ច​ចូលរួម​នៃ​វត្តមាន​តំបន់​សំបូរ​ព្រៃគុក​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក​មិន​ព្រម​ធ្វើ​ផង​នោះ​តើ​វា​ស័ក្តិសម​ជា​បក្ស​ដែល​គួរ​កាន់​អំណាច​ ឬ​ដឹកនាំ​ប្រជារាស្ត្រ​ខ្មែរ​ឬ​ទេ​? ត្រូវ​ចងចាំ​ចំណុច​មិន​ត្រឹម​ពូកែ​និយាយ​ទេ​តែ​ត្រូវ​ធ្វើ​សកម្មភាព​ជាក់ស្ដែង​។ មិនមែន​ខ្ញុំ​យក​វេទិកា​នេះ​វ៉ៃ​ប្រហារ​នរណា​ទេ មាន​បក្ស​នយោបាយ​ជាច្រើន​ដែល​បាន​បញ្ជូន​សារ មាន​ការ​បញ្ជូន​សារ​ដោយ​ឡែក​មក​កាន់​វ៉ាត្សអាប់ របស់​ខ្ញុំ និង​មាន​ការ​បញ្ជូន​សារ​មក​ជូន​ ប៉ុន្តែ​ក៏​អវត្តមាន​នៃ​បក្សនយោបាយ​ ឬ​សង្គម​ស៊ីវិល​ខ្លះ​ដែល​គេ​មិន​ហ៊ាន​ទាំង​និយាយ​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ជាតិ​ផង​នោះ​ក្នុង​ចំណុច​នេះ​ខ្ញុំ​សុំ​ឲ្យ​​មើល​ឲ្យ​ច្បាស់​នូវ​តួនាទី​នៃ​បក្ស​ដឹកនាំ​រដ្ឋ​តើ​មាន​លទ្ធភាព​ធ្វើ​កិច្ចការ​បែប​នេះ​ឬ​ទេ​?»​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​ការ​គាំទ្រ​ពី​ប្រជាជន​ដោយ​ការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឲ្យ​ដឹកនាំ​ប្រទេស​រៀងរហូត​មក ដូច្នេះ​នៅ​ក្នុង​អាណត្តិ​ទី​ ៤ ​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​នៅក្នុង​ដំណាក់កាល​នៃ​ការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​ ២០០៨ អាណត្តិ​ទី​ ៥ ​នេះ​យើង​ទទួល​ជោគជ័យ​សា​ជាថ្មី​ម្ដង​ទៀត​ទៅ​លើ​ការ​ដាក់​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​នេះ​គឺជា​ការ​គាំទ្រ​របស់​ប្រជាជន​ចំពោះ​គណបក្ស​ប្រជាជន​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​»​។

យោង​តាម Fresh News ដែល​បាន​ចេញ​ផ្សាយ​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​មហាជន ជាពិសេស​បុរស​ខ្លាំង​តេជោ សែន នៅ​ថ្ងៃ​ទី​ ១៧ កក្កដា ២០១៧ ​នេះ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​គាំទ្រ​ចំពោះ​ការ​ដាក់​បញ្ចូល «​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជា​លក្ខណៈ​បុគ្គល​លោក​ផ្ទាល់​ដោយ​មិន​បង្ហាញ​ជំហរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

ចំណុច​នេះ​ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា​អាច​ជា​ការ​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ​របស់​លោក​តែ​ប៉ុណ្ណោះ​នោះ​គឺ​បុរស​ខ្លាំង​តេជោ សែន ​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​ផង​ដែរ​តែ​មិន​អាច​ទាក់ទង​បាន​ក្នុង​ការ​សុំ​អត្ថាធិប្បាយ​នោះ​ទេ​។

លោក ហ៊ុន សែន រួម​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ម្សិលមិញ​ដើម្បី​អបអរសាទរ​ដោយ​មាន​ការ​លើក​ទង់ជាតិ​ និង​ទង់​យូណេស្កូ​ដោយ​មោទនភាព​ក្នុង​ការ​ទទួល​ស្គាល់​ប្រាសាទ​សំបូរ​ព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

ទន្ទឹម​នឹង​នេះ​ផង​ដែរ លោក​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ពិនិត្យ​បន្ត​ទៀត​នូវ​ប្រាសាទ​បន្ទាយឆ្មារ ភ្នំ​គូលែន​និង​កន្លែង​ដទៃ​ទៀត​។

ពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​អបអរ​ការ​ដាក់​ប្រាសាទ​សំបូរ​ព្រៃគុក​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក​កាលពី​យប់មិញ​។ ហុង មិនា

លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​​ចូលរួម​ការពារ​សម្បត្តិ​វប្បធម៌ ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស​ជំនាន់​មុន ហើយ​ភាព​ស៊ី​ចង្វាក់​រវាង​ខាង​ក្នុង និង​ខាង​ក្រៅ​គឺជា​បញ្ហា​សំខាន់​ខ្លាំង​ណាស់​ដែល​ផ្ដល់​ឱកាស​សម្រាប់​ការ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​មិនមែន​ដោយសារ​តែ​ពូកែ​ខាង​ឡបប៊ី​ទេ​។

លោក​ថ្លែង​ថា​៖ «​សង្ឃឹម​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​នេះ​គឺ​ដោយសារ​ដូនតា​យើង​បន្សល់​ទុក​ឲ្យ​យើង ដូនតា​យើង​បាន​ប្រឹង​កសាង ព្រះរាជា​គ្រប់​ជំនាន់​បាន​ដឹកនាំ​កសាង​ជាមួយ និង​បុព្វបុរស​ជាតិ​របស់​យើង យើង​ជា​អ្នក​ជំនាន់​ក្រោយ​ការពារ​មិន​បាន​គឺជា​កូន​អកតញ្ញូ យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើ​ជា​កូន​កតញ្ញូ​។ ហេតុអ្វី​ដែល​យើង​បាន​ទទួល​ជោគជ័យ​ក្នុង​ការងារ​ដែល​យើង​បាន​រួម​គ្នា​ធ្វើ​ពិធី​អបអរសាទរ​នៅ​ទី​នេះ​ប្រទេស​មួយ​ចំនួន​បាន​ដាក់​ស្នើ​យូណេស្កូ​ ២០ ​ឬ​ ៣០ ​ឆ្នាំ​រួច​មក​ហើយ​តែ​មិន​ទាន់​បាន​អនុម័ត​ទទួល​ស្គាល់​នោះ​ទេ ក៏​ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា​ដាក់​មួយ​បាន​មួយ​ដាក់​ពីរ​បាន​ពីរ ដាក់​បី​បាន​បី ខ្ញុំ​សុំ​លើក​នៅ​ទី​នេះ​ដោយ​សង្កត់​ធ្ងន់​លើ​ចង្កោម​បញ្ហា​នៃ​ទិដ្ឋភាព​នយោបាយ សង្គម​ផង​ដែរ ដំបូង​បំផុត​វត្តមាន​នៃ​សន្តិភាព​ និង​ឯកភាព​ទឹកដី​ជំនួស​ឲ្យ​សង្គ្រាម​ និង​ការ​បែកបាក់​ពី​អតីតកាល ចំណុច​នេះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដែល​បាន​ផ្ដល់​ឲ្យ​យើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ វា​បាន​ផ្ដល់​ឱកាស​បែប​នេះ​សម្រាប់​យើង​»​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​បញ្ហា​បេតិកភណ្ឌ វប្បធម៌ និង​សិល្បៈ​មិនមែន​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ទេ ក៏​ប៉ុន្តែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​សេដ្ឋកិច្ច​សង្គម​ផង​ដែរ ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ឲ្យ​មាន​ស្ថានភាព​ពី​សូន្យ​ទេសចរ​មក​ដល់​ជាង​ ៥ ​លាន​ទេសចរ​រួច​ស្រេច​ទៅ​ហើយ​តាមរយៈ​ការ​ប្រើប្រាស់​នូវ​សម្បត្តិ​ដែល​ដូនតា​បាន​បន្សល់​ទុក​ហើយ​កំណើន​សេដ្ឋកិច្ច​ដ៏ធំធេង​ក៏​បាន​មួយ​ភាគ​ធំ​មកពី​ទេសចរ​ដែល​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ បង្កើត​ការងារ​ និង​មុខរបរ​សម្រាប់​ប្រជាពលរដ្ឋ​ជា​ការ​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​។

ប្រាសាទ​សំបូរ​ព្រៃគុក​ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ៤១ របស់​ខ្លួន​នៅ​ក្រុង Krakow ប្រទេស​ ប៉ូឡូញ ​កាលពី​ថ្ងៃ​ទី​ ៨ កក្កដា ឆ្នាំ ២០១៧ ដែល​ជា​ប្រាសាទ​ទី​ ៣ ត្រូវ​បាន​អង្គការ​យូណេស្កូ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​បន្ទាប់ពី​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ព្រះវិហារ​។

តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​គឺជា​តំបន់​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ មាន​ចម្ងាយ​ ២៥ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​នេះ​។ ខេត្ត​នេះ​មាន​ទីតាំង​នៅ​ចំណុច​កណ្ដាល​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ប្រាំ​ដែល​ព័ទ្ធ​ជុំវិញ​បឹង​ទន្លេសាប​៕ ប្រភព៖ m.postkhmer