បុរស​​ជាប្តីម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ប្រឈម​ទោស​ជាប់គុក​អស់​មួយជីវិត ក្នុងករណី​កាត់​ម្រាមដៃ​ប្រពន្ធ​របស់ខ្លួន ព្រោះតែ​ខឹងរឿង​ប្រពន្ធទៅរៀន​នៅមហាវិទ្យាល័យ​ ដោយ​គ្មាន​ការ​ការ​អនុញ្ញាត​ពីខ្លួន។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ Hawa Akther Ju អាយុ ២១ ឆ្នាំ រស់នៅ Dhaka ប្រទេស​បង់​ក្លា​ដេ​ស បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ខណៈ​ប្តី​របស់​នាង​ឈ្មោះ Rafiqul Islam អាយុ ៣០ ឆ្នាំ ជា​ពលករ​ចំណាកស្រុក ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​អារ៉ាប់​រួម ។​

Islam បាន​ព្រមាន​ប្រពន្ធ​ថា កុំ​ឲ្យ​ទៅ​មហាវិទ្យាល័យ ប៉ុន្តែ នាង​បាន​ពុំបាន​ធ្វើតាម​នោះទេ ។​

​នៅពេល Islam បាន​វិល​ត្រឡប់មកផ្ទះ​វិញ គាត់​បាន​ប្រាប់​ប្រពន្ធ​ថា គាត់​នឹងមាន​កាដូ Surprise ដល់​នាង ។ នៅពេលនោះ Islam បាន​ចង​បិទមុខ​ប្រពន្ធ ហើយ​បាន​ប្រាប់​នាង​លាដៃ ដើម្បី​គាត់​អាច​ជូន​កាដូ ។​

​ទោះយ៉ាងណា ជំនួស​នូវ​ការ​ឲ្យ​កាដូ ប្តី​កំណាច​រូបនេះ រួមជាមួយ​បងប្អូន​ជីដូនមួយ បាន​ចាប់​កាត់​ម្រាមដៃ​ស្តាំ​ទាំង​៥ របស់​ប្រពន្ធ​ជាមួយ​កាំបិត ។​

​សាច់ញាតិ​បន្ទាប់មក បាន​យក​ម្រាម​រងរបួស​ទាំង​នោះ​ចេញពី​កន្លែងកើតហេតុ ដើម្បី​រំពឹងថា វេជ្ជបណ្ឌិត​អា​ចត​ភ្ជាប់​ឡើងវិញ​បាន ។​

​ឥឡូវនេះ នាង Akhter បាន​និយាយ​រឿងហេតុ​នៃ​ការវាយប្រហារ​ទៅកាន់​អ្នកសារព័ត៌មាន​ជា​សាធារណៈ​ថា​៖ នាង​បាន​វិលត្រឡប់​ទៅកាន់​ផ្ទះ​ឪពុកម្តាយ​របស់​នាង​វិញ​ហើយ និង​រៀន​សរសេរ​ដៃ​ឆ្វេង ដើម្បី​នាង​អាច​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នឹង​គេ ថ្វីបើ​ជួប​ទុក្ខ​រឿងរ៉ាវ​ដ៏​រន្ធត់​នេះ​ក្តី ។​

Akhter ចង់​ក្លាយជា​អ្នកច្បាប់​ម្នាក់ ។​

​មេប៉ូលីស​បង់​ក្លា​ដេ​ស លោក Mohammed Salahuddin និយាយថា Islam បាន​សារភាព​ចំពោះ​បទឧក្រិដ្ឋ​របស់ខ្លួន ។ លោក Salahuddin បន្តថា​៖ «Islam បាន​កើតរឿង​ប្រច័ណ្ឌ​ប្រពន្ធ ព្រោះតែ​គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៨ រីឯ​ប្រពន្ធ​ទៅ​រៀន​មហាវិទ្យាល័យ​» ។​

​ជា​លទ្ធផល Islam ត្រូវបាន​ចោទប្រកាន់​ប្រើ​អំពើហិង្សា​បណ្តាល​ឲ្យ​ខូច​ទ្រង់ទ្រាយ​មនុស្ស​ម្នាក់​ជា​រៀងរហូត ខណៈ​ក្រុម​សិទ្ធមនុស្ស​ទាំង​ឲ្យ​ច្បាប់​កាត់ទោស​ជន​រូបនេះ​ជាប់គុក​អស់​មួយជីវិត ៕​