ដោយសារ​អាណិត​ស្រឡាញ់​ម្តាយ​ដែល​កំពុង​ឈឺ​ក្រោក​មិន​រួច​ពី​គ្រែ អស់​រយៈពេល ២០ ឆ្នាំ កូនប្រុស​ម្នាក់​បាន​តែង​ខ្លួន​ធ្វើជា​ស្រី ដើម្បី​មើលថែទាំ​ម្តាយ ដោយសារតែ​មូលហេតុ​ដ៏​ពិ​សេសមួយ ។​

​សេចក្តីស្រឡាញ់​របស់​មា​តា​ចំពោះ​កូន គឺ​មិនអាច​គណនា​បាន និង​មាន​អត្ថន័យ​បំផុត ក្នុង​ជីវិត​មនុស្ស​ស្រី​ម្នាក់ៗ ។ មាតា​ពុំ​ប្រាថ្នា​ទ្រព្យសម្បត្តិ​មានតម្លៃ​អ្វី​ពី​កូន​ឡើយ គឺ​គ្រាន់តែ​ចង់​មានកូន​ម្នាក់​ដែល​កតញ្ញូ យល់​សុខទុក្ខ​ក្នុង​ជីវិត​របស់គាត់ ។ ដូចជា​មាតា​ក្នុង​រឿង​ខាងក្រោម​នេះ ទោះបី​មាន​ជំងឺ​គេង​មួយកន្លែង​ក្រោក​ពុំរួច តែ​គាត់​ក៏​ស្ងប់ចិត្ត​ពេល​ដឹង​ពី​មនោសញ្ចេតនា​របស់​កូនប្រុស​ដែលមាន​ចំពោះ​គាត់ ។​

​នៅ​ខេត្ត ក្វាង​ស៊ី ប្រទេស​ចិន មានគ្រួសារ​មួយ​មាន​គ្នា ៣ នាក់ គឺ​ម្តាយ និង​កូនប្រុស​ស្រី ។ ប្រមាណ​ជា ២០ ឆ្នាំ មុន ពេលដែល​កូនស្រី​ស្លាប់​ដោយ​ចៃដន្យ​, ស្ត្រី​ជា​ម្តាយ​កើតទុក្ខ​ក្រែ​លែង រៀងរាល់​យប់​ថ្ងៃ គាត់​យំ​នឹករលឹក​ទៅដល់​កូនស្រី ។ ផ្ទះ​ដែលមាន​គ្នា​តិច​ស្រាប់ កាន់តែ​កណ្តោចកណ្តែង​ទៅទៀត ។ ២-៣ ឆ្នាំ ក្រោយ​ម្តាយ​ចាប់ផ្តើម​មាន​សញ្ញា​របស់​ជំងឺ​ចាស់ជរា ។

ដោយ​ឃើញ​ម្តាយ​ឈឺ​ធ្ងន់ ហើយ​នៅតែ​នឹករលឹក​ដល់​កូនស្រី​គ្មាន​ថ្ងៃ​ភ្លេច កូនប្រុស​របស់គាត់​បា​នស​ម្រេច​ត្រូវធ្វើ​អ្វីមួយ ដើម្បី​ជួយ​ម្តាយ ។ ដោយ​មិន​ខ្វល់​នឹង​ពាក្យរិះគន់ សើចចំអក របស់​អ្នកជិតខាង គាត់​សម្រេច​ប្តូ​ទៅប្រើ​ខោអាវ​ស្រី​ដូចជា​បងស្រី​របស់ខ្លួន​ឧស្សាហ៍​ស្លៀកពាក់ និង​ទុក​សក់វែង ។ ដោយសារ​មានការ​ចងចាំ​មិនបាន​ល្អ ម្តាយ​របស់គាត់​បាន​ជឿថា នោះ​ជា​កូនស្រី​ត្រឡប់​មើលថែទាំ​ខ្លួន​វិញ ។​

​ឥឡូវនេះ ក្រោយ​រយៈពេល​ជាង ២០ ឆ្នាំ​, បុរស​រូបនេះ ឲ្យ​ដឹងថា គាត់​ពុំមាន​ខោអាវ​ប្រុស​មួយណា​សោះ​នៅក្នុង​ទូ ។​

«​ម្តាយ​របស់ខ្ញុំ​សប្បាយចិត្ត​ណាស់ ហេតុនេះ ខ្ញុំ​នឹង​នៅតែ​បន្តធ្វើ​ដូចនេះ​ទៀត ។ ខ្ញុំ​ហាក់ដូច​មានជីវិត​ដូចជា​មនុស្ស​ស្រី​ម្នាក់ ចាប់តាំងពី​ពេលនោះ​», កូនប្រុស​និយាយ ។​

​ជូន​កាល លោកយាយ​ក៏​ដឹងថា នោះ​ជា​កូនប្រុស​ក្លែង​ធ្វើជា​ស្រី​ដែរ ។ ប៉ុន្តែ លោកយាយ​នៅតែ​សប្បាយចិត្ត មាន​សុភមង្គល ដោយ​សម្លឹងមើល​កូន​ក្នុង​ក្រសែភ្នែក​ពោរពេញ​ដោយ​ព្រហ្ម​វិហារធម៌ ។​

​កូនប្រុស​ឲ្យ​ដឹងថា គាត់​មិន​ចាប់អារម្មណ៍​ដល់​ការនិយាយ​ខ្សឹបខ្សៀវ សើចចំអក​របស់​អ្នកដទៃ ។ អ្វីៗ​ទាំងអស់​ដែល​គាត់​ធ្វើ គឺ​ដើម្បី​ម្តាយ​របស់គាត់ ។ ប្រសិន​មិន​ធ្វើ​ដូច្នេះ​ទេ អាច​ម្តាយ​គាត់​បាន​លាចាក​លោក តាំងពី​យូរ ដោយសារ​ការឈឺចាប់​ប​ណ្តា​លពី​ការ​នឹករលឹក​កូនស្រី ៕