ព្រោះតែ​ទង្វើរ​គ្មាន​ការទទួលខុសត្រូវ​ធ្វេសប្រហែស តាំងពី ៣០ ឆ្នាំ មុន ធ្វើ​ឲ្យ​នារី​២​នាក់ បាន​ប្តូរ​វាសនា​គ្នាៈ ម្នាក់​បាន​រៀនសូត្រ​មាន​អនាគត រីឯ​ម្នាក់ទៀត​ក្លាយជា​ក្មេង​កំព្រា​ដើរ​សុំទាន ។​

Loading...

​តាម Mirror នៅ​ឆ្នាំ​១៩៨៧ អ្នកស្រី Zoya Tuganova (​បច្ចុប្បន្ន ៧០ ឆ្នាំ​) បាន​សំរាល​កូនស្រី​ម្នាក់​នៅ​មន្ទីរពេទ្យ Chelyabinsk Oblast ប្រទេស​រុស្ស៊ី ។ គាត់​បានឃើញ​ទារិកា​នេះ​មាន​សក់​ពណ៌​ទង់ដែង សម្បុរ​សស្គុះ ភ្នែក​ធំៗ ។ ប៉ុន្តែ នៅពេលដែល​ឆ្មប​នាំយក​កូន​ឲ្យ​គាត់ៗ ឃើញ​វា​ជា​ទារិកា​មួយ​ផ្សេង​ទៅវិញ ។​

​អ្នកស្រី Zoya រម្លឹកថាៈ «​ពេលនោះ ខ្ញុំ​បាន​ស្រែក​ឡូឡា ហើយ​ជេរ​ស្តី​យ៉ាងខ្លាំង ប៉ុន្តែ ពួក​គ្រូពេទ្យ​បាន​អះអាងថា ខ្ញុំ​ភ័ន្តច្រឡំ និង​គំរាម​យក​ខ្ញុំ​ទៅពិនិត្យ​សរសៃប្រសាទ​» ។​

​ពេលឮ​សូរ​ពួក​គ្រូពេទ្យ​សម្លុត​បែបនេះ គាត់​មានការ​ភ័យខ្លាច (​ជំនាន់​ក​ម្មុយ​និ​ស្ត​) ព្រោះ​វា​អាចធ្វើ​ឲ្យ​គាត់​បាត់បង់​ការងារ ។ ទោះបីជា​នៅក្នុង​ចិត្ត​របស់គាត់​នៅ​បង្កប់​នូវ​ភាពមន្ទិលសង្ស័យ តែ​គាត់​បាន​នាំ Katya វិល​មក​ផ្ទះ ចិញ្ចឹម​បីបាច់​ដូច​កូនបង្កើត ។​

​គ្រានោះ គាត់​ពិតជា​មិនអាច​ដឹងថា កូនស្រី​បង្កើត​របស់គាត់ ដែល​គេ​ដាក់ឈ្មោះថា Lucia ត្រូវបាន​ប្រគល់​ឲ្យ​ស្ត្រី​ឈ្មោះ Elvira Tuligenova បាន​សំរាលកូន​ក្នុង​មន្ទីរពេទ្យ និង​ថ្ងៃ​តែមួយ​ជាមួយ​អ្នកស្រី​ផងដែរ ។​

អ្នកស្រី Zoya Tuganova

​ពេល​ឃើញ​កូនស្រី Lucia ភ្លាម បុរស​ជា​ឪពុក​អះអាងថា​នេះ ពុំមែន​ជា​កូន​របស់ខ្ញុំ ហើយ​សង្ស័យថា​ប្រពន្ធ​ផិតក្បត់ ។ បុរស​រូបនេះ​បាន​ខូចចិត្ត ព្រោះតែ​សង្ស័យ តែង​វាយតប់​ប្រពន្ធ​រហូតដល់​ថ្នាក់​បាន​ជ្រុលដៃ​សម្លាប់​អ្នកជិតខាង​ម្នាក់​ដែល​គិតថា​សា​ហាយ​របស់​ភរិយា​ខ្លួន ។ ចុងក្រោយ ក៏​ជាប់គុក ។​

​រីឯ​ភរិយា​អ្នកស្រី Elvira ព្រោះតែ​រង​នូវ​ភាពអយុត្តិធម៌ និង​អាម៉ាស ក៏​គិតតែ​ពី​ផឹកស្រាៗ រហូតដល់​ស្លាប់ ។ Lucia ត្រូវ​ក្លាយជា​អ្នកសុំទាន ដើម្បី​អាហារ​ប្រចាំថ្ងៃ រហូត​ដល់ពេល​អាយុ ១៣ ឆ្នាំ គ្រា​ម្តាយ​ស្លាប់ ទើប​នាង និង​បងប្អូន​ត្រូវ​រដ្ឋអំណាច​ប្រគល់​ឲ្យ​មន្ទីរ​កុមារកំព្រា ។​

​ពិតណាស់​! ទង្វើ​គ្មាន​ការទទួលខុសត្រូវ បានធ្វើ​ឲ្យ​គ្រួសារ​២​ត្រូវ​វិនាស គ្មាន​សេចក្តីសុខ ។ ក្មេងស្រី​២​នាក់ ម្នាក់​បានរស់នៅ​ក្នុង​ភាពមានបាន មានការ​រៀនសូត្រ និង​របរ​ចិញ្ចឹមជីវិត ។ រីឯ​ម្នាក់ទៀត គ្រួសារ​ត្រូវ​ខ្ចាត់ខ្ចាយ ក្លាយជា​អ្នកសុំទាន រួច​ចូល​មន្ទីរ​កុមារកំព្រា ។​

​ថ្ងៃមួយ អ្នកស្រី Zoya បាន​មើល​ទូរទស្សន៍​ឃើញ​មានរឿង​ទារក​២ ដែល​គេ​ច្រឡំ​ពេល​ប្រគល់​ឲ្យ​ម្តាយ ។ ភាពមន្ទិលសង្ស័យ​កប់​ទុក​ក្នុង​ទ្រូង​បាន «​ផ្ទុះ​» ឡើង​សារជាថ្មី ។​

​គាត់​ក៏​រ៉ាយរ៉ាប់​ប្រាប់ Katya Tuganova (​ដែល​ពុំមែន​ជា​កូនបង្កើត​) ហើយ​ចាប់ផ្តើម​ធ្វើការ​ស៊ើប​បញ្ជាក់ ។ តាម​ព័ត៌មាន​ដែល​ទទួលបាន​គាត់​រកឃើញ Lucia ។ តេស្ត​វិភាគ ADN បាន​ស្រាយ​ការមន្ទិលសង្ស័យ ៣០ ឆ្នាំ មកនេះ គឺ Lucia ទើប​ជា​កូនបង្កើត​របស់​អ្នកស្រី Zoya ។​

​ពេលនេះ ក្រុមគ្រូពេទ្យ និង​មន្ទីរពេទ្យ កំពុង​ប្រឈមមុខ​ជាមួយ​បណ្តឹង​របស់​អ្នកស្រី Zoya ផង ហើយក៏​រង​នូវ​ការ​ថ្កោលទោស​ពី​សំណាក់​សហគមន៍​តាមរ​យៈ​បណ្តាញ​សង្គម​ផង ។​

​ណ្ហើយចុះ​! បើ​ជ្រុល​ជា​សាប​ខ្យល់​ហើយ គប្បី​ទ្រាំ​ច្រូត​យក​ព្យុះ​ទៅ​!​

អ្នកស្រី Zoya Tuganova និងស្វាមី

Katya Tuganova

Lucia