លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នៅ​ព្រឹក​មិញ​នេះ​ថា តាមរយៈ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ​គាំទ្រ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កម្ពុជា​នឹងដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ធុន​ស្រាល ចេញពី​ស្ថានីយ៍​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ ។​

​លោក ស៊ុន ចាន់ថុល ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​បានដឹងថា សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់ និង​កុំ​មានការ​ព្រួយបារម្ភ ចំពោះ​ការសាងសង់​ផ្លូវ​រថភ្លើង​នេះ ព្រោះ​ក្រសួង​បាន​សិក្សា​ម៉ត់ចត់​រួចហើយ ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន ឬ​រំខាន​ការរស់នៅ​របស់​បងប្អូន​នោះទេ ។ ផ្ទុយទៅវិញ រថភ្លើង​នេះ​អាចជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ហើយ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​ព្រលានយន្តហោះ ក៏​អាចធ្វើ​ដំណើរ​តាមផ្លូវ​រថភ្លើង​ធុន​ស្រាល​នេះ មក​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​ងាយស្រួល​ផងដែរ ដោយ​ចំណាយ​រយៈពេល​ពី ២០ ទៅ ២៥ នាទី យ៉ាងយូរ ។​

​តាម​លោក​ទេសរដ្ឋមន្ត្រី ឥឡូវនេះ ផ្លូវ​រថភ្លើង​នេះ​បាន​កំពុង​សាងសង់​ជា​បណ្តើរៗ​ហើយ និង​ទើបតែ​ប្រវែង​ជាង ២៥០ ម៉ែត្រ ដោយ​ធ្វើ​នៅពេល​យប់ ។​ ហើយបន្ទាប់ពីដាក់ឲ្យដំណើរការ ក្រសួងនឹងអនុញ្ញាតប្រជាពលរដ្ឋ ជិះធ្វើដំណើរទៅមកក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ១ខែ ។

​លោក ស៊ុន ចាន់ថុល លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​រថភ្លើង​ដឹក​អ្នកដំណើរ​ធុន​ស្រាល​នេះ វា​នឹង​ជួយ​សម្រួល​ដល់​អ្នក​ដែល​ធ្វើដំណើរ​ឡើង​យន្តហោះ មិន​ឲ្យខក​ជើងហោះហើរ ព្រោះតែ​ដោយសារ​មូលហេតុ បណ្តាលមកពី​ការកកស្ទះ​ចរាចរណ៍​នាពេល​បច្ចុប្បន្ននេះ ៕​