វា​គឺជា​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ផ្លូវ​ចុះ​ពីលើ​ភ្នំ នា​ខេត្ត ប៉ាក់​កាង ប្រទេស​វៀតណាម ។ ស្ថិតនៅ​ពីក្រោយ​រឿង​គ្រោះថ្នាក់​នេះ គឺ​ទឹកចិត្ត​របស់​បុរស​ជា​ប្តី​ចំពោះ​ប្រពន្ធ គួរ​ឲ្យ​រំភើប ។​

​ដំណើររឿង គឺ​ប្តី​ប្រពន្ធ​២​នាក់ បាន​ដឹក​ទឹក​សុទ្ធ​ចុះ​ពី​តំបន់​បឹង​ធំ​មួយ​លើ​ភ្នំ ។ មួយសន្ទុះ​ក្រោយ ស្រាប់តែ​រថយន្ត​បាន​ដាច់​ហ្វ្រាំង ។ សងខាង​ផ្លូវ គឺ​សុទ្ធសឹង​ដើមឈើ និង​ថ្មភ្នំ ។ នៅ​ខណៈពេល​អាសន្ន​បំផុត ឃើញ​វាល​មួយ បុរស​ជា​ប្តី​បាន​បើកទ្វារ​រថយន្ត ហើយ​ស្រែក​ខ្លាំងៗ «​អូន​! លោត​ចុះទៅៗ​!!» ។​

​គ្រាន់តែ​ប្រពន្ធ​លោត​ចុះ​ភ្លាម រថយន្ត​បាន​បុក​ចំ​បង្គោល​ស្លាក​សញ្ញា ។ បុរស​ជា​ប្តី​បាន​បើកទ្វារ​រត់​សំដៅ​មើល​ភរិយា ដែល​រងរបួស​បែកក្បាល កំពុង​ត្រូវបាន​យុវជន​មួយក្រុម​ជួយ​សែង​ទៅកាន់​ទី​សុវត្ថិភាព ។​

​សំណាងល្អ​ណាស់ ដែល​ពុំមាន​រឿងរ៉ាវ​អាក្រក់​កើតឡើង ។ អ្នក​ទាំង​២​សុទ្ធសឹង​មាន​របួស តែ​ពុំ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ។​

​អ្នកផង​មក​ចោមរោម ហើយ​សួរថាៈ ហេតុអ្វី​គ្រា​មាន​អាសន្ន​នោះ លោក​សម្រេចចិត្ត​ភ្លាមៗ​ថា​ឲ្យ​ប្រពន្ធ​លោត​ចុះ​? លោក​ពុំ​គិតពី​ជីវិត​របស់ខ្លួន​ទេ​ឬ​? ។ បុរស​រូបនេះ​ឆ្លើយ​តិចៗ​ទាំង​ទឹកភ្នែក​រលីងរលោង​ថាៈ បើ​ស្លាប់​ទាំង​២​នាក់ មាន​អ្នកណា​មើលថែ​ចិញ្ចឹម​កូនតូចៗ​២​នាក់​….. ! ។​

​ពិតណាស់​! វា​ជា​ជម្រើស​ដុស​ចេញពី​បេះដូង​ពិតៗ​!!!​