អ្នកឃ្លាំមើល​សង្គម​មួយចំនួន​ប្រចាំខេត្ត​កោះកុង បាន​រិះគន់​ទៅលើ​សកម្ម​ភាពចុះ​អនុវត្ត​ការងារ របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ខេត្តកោះកុង ថា​មាន​ភាព​ធូរ​លុង និង​បានអនុញ្ញាត​ឲ្យ​ឈ្មួញ ឬ​ពាណិជ្ជករ​ខ្មែរ​-​ថៃ អាច​នាំចូល​ទំនិញ​តាម​រថយន្ត និង​តាម​រទេះរុញ​ជាដើម ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ មិនបាន​ឆែកឆេរ ឬ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។

​លោក ញៀប សំអឿន មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំខេត្ត​កោះកុង បាន​កត់សម្គាល់ថា ទំនិញ​គ្រប់​ប្រភេទ​ទោះ​ដឹក​តាម​រទេះរុញ និង​រថយន្ត​ធំៗ​ក្តី នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ខេត្តកោះកុង គឺ​ភាគច្រើន​មិនឃើញ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ ឲ្យ​ដឹងថា មានពេលខ្លះ​មាន​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ ឆ្លងកាត់​ព្រំដែន​ចាំ​យាម​ចូលមក​ទឹកដី​កម្ពុជា បាន​ចុះ​បង់លុយ ជូន​មន្ត្រី​ជំនាញ​មួយចំនួន ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម វា​ជាការ​ស្រេច ហើយ​អាច​បើករថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​មក​ឆែកឆេរ ឬ​មក​ត្រួតពិនិត្យ​ទំនិញ​ដឹក​នៅលើ​រថយន្ត​ទាំង​នោះទេ​។

​បញ្ហា​នេះដែរ លោក អ៊ិន គង់​ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ ប្រចាំខេត្ត​កោះកុង ក៏បាន​ស្នើ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ត្រួតពិនិត្យ​ការនាំ​ទំនិញ​ពី​ប្រទេស​ថៃ ចូលមក​ទីផ្សារ​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ស្នើ​ឲ្យ​ជួយ​ពង្រឹង​សកម្ម​ភាពចុះ​ត្រូវ​ពិនិត្យ​ទំនិញ​នាំចូល​គ្រប់​ប្រភេទ ឲ្យ​បាន​ប្រសើរ​ជាង​រាល់ថ្ងៃនេះ​។

​លោក គង់​ជិត កត់សម្គាល់ថា រាល់ថ្ងៃនេះ ឃើញ​មាន​ម្ចាស់​ទំនិញ​ដែល​ដឹក​តាម​រទេះរុញ និង​រថយន្ត​ធំៗ​នាំចូល​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង គឺ​សមត្ថកិច្ច​បាន​ពិនិត្យ​តែ​ទៅលើ​លិខិតស្នាម ជាពិសេស​បានទទួល​យក​លុយ ដែល​ឈ្មួញ ឬ​ម្ចាស់​ទំនិញ បាន​ចូលមក​បង់​ជូន​មន្ត្រី​ស្ថាប័ន​នីមួយៗ ដែល​ប្រចាំការ​នៅ​ច្រកព្រំដែន​ចាំ​យាម​តែប៉ុណ្ណោះ ដោយ​ភាគច្រើន មិនឃើញ​មន្ត្រី​ជំនាញ​ស្ថាប័ន​នីមួយៗ ចុះមក​ត្រួតពិនិត្យ​ទំនិញ​ដឹក​តាម​រទេះ និង​ទំនិញ​ដឹក​នៅលើ​រថយន្ត​ទាំង​នោះទេ​។

​ផ្តើម​ពី​បញ្ហា​នេះ លោក ញៀប សំអឿន មន្ត្រី​សម្របសម្រួល​សមាគម​អា​ហុក និង​លោក អ៊ិន គង់​ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លី​កាដូ ប្រចាំខេត្ត​កោះកុង បានស្នើ​ដល់ លោក ងុ​យ ជៀង ប្រធាន​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ខេត្តកោះកុង និង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកោះកុង​ជាដើម ស្នើ​ឲ្យ​ជួយ​សហការគ្នា​ជា​មួ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ជួយ​ពង្រឹង​ការត្រួតពិនិត្យ​ការនាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ឲ្យ​បាន​ប្រសើរ​ជាង​ពេលបច្ចុប្បន្ន ដើម្បី​ឈានដល់​រួមចំណែក​ទប់ស្កាត់​ការ​នាំចូល​ទំនិញ​ខូចគុណភាព ឬ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ឈានដល់​ជួយ​រក្សា​សុខភាព​ជូន​ប្រជាពលរដ្ឋ ឲ្យ​ស្របតាម​ការចង់បាន របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ឲ្យ​អនុវត្ត ត្រូវ​រួមគ្នា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។

​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្តកោះកុង ទទូច​ស្នើ​ដល់​មន្ត្រី​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម រួមមាន​៖ លោក​ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​ថៃ ចាំ​យាម ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ពិសេស​លោកស្រី ភូ​ថង មិថុនា អភិបាលខេត្ត​កោះកុង ស្នើ​ឲ្យ​ជួយ​យកចិត្តទុកដាក់ ទៅលើ​ការត្រួតពិនិត្យ​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រកព្រំដែន​ចាំ​យាម ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ឲ្យ​ប្រាកដថា រាល់​មុខទំនិញ​ដែល​នាំ​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកព្រំដែន​នេះ ត្រូវ​ឲ្យ​មានគុណ​ភាព និង​មិនមាន​សារធាតុ​គីមី​ដាក់​នៅលើ​មុខទំនិញ​នានា ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​កម្ពុ​ជានា​ថ្ងៃ​អនាគត​ទៀត​ទេ​។​

​ទាក់ទិន​បញ្ហា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ជា​បន្តបន្ទាប់​មកនេះ បានចេញ​សេចក្ដីជូនដំណឹង​ទៅ​មន្ត្រីក្រោមឱវាទ របស់ខ្លួន នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត ធ្វើយ៉ាងណា​ឲ្យ​បង្កើន​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ការ​នាំចូល​ទំនិញ​តាម​ច្រកទ្វារព្រំដែន​នានា និង​ទំនិញ​ដាក់លក់​នៅលើ​ទីផ្សារ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ឲ្យ​បានជា​ប្រចាំ ដើម្បី​ទប់ស្កាត់​ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ឈានដល់​ជួយ​ថែរក្សា​សុខភាព របស់​ប្រជាពលរដ្ឋ ឲ្យ​ស្របតាម​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល បានដាក់​ឲ្យ​អនុវត្ត​នៅ​ទូទាំងប្រទេស​។

​ព្រម​គ្នា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ផ្តល់ព័ត៌មាន បើ​សង្ស័យថា មាន​ទីតាំង​ណាមួយ ឬ​មាន​ករណី​ចំណីអាហារ ដែល​ពុំមាន​សុវត្ថិភាព​ត្រូវគេ​ដាក់លក់​នៅលើ​ទីផ្សារ និង​មាន​បញ្ហា​ពុល​ចំណីអាហារ​ផ្សេងៗ​ជាដើម តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០៩៦ ៨២៩ ៧៨៧៨- ០៩៧ ៧៨៨ ៦១១១- ០១២ ២៣៣ ២៦២- ០១២ ៨៥០ ១០៥ – ០១២ ៨៧០ ០៧៦ និង​លេខ ០១២ ៤៤៥ ៥៦២ ជាដើម​៕ ខ្មែរ​ស្ថាបនា​

អ្នកបើកឡានដឹកទំនិញថៃម្នាក់នេះកំពុងហយចលុយអោយមន្ត្រីប្រចាំការនៅច្រកចាំយាម