ថ្មីៗ​នេះ Colombia បាន​អំពាវនាវ​ឲ្យ​មានការ​រួមដៃគ្នា​ដើម្បី​ស្ទួ​ច​យក​ឃ្លាំង​ទ្រព្យ​ត្រូវគេ «​បំភ្លេច​» ពី​នាវា​មួយ​ដែល​លិច ហើយ​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ​២០១៥ ក្នុង​តំបន់​សមុទ្រ Caribe ។​ ហើយ​នាវា​អាថ៌កំបាំង​ដែល​បាន​រកឃើញ​នៅ​ឆ្នាំ​២០១៥ នេះ ត្រូវបាន​សន្និដ្ឋានថា មាន​ផ្ទុក​ទ្រព្យ​មហាសាល​ប្រមាណ ១០.០០០ លាន​ដុល្លារ ។​

​នាវា​មានឈ្មោះ San Jose ជា​របស់​ស្តេច Philip (​អេស្បាញ​) ដែល​បាន​ដឹក​កាំភ្លើង​ធំ​ធ្វើ​ពី​ស្ពាន់ ៦៤ ដើម ត្រូវបាន​លិច​នៅក្នុង​សមុទ្រ​របស់ Colombia នា​ឆ្នាំ​១៧០៨ បន្ទាប់ពី​ការប្រយុទ្ធ​មួយ​ជាមួយ​ទ័ពជើងទឹក ប្រទេស​អង់គ្លេស ។ ឆាកប្រយុទ្ធ​នៅពេលនេះ ពិតជា​សាហាវ ដែល​ចុងបញ្ចប់​មាន​សល់​អ្នក​រស់រានមានជីវិត ៣ ទៅ ៤ នាក់ ប៉ុណ្ណោះ ក្នុងចំណោម​កម្លាំង​ជាង ៦០០ នាក់ ។​

​ប្រធានាធិបតី Colombia Juan Manuel Stantos បច្ចុប្បន្ន ចង់​សហការ​ជាមួយ​វិនិយោគ​គិ​ន ដើម្បី​ស្តារ​ស្ទួ​ច​យក​ឡើង​នូវ​ឃ្លាំង​ទ្រព្យ​មហាសាល ក្នុង​នាវា​របស់​អេស្បាញ ដែល​បាន​លិចលង់​អស់កាល ៣០០ ឆ្នាំ មកហើយ ។​

​នា​ខណៈពេល​ជួបប្រទះ​នឹង​គ្រោះថ្នាក់ នាវា San Jose ត្រូវបាន​គេ​ដឹងថា វា​កំពុង​ដឹក​មាស និង​ប្រាក់ ដែល​ប្រមូលបាន​ពី​ប្រទេស​ក្រោម​អ​នា​និគម​របស់​អេស្បាញ នៅ Peru និង Bolivia ត្រឡប់មក​ស្រុក​ថ្វាយ​ស្តេច Philip ។​

​ថ្វី​ត្បិត​ពុំទាន់​មាន​តួលេខ​ប្រកាស​ផ្សាយ​ជា​ផ្លូវការ អំពី​ឃ្លាំង​ទ្រព្យ​ដ៏​ធំ​សម្បើម​មាន​ក្នុង​នាវា​ក្តី តែ​ពួក​អ្នកជំនាញការ​បាន​ប៉ាន់ប្រមាណ​ថា ចំនួន​មាស និង​ប្រាក់ ក្នុង​នាវា​ក្រោម​បាតសមុទ្រ Caribe អាចមាន​ដល់​នៅ ១០.០០០ លាន​ដុល្លារ ឯណោះ ។​

​ប្រធានាធិបតី Colombia សង្កត់ធ្ងន់ថាៈ «​គំហើញ​ពី San Jose ជា​របកគំហើញ​សំខាន់បំផុត នា​យុគសម័យ​អាណានិគម ។ ប្រការនេះ ជួយ​បើក​ឡើង​នូវ​ទំព័រ​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ វប្បធម៌ និង​វិទ្យាសាស្ត្រ ពុំ​ចំពោះតែ Colombia ទេ តែ​នៅមាន​តម្លៃ​សំរាប់​ពិភពលោក​ទាំងមូល​» ។​

​ឆ្នាំ​២០១៣ មុនពេល​រកឃើញ​ឃ្លាំង​ទ្រព្យ​នេះ Colombia បាន​អនុ​ម​ត្ត​ក្រិត​ច្បាប់​មួយ ដែល​តាម​នោះ រាល់​ការរកឃើញ​ទាំងអស់ ក្នុង​ដែនសមុទ្រ​របស់​ប្រទេស​នេះ នឹង​ក្លាយជា​កេរ្តិ៍មរតក​ប្រវត្តិសាស្ត្រ​ជាតិ រួមទាំង​នាវា​កំណប់ទ្រព្យ San Jose ។​

​ប៉ុន្តែ ព្រោះតែ​ទ្រព្យ​តម្លៃ​មហាសាល San Jose ក្លាយ​ជាំ​ការឈ្លោះប្រកែក​ដណ្តើម​គ្នា​មួយ ។​

​ឆ្នាំ​១៩៨១ ក្រុមហ៊ុន​ស្វែងរក​ឃ្លាំង​ទ្រព្យ Sea Search Armada របស់​អាមេរិក ប្រកាសថា ពួកគេ​បាន​រកឃើញ San Jose ហើយ​ប្តេជ្ញាចិត្ត​ចូលរួម​ក្នុង​ការដណ្តើម​កម្មសិទ្ធិ​លើ​នាវា​នេះ​ជាមួយ​រដ្ឋាភិបាល Colombia ។​

​ជម្លោះ​ដណ្តើម​គ្នា វា​ហាក់ដូចជា «​រួចរាល់​» ក្រោយពេល​តុលាការ​មួយ​នៅ​អាមេរិក បានប្រកាសថា​នាវា San Jose ជា​ទ្រព្យសម្បត្តិ​របស់ Colombia ។​

​ប៉ុន្តែ ប្រទេស​អេស្បាញ​លើកឡើងថា ប្រទេស​ខ្លួន​ទើប​ជា​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ​នៃ​ឃ្លាំង​ទ្រព្យ​នេះ ព្រោះ​វា​ស្ថិតនៅក្នុង​នាវា​ប្រយុទ្ធ​របស់​អេស្បាញ ។​

San Jose ពុំមែន​ជាឃ្លាំង​ទ្រព្យ​តែមួយគត់ ដែល​គេ «​ភ្លេច​» ទុក​នៅ​បាតសមុទ្រ ។ បើតាម​ការប៉ាន់ស្មានរ​បស់ Colombia បច្ចុប្បន្ន នៅមាន​នាវា​ប្រយុទ្ធ​ប្រមាណ ១.២០០ គ្រឿង​ទៀត របស់​ចក្រ​ព័ទ្ធ​អេស្បាញ​កំពុង «​សម្ងំ​» នៅក្នុង​តំបន់ Caribe ៕​