តំណាងប្រជាពលរដ្ឋជាង ២០០គ្រួសារ មកពី ៤សហគមន៍រួមមាន៖ សហគមន៍អណ្តូងទឹក ថ្មធំ ព្រែកត្របែក និងសហគមន៍ស្វាយចន្ទី បានមកប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាលាឃុំរាម ស្រុកព្រៃព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ដើម្បីស្នើសុំអោយអាជ្ញាធរ ឬមេឃុំរាម ជួយជម្រុញផ្តល់លិខិតបញ្ជាក់ក្បាលដីនៅតាមគ្រួសារនីមួយៗ ដែលក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះវាស់ជូនពលរដ្ឋកន្លងមក។

តំណាងប្រជាពលរដ្ឋទាំង ៤សហគមន៍ លោក សេន ចន្ថា បានស្នើអោយលោកមេឃុំរាម លោក គឹម ចាន់ ជួយផ្តល់ឬបញ្ជាក់លិខិតស្គាល់ម្ចាស់កាន់កាប់ដីលំនៅដ្ឋាន និងដីកសិកម្ម ជូនប្រជាពលរដ្ឋទាំង ៤សហគមន៍ រស់នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អោយបានឆាប់ផង។

បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋ ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍មករដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក

អោយពន្លឿនការចេញបណ្ណ ឬលិខិតសម្គាល់ម្ចាស់កាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋនៅឃុំរាម ស្រុកព្រៃនប់ អោយបានឆាប់ផង ព្រោះរាល់ថ្ងៃនេះ ក្រុមហ៊ុនចិន ឈ្មោះយិះជៀ និងក្រុមហ៊ុនមួយចំនួនទៀត បានប្រើកម្លាំងសន្តិសុខក្រុមហ៊ុន និងសមត្ថកិច្ចយាមក្រុមហ៊ុនអោយចិន ដែលទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍ ពីរាជរដ្ឋាភិបាល មានទីតាំង នៅឃុំរាម បានមកគំរាម និងហាមពលរដ្ឋមិនអោយភ្ជួររាស់ដីស្រែចំការនៅរដូវវស្សាឆ្នាំនេះ ដើម្បីបង្កបង្កើនផលនោះទេ។

ត្រង់ចំណុចនេះ លោក សេន ចន្ថា តំណាងពលរដ្ឋ ៤សហគមន៍ រស់នៅឃុំរាម ស្រុកព្រៃនប់ បានស្នើដល់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយចេញប្លង់ ឬបណ្ណកម្មសិទ្ធុដីធ្លីជូនពលរដ្ឋជាង ២០០គ្រួសារ រស់នៅសហគមន៍អណ្តូងទឹក សហគមន៍ថ្មធំ សហគមន៍ព្រែកត្របែក និងសហគមន៍វាលចន្ទី អោយបានឆាប់ ដោយអនុគ្រោះផង។

ការប្រមូលផ្តុំគ្នា សុំជួបលោកមេឃុំរាម ឈ្មោះ គឹម ចាន់ របស់ប្រជាពលរដ្ឋទាំង ៤ សហគមន៍ កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា ត្រូវបរាជ័យ និងខកបំណង ព្រោះពលរដ្ឋទាំងនោះមិនបានជួយលោកមេឃុំរាមនោះទេ ដោយ លោកមេឃុំរាំ មិនមានវត្តមាន នៅក្នុងសាលាឃុំទេ ព្រោះត្រូវឡើងទៅប្រជុំរួម ជាមួយថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ នៅឯសាលាខេត្ត។

ទាក់ទិនបញ្ហានេះ លោក ស្រេង វ៉ាន់លី អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូរ ប្រចាំខេត្តព្រះសីហនុ ដែលចុះផ្ទាល់ដល់ឃុំរាម ដើម្បីអង្កេតទៅលើការប្រមូលផ្តុំ របស់ប្រជាពលរដ្ឋទាំង ៤សហគមន៍ ក៏បានស្នើអោយរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធចាប់ពីថ្នាក់មូលដ្ឋានឃុំ-ស្រុក ពិសេសថ្នាក់ដឹកនាំស្ថាប័នជំនាញថ្នាក់ជាតិ អោយជួយពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី ជូនពលរដ្ឋរស់នៅឃុំរាម មកពីសហគមន៍ទាំង ៤ អោយបានឆាប់ ដើម្បីអាចអោយពួកគាត់អស់កង្វល់ពីការរំលោភយកដីធ្លីពីសំណាក់ក្រុមហ៊ុន និងមន្ត្រីមានអំណាចមួយចំនួន ដែលប៉ុនប៉ងរំលោភយកដីលំនៅដ្ឋាន និងដីកសិកម្ម របស់ពួកគាត់នាពេលកន្លងមក។

ម្យ៉ាងទៀត លោក វ៉ាន់នី បញ្ជាក់ថា ក៏ដើម្បីអោយប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិកាន់កាប់ដីធ្លីរៀងៗ ដើម្បីពង្រីកមុខរបរផ្សេងៗ អោយរីកចំរើនសម្រាប់ចិញ្ចឹមគ្រួសារ នៅតាមក្រុមគ្រួសារនីមួយៗនាថ្ងៃអនាគត៕ ខ្មែរស្ថាបនា