ខេត្តព្រះសីហនុ៖ កម្មករកម្មការិនី និងនិយោជិតប្រមាណជិត ១ពាន់នាក់ ទទួលបានប្រាក់បៀវត្សចំនួន ជាង ៨៥ភាគរយ (៨៥.៥%) នៃចំនួនទឹកប្រាក់ទាមទារសរុប ដែល​ត្រូវបានទទួលស្គាល់ជាផ្លូវការតាមច្បាប់ នៃប្រាក់​បៀ​វត្ស​ប្រចាំ​ខែ របស់ខ្លួន បន្ទាប់ពីមាន​កិច្ចអន្តរាគមន៍ពី​អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និង លោក ម៉ុង មុន្នី​ចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ​​ក្រសួង​ និងមន្ទីរការងារ​ជាដើម។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីព្រឹកថ្ងៃធុធ ទី២៦ ខែកក្កដា​ថា សំណុំរឿងនេះ រដ្ឋបាលខេត្តនេះ បានរួមសហការ​គ្នាជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធមួយចំនួន រួមមាន៖ សាលាដំបូងខេត្តព្រះសីហនុ ក្រសួង និងមន្ទីរការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថាប័នដទៃទៀត នៃរដ្ឋបាលខេត្តព្រះសីហនុ ទើបឈានដល់ទទួលបានលទ្ធផលជោគជ័យនៅពេលនេះ។

លោកបន្តថា ការជួយអន្តរាគមន៍ ទៅលើសំណុំរឿងក្រុមហ៊ុនអ័រស៊ីអាយ​ក្ស័យធន ហើយ​ត្រូវ​ថៅកែរត់ចោល​ក្រុម​ហ៊ុន​នេះ គឺរដ្ឋបាលខេត្ត បានបង្កើតឲ្យមានក្រុមការងារដោះស្រាយទំនាស់ ពិសេសសាលាដំបូង ខេត្តព្រះសី​ហនុ បានចូលរួម​រកដំណោះស្រាយ​ស្របតាមនីតិវិធីច្បាប់ មុននឹង​ឈានទៅ​សម្រេច​រឹបអូស និង​លក់​សម្ភារៈ​ផ្សេងៗ របស់ក្រុមហ៊ុនដែលនៅសេសសល់ ដើម្បី​បើក​ប្រាក់បៀវត្ស​ជូនកម្មករកម្ម​ការិនី​ជិត ១ពាន់នាក់ ដោយ​ម្នាក់ៗ​ទទួល​បាន​ប្រាក់បៀវត្សជាង​ ៨៥ភាគរយ នៃបៀ​វត្សប្រចាំខែ ដែលពួកគេ​ទាម​ទារ ហើយច្បាប់​បាន​កំណត់​ជូនពួក​គេ​ម្នាក់ៗ។

ត្រង់ចំណុចនេះ លោក យន្ត មីន បានទាំងមោទនៈ នៅចំពោះមុខកម្មករកម្មការិនី និងនិយោជិត ប្រមាណជិត ១ពាន់នាក់ ​នៅគ្រា​រូបលោក​បាន​ចូលរួម​ជា​សក្ខីភាព ក្នុងពិធីបើកប្រាក់ផ្តាច់​កិច្ចសន្យាការងារចុងក្រោយ ជូនអតីត​កម្មករ និយោ​ជិត បំរើការងារនៅរោចក្រ Royal Crowntex International Inc. ហៅកាត់ អ័រស៊ី​អាយ (RCI) មាន​ចំនួន​ជិត​ ១ពាន់នាក់ (៩៣៤) ដោយទទួលបានការសរសើរ និងការអរគុណពីក្រុមកម្មករកម្មការិនី និង​និយោ​ជិត​គ្រប់ៗគ្នាមិនដាច់ពីមាត់។

​បញ្ហានេះដែរ លោក ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូង ខេត្តព្រះសីហនុ ដែលចូលរួមក្នុងពិធីបើកប្រាក់ផ្តាច់ កិច្ចសន្យាការងារចុងក្រោយ ជូនអតីតកម្មករ និយោជិត រោងចក្រអ័រស៊ីអាយ កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា នាបរិវេណរោងចក្រ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ លោកបានបញ្ជាក់ថា ឆ្លងកាត់​នីតិ​វិធី​ជាច្រើន ​និងការតាំងចិត្តខ្ពស់ ដើម្បីឈានដល់​អាចជួយរកដំណោះស្រាយ ជូនកម្មករកម្មការិនី និងនិយោជិត មានចំនួនសរុបជិត ១ពាន់នាក់ ឲ្យទទួល​បាន​លទ្ធផលជោគជ័យនៅពេលនេះ។

​លោក មុន្នីចរិយា បង្ហាញថា សុំណុំរឿងថៅកែរោងចក្រ អ័រស៊ីអាយ ដែលបានក្ស័យធន ដែលកន្លង​មកត្រូវ​​អតីត​កម្មករ​រោង​ចក្រនេះ បាន​ទៅសុំកិច្ចអន្តរាគមន៍ ឬដាក់ពាក្យបណ្តឹង ទៅកាន់សាលាដំបូង ខេត្ត​ព្រះសី​ហនុ ឲ្យ​ជួយរកយុត្តិធ៌ម និងជួយទាម​ទារ​ប្រាក់​បៀវត្ស ដែលពួកគេត្រូវទទួលបានតាមច្បាប់ គឺទទួលបាន​លទ្ធផលជាវិជ្ជ​មានជាស្ថាពរហើយនៅពេលនេះ។
ទន្ទឹមគ្នានេះ ប្រធានសាលាដំបូងខេត្តព្រះសីហនុ លោក ម៉ុង មុន្នីចរិយា ​បានស្នើដល់​បង​ប្អូនប្រជាពលរដ្ឋ ឬ​កម្មករកម្មការិនីទូទៅ ទាំង​អតីតបំរើការងារនៅរោង​ចក្រអ័រ​ស៊ីអាយ និង​រោងចក្រផ្សេងៗទៀត ស្នើកុំប្រញាប់​រិះគន់​សកម្មភាពការងារតុលាការថា មានភាពយឺតយ៉ាវ ឬមិនរវល់អើពើទៅលើសំណុំរឿងអ្វីមួយ ដែលបាន​ដាក់​មក​ស្ថាប័ន​សាលា​ដំបូងជួយរកដំណោះស្រាយឆាប់ពេក។ លោកបន្តថា ​ការ​ងារ​ចុះអនុវតនីតិវីធី ទៅលើ​សំណុំ​រឿងអ្វីមួយ គឺត្រូវអនុវត្តឲ្យស្របទៅតាម​នីតិវិធី​ច្បាប់បាន​កំណត់ ជាក់ស្តែង​ដូច​ករណី​ថៅ​កែរោងចក្រ អ័រស៊ី​អាយក្ស័យធននេះ គឺត្រូវលើកយកនីតិវិធីជា​ច្រើនដំណាក់​កាល ទើបឈាន​ដល់ជួយ​រក​ដំណោះ​ស្រាយ ជូនកម្ម​ករ និងនិយោជិត ទទួលបាន​ជោគជ័យជាវិជ្ជមាន​នៅ​ពេល​នេះ។

ទាក់ទិនបញ្ហានេះ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានឲ្យ​ដឹង​ដែរថា ​​ការ​ទូទាត់​ប្រាក់​បៀវត្សបន្ទាប់ពីក្រុមហ៊ុន អ័រស៊ីអាយ ក្ស័យធននេះ គឺជាដំណោះស្រាយលើកទី២ និង​ជា​លើកចុងក្រោយ​។ លោកបន្តថា​ ដំណោះស្រាយចុងក្រោយនេះ ជា​មធ្យម​បង​ប្អូនកម្មករ និយោជិត ទទួល​បាន​ពី​ប្រាក់​បៀវត្សចាប់ពី ៥រយ ដុល្លារសហរដ្ឋអាមេរិក ដល់ ៤ម៉ឺន ​ដុល្លារ​សហ​រដ្ឋ​អាមេរិក គឺ​ទៅតាម​អតីតភាព​ការ​ងារ និង​​ប្រាក់បៀវត្ស ​កម្មករនិងនិយោជិតម្នាក់ៗ​ទទួលបានប្រចាំខែ។

លោក យ៉ូវ ខេមរា បានឲ្យដឹងថា ​ រោចក្រ Royal Crowntex International Inc. ហៅកាត់ អ័រស៊ី​អាយ (RCI) មាន​ទីតាំងនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ​បានចាប់ផ្តើមបើក​សង្វាក់ផលិតកម្ម កាលពីឆ្នាំ​២០០២ និងបានបិទ​ទ្វារ​ក្ស័យ​ធន ហើយកម្មករកម្មការិនី និងនិយោជិតប្រមូលផ្តុំគ្នាតវ៉ា ​ស្នើសុំស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​អន្តរាគមន៍បានចាប់​ផ្តើមផុលផុសខ្លាំង ចាប់នៅឆ្នាំ​២០១៦។

ព្រមគ្នានេះ លោក​ យ៉ូវ ខេមរា បានឲ្យដឹងថា​ ក្រោយរោងចក្រ អ័រស៊ីអាយក្ស័យធន ក៏មានថៅកែរោង​ចក្រថ្មី​មួយ​ទៀត បានមកវិនិយោគទុនបន្ត ប៉ុន្តែបានដាក់ឈ្មោះក្រុមហ៊ុនថ្មី និងបាន​ដំណើសង្វាក់​ផលិតកម្ម ដោយបាន​ទទួល​​យក​កម្មករ​កម្ម​ការិនី​ទាំងចាស់ថ្មី ឲ្យចូល​បំរើការងារ​ជា​ធម្មតាដូចដើមវិញ។

លោក យ៉ូវ ខេមរា ឲ្យដឹងថា បច្ចុប្បន្ននេះមានកម្មករជិត ២០០នាក់ កំពុងបម្រើការងារ ហើយខាងថៅ​កែរោង​ចក្រ ក៏​នឹង​ជ្រើសរើស​កម្មករកម្មការិនី​ចំនួន ៦០០នាក់ថែមទៀត។ ក្នុងនាមមន្ទីរការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ខេត្ត​ព្រះសីហនុ លោក យ៉ូវ ខេមរា ​បានថ្លែងការអរគុណ ដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន លោក ម៉ុង មុន្នីចរិយា ប្រធានសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធមូលដ្ឋាន ខេត្តព្រះ​សីហនុ​ទាំង​អស់ ដែលបានជួយអន្តរាគមន៍ ឈានដល់ជួយរកដំណោះស្រាយ លើសំណុំរឿងរោងចក្រអ័រស៊ីអាយ បាន​​ក្ស័យ​ធន ហើយត្រូវ​ថៅកែរត់ចោលមួយនេះ ឲ្យទទួលបានដោះស្រាយ​នៅពេលនេះ៕ ខ្មែរស្ថាបនា