១. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​អន្តរា​គម​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​៣​នាក់ ដូច​មាន​រាយ​នាម​ខាងក្រោម តាម​សំណើសុំ​របស់​សា​ម៉ី​ខ្លួន ដែល​ត្រូវបាន​មេខ្យល់​បញ្ឆោត​នាំទៅ​រៀបការ​ខុសច្បាប់​នៅ​ប្រទេស​ចិន ហើយ​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​គ្រួសារ​៖

– ឈ្មោះ ស​.​ស​.​ភ អាយុ​២១​ឆ្នាំ មកពី​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវបាន​មេខ្យល់​នាំ​ធ្វើដំណើរ តាម​យន្តហោះ​ពី​ភ្នំពេញ ដល់ទី​ក្រុង​ក្វាង​ចូ​វ នៅ​ថ្ងៃ​១៩ មេសា ២០១៣ និង​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ជាំ​ង​ស៊ី​។​

– ឈ្មោះ អ​.​រ​.​ថ អាយុ​២៧​ឆ្នាំ មកពី​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​មេខ្យល់​នាំ​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ភ្នំពេញ ដល់ទី​ក្រុង​ក្វាង​ចូ​វ នៅ​ថ្ងៃទី​១២ កុម្ភៈ ២០១៧ ដើម្បី​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​អាន​ហួយ​។​

– ឈ្មោះ វ​.​ធ​.​ត អាយុ​២១​ឆ្នាំ មកពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ត្រូវបាន​មេខ្យល់​នាំ​ឆ្លងដែន កាត់​តាម​ប្រទេស​វៀតណាម​ចូល​ប្រទេស​ចិន​ដោយ​ខុសច្បាប់ និង​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ជាំ​ង​ស៊ី​។​

​ស្ថាន​អគ្គ​កុងស៊ុល បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ សម្ភារៈប្រើប្រាស់ និង​រៀបចំ​ឯកសារ ធ្វើដំណើរ​ដល់​ស្ត្រី​ខ្មែរ​ទាំង​៣​នាក់ ហើយ​ពួកគេ​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​២៣:១៥​នាទី តាម​ជើងយន្តហោះ​MU 759 ។​

២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បានរៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ ម្នាក់​ឈ្មោះ រី ធា អាយុ​៤២​ឆ្នាំ មកពី​ស្រុក​ដងទង់ ខេត្តកោះកុង ជា​កម្មករ​លើ​ទូក​នេសាទ​ថៃ ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន​ជាមួយនឹង​កម្មករ​ផ្សេងទៀត នៅពេល​ទូក​នោះ​ចូល​នេសាទ​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី កាលពី​ខែមករា ឆ្នាំ​២០១៥ ហើយ​បាន​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជនអន្តោប្រវេសន៍ Tangjungpinang នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​ស្ថានទូត​បានចេញ​លិខិត​ធ្វើដំណើរ​ជូន ហើយ​ពលរដ្ឋ​ខ្មែរ​រូបនេះ បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៧:៣៥​នាទី តាម​ជើងយន្តហោះ ​MH762 ។​

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​