ប្រធាន​សាលាដំបូង ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ស្ថាប័ន​នេះ កំពុង​ជម្រុញ​នីតិវិធី ដើម្បី​ឈានទៅ​រឹបអូស​យក​ទ្រព្យសម្បត្តិ របស់ ឈ្មោះ កង សុផាត ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវភេទ​កុមារី​អាយុ ១១​ឆ្នាំ ឈានទៅ​ផ្តល់​យុ​ត្តិ​ធ៌​ម ឬ​ផ្តល់​សំណង​រដ្ឋប្បវេណី ជូន​គ្រួសារ​កុមារី​រងគ្រោះ​ឲ្យ​បាន​ឆាប់​។

​ចំណាត់ការ​នេះ ទទួល​បានការ​សាទរ​ពី​សំណាក់​អាណាព្យាបាល​កុមារី​រងគ្រោះ ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស​នា​ខេត្ត​ព្រះសីហនុ​។ ពួកគេ​បង្ហាញ​អារម្មណ៍​រីករាយ និង​ស្វាគមន៍​ចំពោះ​សកម្មភាព នៃ​ការចុះអនុវត្ត​ច្បាប់ របស់ មន្ត្រី​តុលាការ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​យកចិត្តទុកដាក់​ទៅលើ​សំណុំរឿង​រំលោភ​ផ្លូវភេទ​កុមារី​អាយុ ១១​ឆ្នាំ ឲ្យ​ទទួលបាន​បាន​យុ​ត្តិ​ធ៌​ម​ឆាប់ៗ​នេះ​។

​លោក ម៉ុង មុន្នី​ចរិយា ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា សាលាដំបូង​ខេត្ត​នេះ កំពុង​ជម្រុញ​នីតិវិធី លើ​សំណុំរឿង​ព្រហ្មទណ្ឌ រំលោភ​ផ្លូវភេទ​អនីតិជន ឬ​កុមារី​អាយុ ១១​ឆ្នាំ​មួយ​ករណីនេះ ដោយ​យកចិត្តទុកដាក់ ដើម្បី​រឹបអូស​យក​ទ្រព្យសម្បត្តិ របស់​ជនល្មើស ឈ្មោះ កង សុផាត អតីតមន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឈានទៅ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ជូន​កុមារី​រងគ្រោះ​ឲ្យ​បាន​ឆាប់​។

​លោក ម៉ុង មុន្នី​ចរិយា សង្កត់ធ្ងន់ថា ថា សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវភេទ​អនីតិជន មាន​ជនល្មើស​ឈ្មោះ កង សុផាត ដែល​កំពុង​រត់គេចខ្លួន​នេះ សាលាដំបូង បាន​តាមដាន​ដោយ​យកចិត្តទុកដាក់ និង​កំពុង​ជម្រុញ​អនុវត្ត​នីតិវិធី​ឲ្យ​ស្របតាម​សាល​ក្រុម​ស្ថាពរ របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់ពន្ធនាគារ​ចំនួន ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៤០​លាន​រៀល ទៅ​ឲ្យ​កុមារី​រងគ្រោះ​។​

​ទាក់ទិន​បញ្ហា​នេះ មេដឹកនាំ​អង្គការ​សង្គម​សង្គម​ស៊ីវិល​មួយចំនួន ប្រចាំខេត្ត​ព្រះសីហនុ​មាន​៖ អង្គការ​លីកាដូ និង​សមាគម​អាដហុក​ជាដើម បាន​ប្រកា​ស្វាគមន៍ និង​ចាត់ទុក​សកម្មភាព​ការងារ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ថា កំពុងមាន​ការវិវឌ្ឍ​ថ្មី​គួរ​ឲ្យ​កត់​ស្គាល់ នៅ​គ្រា​សង្កេតឃើញថា សាលាដំបូង​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ ជួយ​ឈឺឆ្អាល ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​លើ​សំណុំរឿង​រំលោភ​ផ្លូវភេទ​អនីតិជន ដែល​បានអូសបន្លាយ​ពេល​ជាង ៧​ឆ្នាំ​មិនទាន់​ទទួលបាន​យុ​ត្តិ​ធ៌​ម​មួយ​ករណីនេះ​។

​មន្ត្រី​ឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស បាន​ចាត់ទុកថា ការបន្ត​នីតិវិធី របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​យកចិត្តទុកដាក់​ទៅលើ​សំណុំរឿង​រំលោភ​ផ្លូវភេទ​កុមារី​រងគ្រោះ​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត អតីតមន្ត្រី​នគរបាល​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់រំលោភ​កាលពី​ជាង ៧​ឆ្នាំមុន​នៅពេលនេះ​ថា ជា​កំណែទម្រង់​ថ្មី​មួយទៀត របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ឈានទៅ​ទទួលបាន​ការគាំទ្រ យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​ទូទៅ​។

​លោកស្រី សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​រីករាយ កាលបើ​បានទទួល​ព័ត៌មាន​មក​ថា សាលាដំបូង​ខេត្ត​នេះ បាន​ជួយ​ព​ន្លឿ​ន​ការចុះអនុវត្ត​ច្បាប់ ទៅលើ​សំណុំរឿង​រំលោភ​ផ្លូវភេទ​អនីតិជន ដែលមាន​ជន​ប្រព្រឹត្តល្មើស​ឈ្មោះ កង សុផាត នាឱកាស​នេះ​។ លោកស្រី បន្តថា ទោះបី​សមត្ថកិច្ច ឬ​តុលាការ មិនទាន់​ចាប់ខ្លួន​ជនល្មើស ឈ្មោះ កង សុផាត ឲ្យ​មក​ទទួលទោស​ដាក់​ក្នុង​ពន្ធនាគារ ឲ្យ​ស្របតាម​សាល​ក្រុម​ស្ថាពរ របស់​តុលាការ​កំពូល​បែបណា​ក្តី ក៏ប៉ុន្តែ​សង្កេតឃើញថា រាល់ថ្ងៃនេះ សកម្មភាព របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​តុលាការ​កំពូល កំពុង​ជម្រុញ​នីតិវិធី ដើម្បី​ឈានដល់​រឹបអូស​ទ្រព្យសម្បត្តិ​ជនល្មើស​ឈ្មោះ កង សុផាត យកប្រាក់​សងជំងឺចិត្ត​ជូន​កុមារី​រងគ្រោះ​។

​ជាង​នេះ លោកស្រី សុធា​រី ក្នុងនាម​សមាគម​អាដហុក និង​ជា​អាណាព្យាបាល​មួយរូប មានជំនឿថា ជនល្មើស​ឈ្មោះ កង សុផាត នឹងមិន​អាច​គេច​ផុតពី​ភ្នែក​សមត្ថកិច្ច​ជំនាញ និង​ប្រព័ន្ធតុលាការ​កម្ពុជា​បានទេ​។ លោកស្រី​ព្យាករណ៍​ថា សមត្ថកិច្ច​នឹង​នាំខ្លួន​ជនល្មើស ឈ្មោះ កង សុផាត មក​ដាក់ពន្ធនាគារ ក្នុងពេល​ដ៏​ឆាប់​ជាក់​ជាមិនខាន​។

​ចំណែក លោក យ៉ុង ប៊ុនលី ឱ​ពុក​កុមារី​រងគ្រោះ ក៏​បង្ហាញ​ការ​ត្រេកអរ នៅ​គ្រា​ទទួលបាន​ព័ត៌មាន​មក​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​ជម្រុញ​សកម្មភាព​ការងារ ដើម្បី​ឈានដល់​ជួយ​រក​យុ​ត្តិ​ធ៌​ម​ពិតប្រាកដ​ជូន​កូនស្រី​គាត់​។ លោក​បន្តថា កូនស្រី​គាត់ ត្រូវ​ជនល្មើស ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់រំលោភ​ទើប​មាន​អាយុ ១១​ឆ្នាំ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១០​។ លោក​ថា គិត​មកដល់​ថ្ងៃ​សុក្រ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ មាន​រយៈពេល​ជាង ៧​ឆ្នាំ​មកហើយ នៅឡើយ​កូនស្រី​គាត់ មិនទាន់​ទទួលបាន​យុ​ត្តិ​ធ៌​ម​ពិតប្រាកដ​ទេ​។ ជាងនេះទៀត​ជនល្មើស​ឈ្មោះ កង សុផាត មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅឡើយ ហើយ​ជនល្មើស​រូបនេះ បន្ត​រស់​នៅមាន​សេរីភាព​ក្រៅ​ពន្ធនាគារ បើទោះបី​តុលាការ​កំពូល​សម្រេច​សាលដីកា កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់ពន្ធនាគារ​ចំនួន ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​បែបណា​ក្តី​។​

​ទាក់ទិន​សំណុំ​រឿងនេះ លោក ហួត វិចិត្រ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បានចេញ​ដីកា​បង្គាប់​ទៅ​មន្ត្រីនគរបាល​យុ​ត្តិ​ធ៌​ម ឲ្យ​ចាប់ខ្លួន​ជនល្មើស ឈ្មោះ កង សុផាត យកមក​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវភេទ​អនីតិជន កាលពី​ឆ្នាំ​២០១០​។

​ដោយឡែក ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ​២០១៦ ក៏បាន​សម្រេច​អនុវត្ត​វិន័យ ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយរង​ផ្នែក​ព័ត៌មាន​លើ​វិស័យសេដ្ឋកិច្ច វប្បធម៌​អប់រំ និង​សង្គម នៃ​ការ​រិ​យា​ល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​មុខតំណែង ឋានន្តរសក្តិ និង​បណ្តេញ​ផុត​ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​។​

​ងាក​មក លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវភេទ​អ​និតិ​ជន​មួយ​ករណីនេះ ស​ត្ថ​កិច្ច​ជំនាញ​ស្ថាប័ន​លោក បាន​ពង្រាយ​កម្លាំង​ឃ្លាំំ​មើលមុខ​សញ្ញា​របស់​ជន​ល្មើស​រូបនេះ នៅ​គ្រប់​ច្រកល្ហក ព្រោះ​មាន​ដីកា​ឲ្យ​នាំខ្លួន ឈ្មោះ កង សុផាត ពី​តុលាការ តម្រូវ​ឲ្យ​នាំខ្លួន​ជនល្មើស​រូបនេះ ដាក់ពន្ធនាគារ​រួចហើយ​។​

​លោក ជួន ណា​រិន្ទ អះអាងថា បច្ចុប្បន្ននេះ ជនល្មើស​ឈ្មោះ កង សុផាត ដែលជា​អតីត​ជា​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ គឺ​ជនល្មើស​រូបនេះ មិនមាន​វត្ត​មាននៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទេ​រាល់ថ្ងៃនេះ ៕ ខ្មែរ​ស្ថាបនា