លោក Rodrigo Duterte ​ប្រធានាធិបតី​​​ហ្វីលីពីន កាល​ពី​ថ្មីៗ​នេះ បានលេង​​ម៉ាចាស់ដៃ​តែម្តង ទៅលើ​កំពូលមេ​ដឹក​នាំ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​លោក ​គឹម ជុង អ៊ុន ​​ជាមួយពាក្យពេចន៍ធ្ងន់ៗថាៈ​ «មនុស្ស​សាហាវ​ ឆ្កួត និង​ឡប់​សតិ» ព្រោះតែលោកអត់ទ្រាំពុំបានទៅនឹង​​មេដឹកនាំវ័យក្មេងរូបនេះ​នៅ​តែបន្ត​ព្យាយាម​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ បើ​ទោះ​ជា​មាន​ការ​ដាក់​សម្ពាធ​ពី សហគមន៍​អន្តរជាតិ​យ៉ាង​ណា​ក៏​ដោយ។

លោក Duterte បាន​ថ្លែងកាលពីថ្ងៃពុធ​ឲ្យ​ដឹង​ថាៈ « គឹម ជុងអ៊ុន កំពុង​តែលេងជាមួយល្បែង​ដ៏​គ្រោះ​ថ្នាក់នេះ, ពិតជាល្ងីល្ងើមែន !)។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ បុរស​ខ្លាំង​ហ្វីលីពីន​រូប​នេះ​​ថែម​ទាំង​ជេរ​ គឹម ជុងអ៊ុន នូវពាក្យ​​ថា “Son of a bitch, អាជ្រូក» ។​

គួរបញ្ជាក់ថា កូរ៉េ​ខាង​ជើង​ទើប​តែ​បាញ់​កាំជ្រួច​​ឆ្លង​ទ្វីប (ICBM) ទៅ​ក្នុង​សមុទ្រ​ជប៉ុន ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បង្ក​ជា​ការ​គំរាម​កំហែង​សន្តិសុខ​ក្នុង​តំបន់ ។

ដូចគ្រប់គ្នាបានដឹងស្រាប់ហើយ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ​លោក Duterte ​បាន​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ដល់មេដឹក​នាំ​បណ្ដា​ប្រទេស​ដទៃ ដែលកន្លង​មកនេះ ​លោក​ក៏​ធ្លាប់​បាន​​ជេរ​​​សម្ដេច​សង្ឃ​កាតូលិក Pope Francis និង​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក អូប៉ាម៉ា ​ផងដែរ ៕