​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ជាបន្ទាន់ បន្ទាប់​គាត់​ត្រូវ​សត្វ​ក្រពើ​ខាំ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ខណៈ​ព្យាយាម​ថតរូប Selfie ជាមួយ​វា ។​

Benetulier Lesuffleur អាយុ ៤៦ ឆ្នាំ ត្រូវបាន​ក្រពើ​ខាំ​ចំ​ភ្លៅ បន្ទាប់ពី​ដួល​ចុះ​ក្បែរ​ក្រពើ ជាហេតុ​ធ្វើ​ឲ្យ​វា​មានការ​ផ្អើល ។​

​ស្ត្រី​ជា​ភ្ញៀវទេសចរ​រូបនេះ បាន​កំពុង​ទស្សនា​កំសាន្ត​នៅ​ឧ​ស្យា​ន​ជាតិ Kho Yai ក្នុងប្រទេស​ថៃ រួមជាមួយ​ប្តី​របស់​នាង ហើយ​នៅពេលនោះ ពួកគេ​ក៏បាន​ប្រទះ​នឹង​សត្វ​ក្រពើ​១​ក្បាល​កំពុង​ហាលថ្ងៃ នៃ​ត្រពាំង​មួយ ។​

​ប្រធាន​ឧ​ស្យា​ន​ជាតិ​នេះ លោក Kanchit Srinoppawan បាន​ប្រាប់​កាសែត Matichon ថា ពួកគេ​ពុំ​អើពើ​នឹង​បណ្តា​ស្លាក​សញ្ញា​ព្រមាន ហើយ​ផ្ទុយ​មកវិញ ព្យាយាម​ធ្វើ​រឿង​ដ៏​គ្រោះថ្នាក់​នេះ ។​

​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​រងគ្រោះ ដែល​ត្រូវបាន​យក​ចេញពី​មាត់ទឹក ជាមួយ​បង់​រុំ​នៅ​ជើង​របស់​នាង ។ ហើយ ឥឡូវនេះ នាង​កំពុង​សម្រាក​ព្យាបាល​មុខរបួស​នៅក្នុង​មន្ទីរពេទ្យ – ទីកន្លែង​ដែល​ត្រូវបាន​រំពឹងថា​នាង​នឹង​ជាសះស្បើយ​ពីមុខ​របួស​ផងដែរ ៕​