​លោកយាយ​ជនជាតិ​កាណាដា​ម្នាក់ បាន​សម្តែង​ក្តីរំភើប​ក្រៃលែង ពេល​រកឃើញ​ចិញ្ចៀនពេជ្រ​ដែល​គាត់​ធ្វើ​ឲ្យ​បាត់ ១៣ ឆ្នាំ មុន​នៅ​កន្លែង​មួយ​ដែល​ស្មាន​មិន​ដល់ ។​

​នៅ​ឆ្នាំ​២០០៤ លោកយាយ Mary Grams អាយុ ៨៤ ឆ្នាំ ពិបាកចិត្ត​យ៉ាងខ្លាំង ពេលធ្វើ​ឲ្យ​បាត់​ចិញ្ចៀន​រៀប​ការដាំ​ត្បូង​ពេជ្រ ក្នុងពេល​កំពុង​ធ្វើ​ស្មៅ​នៅ​កសិដ្ឋាន​របស់​គ្រួសារ ។ ១​ទសវត្សរ៍ កន្លងទៅ ដោយសារ​បារម្ភ និង​ភ័យខ្លាច​ពេក លោកយាយ Mary មិន​ហ៊ាន​ប្រាប់​ស្វាមី​អំពី​រឿងនេះ លើកលែងតែ​កូនប្រុស​ដែល​លោកយាយ​ស្រឡាញ់ និង​ទុកចិត្ត​បំផុត ។ ដើម្បី​លាក់លៀម​ស្វាមី លោកយាយ​បាន​ទិញ​ចិញ្ចៀន​មួយ​ផ្សេង​ដូចគ្នា តែមាន​តម្លៃថោក​ជាង​មក​ពាក់ ។​

១៣ ឆ្នាំ កន្លងទៅ ស្មានថា​គ្រប់យ៉ាង​នឹងត្រូវ​បំភ្លេច​អស់ ហើយ​ចិញ្ចៀន​នឹង​បាត់​ជា​រៀងរហូត ស្រាប់តែ​កាលពី​ថ្ងៃទី​១៤ សីហា កន្លងទៅនេះ កូនប្រសា​ស្រី​របស់​លោកយាយ Mary ចៃដន្យ បាន​រកឃើញ​ចិញ្ចៀន​ដ៏​មាន​របស់​ម្តាយ​នៅ​កន្លែង​មួយ ដែល​គ្មាន​នរណា​អាច​ស្មាន​ដល់ ។​

​ដោយសារ​ចង់​ចម្អិន​អាហារ​ពេលយប់ អ្នកស្រី Colleen Daley បាន​ទៅ​សួន​ដក​មើម​បា​រ៉ុ​ត ។ ពេលនោះ អ្នកស្រី​ឃើញ​ការ៉ុត​មួយ​មើម​មាន​រាង​ខុសធម្មតា ។ ដំបូង គាត់​ប្រុង​គ្រវែង​ចោល តែ​ក្រោយមក ក៏​ប្តូរ​គំនិត​ដាក់ចូល​ក្នុង​កន្ត្រក​វិញ ។ បន្ទាប់ពី​យកទៅ​លាងជម្រះ​ដី អ្នកស្រី​ស្រឡាំងកាំង​ពេល​ឃើញ​ចិញ្ចៀនពេជ្រ​១​វង់ គៀប​ជាប់​ពាក់កណ្តាល​មើម​ការ៉ុត ។ អ្នកស្រី​រត់​ទៅប្រាប់​ស្វាមី ហើយ​គាត់​ដឹង​ភ្លាម​ថា អ្នកណា​ជា​ម្ចាស់​របស់​ចិញ្ចៀន​នេះ ។​

​ទទួលបាន​ចិញ្ចៀន​មកវិញ អ្នកស្រី Mary ត្រេកអរ​រក​កន្លែង​មិនត្រូវ ។ អ្នកស្រី​សោកស្តាយ​ដែល​មិនបាន​និយាយ​ការពិត​ប្រាប់​ស្វាមី​ដែល​បាន​ស្លាប់​មុននេះ ៥ ឆ្នាំ ៕