​ខេត្តកោះកុង​៖ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ចុះ​សិក្សា​ស្រាវជ្រាវ ចងក្រង​ទិន្នន័យ​ពាក់ព័ន្ធ និង​សន្តិសុខ​លម្ហ​សមុទ្រ ព្រមទាំង​រាប់​ចំនួន​កោះ និង​ប្រជុំ​កោះ ដើម្បី​ចងក្រង​ឯកសារ​អោយបាន​ត្រឹមត្រូវ​ថែមទៀត​។​

​កិច្ចប្រជុំ​នេះ រៀបចំឡើង នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នា​សាលប្រជុំ​សាលាខេត្ត​កោះកុង ហើយ​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ រួមជាមួយ​ស្ថាប័ន​អន្តរក្រសួង ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។ កិច្ចប្រជុំ​នេះ ដើម្បី​ឈានទៅ​ចុះ​សិក្សា​ស្រាវជ្រាវ ចងក្រង​ទិន្នន័យ​ពាក់ព័ន្ធ​និង​សន្តិសុខ​លម្ហ​សមុទ្រ និង​រាប់​ចំនួន​កោះ និង​ប្រជុំ​កោះ នៅក្នុង​ភូមិសាស្ត្រ​លម្ហ​សមុទ្រ និង​តំបន់​ជាប់មាត់​សមុទ្រ​នៃ​ខេត្តកោះកុង​។​

​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក ផៃ​ធូ​ន ផ្លា​ម​កេស​ន អភិបាល​ស្តីទី​នៃ​គណៈ​អភិបាលខេត្ត​កោះកុង លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ លោក​អគ្គលេខាធិការរង លោក​មេបញ្ជាការរង លោក ប្រធាន​នាយកដ្ឋាន ~​អនុប្រធាននាយកដ្ឋាន កងកម្លាំង​ទីបញ្ជាការ​ជួរមុខ និង​មន្ត្រី​ស្ថាប័ន​គន្លឹះ​ច្រើន​ស្ថាប័ន​ទៀត បាន​ចូលរួម​៕ ខ្មែរ​ស្ថាបនា​