​អ្នកបំរើ​តាម​ហាង​ពុំមែន​ជា​អាជីព​មួយ​ងាយស្រួល​ឡើយ ។ ក្រៅពី​ភាពរហ័សរហួន ចូរ​ចងចាំ -​លក្ខណៈសម្បត្តិ​ដែល​ត្រូវមាន​- គឺ​ចាំបាច់​ត្រូវ​ចេះ​អំណត់​អត់ធ្មត់ ហើយ​ស្រឡាញ់​អាជីព​នេះ ។ អ្នករត់​តុ​តែង​ប្រាស្រ័យ​នឹង​ភ្ញៀវ​គ្រប់​ឋានៈ និង​រឿងរ៉ាវ​គ្រប់បែបយ៉ាង តម្រូវ​ឲ្យ​មាន​អាកប្បកិរិយា​ស្របតាម​កាលៈទេសៈ​នីមួយៗ​…. ។​

​នាង Melina ជា​អ្នកបំរើ​ម្នាក់​នៅ​ហាង Luby នារ​ដ្ឋ Texas ហើយ​ជា​មនុស្ស​សុទិដ្ឋិនិយម​ស្រឡាញ់​មុខរបរ​នេះ ។​

​រឿងរ៉ាវ​ផ្អែមល្ហែម និង​ជូរចត់ នាង​សុទ្ធសឹង​ឆ្លងកាត់ ។ ក្នុងនោះ មាន​ភ្ញៀវ​ប្រចាំ​ហាង​វ័យ ៨៩ ឆ្នាំ​ម្នាក់ ដែលមាន​ចរិត «​លំបាក​ទ្រាំ​» របស់​មនុស្ស​ចាស់ ហើយ​អ្នកបំរើ​ដទៃទៀត តែង «​គេច​មុខ​» ពេល​ឃើញ​គាត់​ដើរ​ចូលមក ។ តែ​ចំពោះ Melina នាង​បែរជា​គិត​ផ្សេង ហើយ​ជានិច្ចកាល​ក្នុងអំឡុងពេល ៧ ឆ្នាំ ដែល​លោកតា​នោះមក​ហាង Melina តែង​ទទួល​ស្វាគមន៍​គាត់​យ៉ាង​រាក់ទាក់ ទោះបី​គាត់​រអ៊ូរទាំ ជេរ​ស្តី​យ៉ាងណាក្តី ។​

​ពេលវេលា​ចេះតែ​កន្លងទៅ គាត់​មក​ហាង​ជា​រៀងរាល់ថ្ងៃ ហើយ​រាល់​លើក Melina ក៏​តែង​ស្វាគមន៍​ទាំង​ទឹកមុខ​រីករាយ​ដដែល ពុំ​ប្រែប្រួល​នោះទេ ។​

​រហូតដល់​ថ្ងៃមួយ ស្រាប់តែ​ពុំ​ឃើញ​គាត់​មក​ហាង​ទៀត ។ ក្រោយមក ក៏​ទទួលបាន​ព័ត៌មាន​ថា លោកតា – Walter – ជា​ឈ្មោះ​របស់គាត់​បាន​អនិច្ចកម្ម ។ វេលា​មួយ​កន្លងទៅ មិនជា​យូរ​ប៉ុន្មាន ស្រាប់​តែមាន​មេធាវី​ម្នាក់​មករក​នាង​ដល់​ហាង ប្រាប់ថាៈ ខ្ញុំ​ជា​មេធាវី​របស់លោក Walter ។ មុន​ស្លាប់ គាត់​បាន​ឲ្យ​ខ្ញុំ​ប្រាប់​នាង​ថាៈ ប៉ុន្មាន​ឆ្នាំ​មកនេះ គាត់​តែង​រង់ចាំ​វេលា​ដល់​ម៉ោង​បរិភោគ​អាហារ ដើម្បី​ទទួលបាន​អាកប្បកិរិយា​រីករាយ​កក់ក្តៅ​របស់​នា​ង ។​

​មុនពេល​ស្លាប់ គាត់​បាន​ចែក​១​ផ្នែក​នៃ​ទ្រព្យសម្បត្តិ​របស់គាត់​ឲ្យ​នាង គឺៈ ប្រាក់ ៥០,០០០ ដុល្លារ និង​រថយន្ត​១​គ្រឿង ។​

Melina ស្រក់​ទឹកភ្នែក​ដោយ​ពុំ​ដឹងខ្លួន ព្រោះ​គិតថា ខ្លួន​ហាក់​ពុំបាន​ធ្វើ​អ្វី​ធំដុំ​ឲ្យ​គាត់ ក្រៅពី​ការបំរើ​ដិតដល់ និង​តែង​សើច​ញញឹម​រាល់ពេល​គាត់​រអ៊ូរទាំ​ប៉ុណ្ណោះ ៕​