​ក្មេងប្រុស​អាយុ​១០​ឆ្នាំនេះ បានធ្វើ​កិច្ចការ​មួយ​យ៉ាង​ក្លាហាន​គឺ “​ទទួល​ប្អូន​” របស់ខ្លួន​ពេលចេញ​ពី​ឧទរ​របស់​ម្តាយ​ដែលមាន​វ័យ ៣៤​ឆ្នាំ ។​

Ashly Moreau នៅ Sulphur, Louisiana អាមេរិក​បាន​ភ្ញាក់​ពី​ដំណេក រួច​ចូល​បន្ទប់ទឹក​បន្ទាប់ពី​ស្វាមី​ពុំទាន់​រៀបការ​របស់​នាង បានចេញ​ទៅធ្វើ​ការបាត់ ។ ពេលនោះ​ស្រាប់តែ​នាង​បែក​ទឹកភ្លោះ ហើយ​បាតជើង​របស់​ទារក​ត្រៀម​លាន​ចេញមកក្រៅ ។​

​ពេលនោះ​នាង​នៅផ្ទះ​ជាមួយ​កូន​វ័យ​១១​ខែ និង​កូនប្រុស​អាយុ ១០​ឆ្នាំ ឈ្មោះ Jayden Fontenot ប៉ុណ្ណោះ ។ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្រែកហៅ Jayden ។​

​គ្រាន់តែ​ឮ​ម្តាយ​ស្រែកហៅ Jayden រត់​ចូល​បន្ទប់ទឹក​ភ្លាម ហើយ​វា​ក៏​ក្រឡេកឃើញ​ម្តាយ​កំពុង​ធ្លាក់ឈាម និង​ជើង​ប្អូនស្រី​វា​បាន​លៀន​មក​ក្រៅ ។​

​ស្ត្រី​ជា​ម្តាយ​ពោលថា ៖ “​នេះ​ជា​រឿង​គួរ​ឲ្យ​ខ្លាច​បំផុត​ដែល​ខ្ញុំ​ទើប​ឆ្លងកាត់​ក្នុង​ឆាកជីវិត​” ។​

Jayden សម្រេចចិត្ត​ភ្លាមៗ​ដោយ​រត់​ទៅផ្ទះ​ជីដូន​នៅ​ជិត​នោះ​សុំ​ឲ្យ​ជំនួយ រួច​ទូរស័ព្ទ​ហៅ​ឡាន​សង្គ្រោះ ។ ប៉ុន្តែ​ជីដូន​ពុំ​នៅផ្ទះ Jayden បក​មក​មើល​ម្តាយ​វិញ​ភ្លាម ។​

​ក្មេងប្រុស​រូបនេះ បាន​ស្រូបខ្យល់​មួយ​ដង្ហើមវែង រួច​ប្រាប់​ម្តាយ “Ok ! ម៉ែ​ប្រាប់​ពីអ្វី​ដែល​កូន​ត្រូវធ្វើ ហើយ​កូន​នឹងធ្វើ​បាន​ណា៎​!” ។​

​ស្ត្រី​ជា​ម្តាយ​ប្រាប់ថា កូនប្រុស​កូន​កុំ​តក់ស្លុត ហើយ​ថែមទាំង​រឹងមាំ និង​ក្លាហាន​ណាស់​! ។​

Jayden ប្រាប់ថា ខ្លួន​បាន​ប្រឹង​ទាញ​ជើង​ប្អូន​ថ្នមៗ ខណៈដែល​ម្តាយ​ប្រឹង “​ច្រាន​” ហើយ​មួយសន្ទុះ​ក្រោយ​ទារិកា​ក៏​ចាប់កំណើត ។ ប៉ុន្តែ​! ទារិការ​ពុំ​ឃើញ​ដកដង្ហើម !

​ពេលនោះ Jayden បាន​ស្ទុះ​ទៅយក​ឧបករណ៍​ជំនួយ​ដង្ហើម ដើម្បី​បូម​ស្លេះ​របស់​ប្អូនស្រី ។ ប៉ុន្មាន​នាទី​ក្រោយ​រថយន្ត​សង្គ្រោះបាន​មកដល់ ។​

Moreau ស្ត្រី​ជា​ម្តាយ​ពោល “Jayden ពិតជា​ក្លាហាន​!​ជា​វីរជន​របស់ខ្ញុំ​!” ។ រីឯ​វេជ្ជបណ្ឌិត​និយាយថា ៖ Jayden បាន​សង្គ្រោះ​ជីវិត​នាង​ម្តាយ និង​ប្អូន​របស់ខ្លួន ។ Dexx ឈ្មោះ​របស់​ទារិកា​ឥឡូវ​បានល្អ​ប្រសើរ​ហើយ ៕​