​​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន នា​ខេត្ត​ព្រះសីហនុ អះអាងថា បរិវេណ​ដី​ព្រៃកោងកាង ឬ​ព្រៃ​លិច​ទឹក​នៅ​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ដែល​ត្រូវគេ​ចាក់ដី​ធ្វើ​ប្លង់​កម្មសិទ្ធិឯកជន​កន្ល​ង​មក មិនទាន់​ត្រូវបាន អភិបាលខេត្ត​ព្រះសីហនុ និង​រដ្ឋមន្ត្រីក្រសួង​ដែនដី ព្រមទាំង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ដកហូត​ឬ​និ​រា​ការណ៍​បណ្ណ​កម្មសិទ្ធិ​ទាំងនោះ​ចោល ឲ្យ​ស្របតាម​បទបញ្ជា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំណត់​នោះទេ​។​

​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​សាធារណៈជន ខេត្ត​ព្រះសីហនុ បាន​អះអាងថា បរិវេណ​ដីព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង​ជា​ជំ​រកត្រី​សមុទ្រ​បន្ត​ពូជ និង​ប្រភព​ជីវៈចម្រុះ​ផ្សេងៗ មាន​ទីតាំងនៅ​តំបន់​ស្ពាន​ឆេះ ជាប់​ឆ្នេរ​អូរត្រេះ ស្ថិតក្នុង​សង្កាត់​លេខ​៤ រាប់សិប​ហិច​តារ និង​ព្រៃកោងកាង​រាប់ រយ​ហិច​តារ មាន​ទីតាំងនៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ព្រមទាំង​ព្រៃកោងកាង​នៅតាម​តំបន់​ខ្លះទៀត នា​ស្រុក​ស្ទឹងហាវ បាន​បន្តកាន់កាប់ ដោយ​ឈ្មួញ និង​បុគ្គល​ឯកជន​ដដែល ទោះបី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​បទបញ្ជា ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រីក្រសួង​មួយចំនួនទៀត ព្រមទាំង​អភិបាលខេត្ត​ជាប់​សមុទ្រ​ទាំង ៤ មាន​ខេត្ត​ព្រះសីហនុ​ជាដើម ឲ្យ​និរាករណ៍​បណ្ណ​កម្មសិទ្ធិ​ទាំងនោះ​ចោល​បែបណា​ក្តី​។​

​ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សាទរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​បទបញ្ជា​ឲ្យ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និរាករណ៍ ឬ​លុប​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដែល​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃកោងកាង នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ មាន​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង​។​

​លោក ស្រេង វ៉ាន់​លី អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូរ ប្រចាំខេត្ត​ព្រះសីហនុ បាន​គាំទ្រ ចំពោះ​ចំណាត់ការ របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លុបចោល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ពាក់ព័ន្ធ​ដី​ព្រៃកោងកាង​ជំ​រកត្រី​សមុទ្រ​បន្ត​ពូជ និង​ជា​ប្រភពធនធាន​ជីវចម្រុះ​បាតសមុទ្រ​កម្ពុជា នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤​។​

​ទោះជា​បែបនេះ​ក្តី លោក វ៉ាន់​លី ហាក់​មិនទាន់មាន​ទំនុកចិត្ត​ថា បទបញ្ជា របស់​ប្រមុខ​ដឹកនាំ មាន​មន្ត្រីក្រោមឱវាទ​ពាក់ព័ន្ធ ចុះ​អនុវត្ត​ការងារ​ដកហូត​ដី​ព្រៃកោងកាង ឬ​និរាករណ៍​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​ត្រូវ​ឈ្មួញ និង​បុគ្គល​មួយចំនួន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នៅតាម​ស្ថាប័ន​ខ្លះ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក មាន​ប្រសិទ្ធភាព​ទេ​? ព្រោះ​កន្លងមក​បទបញ្ជា របស់​ប្រមុខ​ដឹកនាំ​ដាក់​ឲ្យ​មន្ត្រី​នៅតាម​រាជធានី​ខេត្ត​មួយចំនួន​អនុវត្ត គឺ​ភាគច្រើន​មិនមាន​មន្ត្រី របស់លោក​នៅតាម​ថ្នាក់​ខេត្ត​អនុវត្តតាម​នោះទេ ហើយ​បទល្មើស​ផ្សេងៗ បាន​បន្ត​កើតមាន​រហូតមកដល់​ពេលនេះ​ដដែល​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ អះអាងថា បរិវេណ​ដី​ព្រៃកោងកាង​មាន​ដើម​ដុះ​ល្អៗ​ជាច្រើន​ហិច​តារ ដែល​កន្លងមក​ត្រូវ​ឈ្មួញ និង​បុគ្គល​ឯកជន បាន​ដឹក​ដី​ចាក់​លុប មាន​ទីតាំង​នៅជាប់​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ស្ពាន​ឆេះ ស្ថិតក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ និង​បរិវេណ​ព្រៃកោងកាង​រាប់រយ​ហិច​តារ មាន​ទីតាំងនៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ និង​ដី​ព្រៃកោងកាង​នៅតាម​តំបន់​មួយចំនួនទៀត នា​ស្រុក​ស្ទឹងហាវ បាន​បន្តកាន់កាប់​ដោយ​ឈ្មួញ មានទ្រព្យ និង​បុគ្គល​ឯកជន​គ្មាន​ការផ្លាស់ប្តូរ​នោះទេ ។

​ទាក់ទិន​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​វេទិកា​ស្ដីពី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ លើក​ទី​២ ដែល​បាន​រៀបចំឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ស្នើ​ដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​លោក​រដ្ឋមន្ត្រី​នៅតាម​ក្រសួង​មួយចំនួនទៀត ព្រមទាំង​ថ្នាក់ដឹកនាំ​នៅតាម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ ត្រូវការពារ ឬ​ថែរក្សា​ដី​តំបន់​ឆ្នេរសមុទ្រ និង​បរិវេណ​ដី​ព្រៃកោងកាង​ឬ​ព្រៃ​លិច​ទឹក ឲ្យ​បាន​គង់វង្ស​។​

​កាលណោះ ប្រមុខ​ដឹកនាំ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ មាន​ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ឲ្យ​និរាករណ៍​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ចេញ​ដោយ​ស្ថាប័ន​ជំនាញ​កន្លងមក ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ​។

​ចំណែក លោកស្រី ជៀប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា បរិវេណ​ដី​ព្រៃកោងកាង ឬ​ព្រៃ​លិច​ទឹក ដែល​ឈ្មួញ និង​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខ្លះ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​អាណត្តិ​កន្លងមក បាន​បន្តកាន់កាប់​ដោយ​បុគ្គល​ឯកជន​។ លោកស្រី បន្តថា បរិវេណ​ផ្ទៃដី​ព្រៃកោងកាង​ទាំងនោះ មិនទាន់​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រសួង​ពាក់ព័ន្ធ​ដកហូត​មក​ទុកជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​នៅឡើយ​ទេ​រហូតមក​ដល់ពេលនេះ​។

​លោកស្រី សុធា​រី សោកស្តាយ ដែល​បរិវេណ​ដី​ព្រៃកោងកាង មាន​ដើម​ដុះ​ធំៗ​ជាច្រើន​ហិច​តារ មាន​ទីតាំង​នៅជាប់​ភ្នំ​ដំណាក់​ស្តេច ជាប់​ឆ្នេរ​អូរត្រេះ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បន្តកាន់កាប់​ដោយ​ឯកជន​និ​បរិវេណ​ព្រៃកោងកាង ឬ​ព្រៃ​លិច​ទឹក រាប់រយ​ហិច​តារ​ទៀត មាន​ទីតាំងនៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ក៏ត្រូវ​ឈ្មួញ បន្តកាន់កាប់​រហូតមក​ដល់ពេលនេះ ទោះ​មាន​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​និរាករណ៍​បណ្ណ​កម្មសិទ្ធិ​ដីធ្លី ទាំងឡាយណា ដែល​នាំ​ប៉ះពាល់​ដល់​ដី​ព្រៃកោងកាង​បែបណា​ក្តី​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ​គ្មាន​ជំនឿ​ថា មន្ត្រី​នៅតាម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ ពិសេស​អភិបាលខេត្ត​ព្រះសីហនុ ហ៊ាន​សើរ​រើប​ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​ដី​ព្រៃកោងកាង​នៅតាម​តំបន់​មួយចំនួន នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​នោះទេ ព្រោះ​អ្នក​ឃុបឃិត​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដីព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង​ភាគច្រើន គឺជា​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​ជាដើម​។​

​ទាក់ទង​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​បង្ហាញ​ការរារែក ឬ​មិន​ហ៊ាន​សើរ​រើប​ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​ត្រូវ​មន្ត្រី​ស្ថាប័ន​ជំនាញ ចេញ បណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ប៉ះពាល់​ដល់​ដី​ព្រៃកោងកាង​នាពេល​កន្លងមក​ទេ​។ យ៉ាងនេះ​ក្តី​លោក​ថា នឹង​រួមសហការ​ជាមួយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​ដទៃទៀត ចុះ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព តាម​ការចង្អុលបង្ហាញ របស់​ប្រមុខ​ដឹកនាំ​ដាក់​ឲ្យ​អនុវត្ត​ល​ការងារ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ព្រៃកោងកាង និង​ដី​តំបន់ឆ្នេរ​សមុទ្រ​នេះ​ឲ្យ​គង់វង្ស​។​

​ទោះជា​បែបនេះ​ក្តី សាធារណៈជន និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន នា​ខេត្ត​ព្រះសីហនុ បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​តាមដាន សកម្មភាព​របស់​ថ្នាក់ដឹកនាំ​នៅតាម​ក្រសួង​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ​នៅតាម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ ថា​តើ​មន្ត្រី​ទាំងនោះ បាន​ចុះ​អនុវត្ត​បទបញ្ជា ថែរក្សា​ការពារ​ព្រៃកោងកាង ដី​ចំណី​ឆ្នេរសមុទ្រ និង​ធនធានធម្មជាតិ​ជីវៈចម្រុះ​បាតសមុទ្រ​ជាដើម មាន​ប្រសិទ្ធភាព​ត្រឹម​កំរិតណា ព្រោះ​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​បានដាក់​ឲ្យ​អនុវត្ត​ភាគច្រើន​នាពេល​កន្លងមក គឺ​មិនមាន​មន្ត្រី​អនុវត្តតាម​ទេ ឬក៏​អនុវត្ត​ដែរ ប៉ុន្តែ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព​នោះទេ​៕ ខ្មែរ​ស្ថាបនា