​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី ដែល​វិនិយោគ​លើ​ការប្រមូល​កាកសំណល់​រឹង និង​ដឹកជញ្ជូន​សំរាម​ប្រចាំខេត្ត​ព្រះសីហនុ​ កន្លងមក ពេលនេះ​បានប្រកាស​ឈប់​បន្ត​ប្រមូល​សំរាម នា​មូលដ្ឋាន​ក្រុង​ទេសចរណ៍​នេះ​ទៀតហើយ ចាប់ពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧​តទៅ​។

Loading...

​នៅក្នុង​លិខិត ឬ​សំណើរ​សុំ​ផ្អាក​ការផ្តល់​សេវាកម្ម​ប្រមូល​សំអាត និង​ដឹកជញ្ជូន​កាកសំណល់​រឹង សម្រាប់​ក្រុងព្រះសីហនុ ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ របស់ លោក សេង សា​វី ប្រធាន​ក្រុមហ៊ុន​ក្រុមហ៊ុន​ស៊ិន​ទ្រី ផ្ញើជូន​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី សុំ​ឈប់​ប្រមូល​សំរាម​នា​ក្រុង​ទេសចរណ៍​មួយ​នេះ ដោយសារ​ក្រុមហ៊ុន​បាន​រកស៊ី​ខាត​ជា​បន្តបន្ទាប់​មកនេះ​។ ព្រោះ​សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ ប្រមាណ​ត្រឹមតែ ៤០​ភាគរយ​ទេ ដែល​បាន​បង់​សេវា​ប្រមូល​សំរាម​ជូន​ក្រុមហ៊ុន​ស៊ិន​ទ្រី ក្រៅពីនោះ​មិនបាន​បង់​ជូន​ទេ​។

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ក៏បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ទេសចរណ៍​មួយ​នេះ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ពេលនេះ​ក្រុមហ៊ុន​ស៊ិន​ទ្រី បានដាក់​លិខិត​មក​រដ្ឋបាល​ក្រុង​-​ខេត្ត ព្រះសីហនុ ស្នើសុំ​ឈប់​ផ្តល់​សេវា​ប្រមូល សំអាត និង​ដឹកជញ្ជូន​សំរាម នៅ​ក្រុងព្រះសីហនុ ចាប់ពី ១៥ ខែសីហា ឆ្នាំ​២០១៧ តទៅ​។​

​ក្នុងន័យនេះ លោក​ថា ប្រសិនបើ​ក្រុមហ៊ុន​ស៊ិន​ទ្រី ឈប់​ប្រមូល​សំរាម ស្របទៅតាម​សំណើរ​ក្រុមហ៊ុន​នេះ​មែន​នោះ គឺ​មានន័យថា ក្នុង ១​សប្តាហ៍ សំរាម​នៅ​ទូទាំង​ក្រុង​ទេសចរណ៍​មួយ​នេះ មាន​ចំនួន​ប្រមាណ ១​ពាន់ ៤​រយ ៧០​តោន (១.៤៧០)​នឹងត្រូវ​គរ​ចោល​ដូច​ភ្នំ​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ​។

​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​ដ៏​ឆាប់ ឬ​ក្នុង​រយៈពេល​ត្រឹម ១​ខែ រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ មិនអាច​ស្វែងរក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​ក្រុមហ៊ុន​ចាស់ ដើម្បី​ប្រមូល​សំរាម​ក្នុង​ក្រុង​នេះ​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ព្រោះថា បើ​ត្រូវ​បញ្ជា​ទិញ​រថយន្ត​ដឹក​សំរាម ឬ​ប្រមូល​សំរាម មកពី​ក្រៅប្រទេស ក៏​យ៉ាងហោច​ត្រូវការ​ចំណាយពេល ២​ខែ​យ៉ាងតិច​ដែរ ទើបបាន​មកដល់​។

​បញ្ហា​នេះ អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ចម្បង ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី សុំ​ឈប់​ប្រមូល​សំរាម ដោយសារ​ក្រុមហ៊ុន​នេះ​រកស៊ី​ខាត បណ្តាលមកពី​បងប្អូន​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិ​ករ​ទេសចរ រស់នៅក្នុង​ក្រុងព្រះសីហនុ ដែល​កន្លងមក​បាន​រិះគន់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ប្រមូល​សំរាម​យឺត ឬ​មិនទាន់​ពេលវេលា​ជាដើម​នោះ ប៉ុន្តែ​ទន្ទឹមគ្នានេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៦០​ភាគរយ គឺ​មិនបាន​បង់​សេវា​ប្រមូល​សំរាម​ប្រចាំខែ​ឲ្យ​បាន​ទៀងទាត់ ជូន​ក្រុមហ៊ុន​ស៊ិន​ទ្រី​នោះទេ គឺ​ក្រុមហ៊ុន​នេះ​ប្រមូល​បានត្រឹមតែ ៤០​ភាគ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​តែប៉ុណ្ណោះ​ទេ​។

​ក្រោយពេល​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ទទួលបាន​លិខិត​សុំ​ឈប់​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅក្នុង​ក្រុងព្រះសីហនុ ពី​ប្រធាន​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​បានដាក់​សំណើរ​មករ​ដ្ឋ​បាល​ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពីពេល​ថ្មីៗ​នេះ​រួចមក​។ លោក អ៊ី សុខ​ឡេង បាន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត បាន​កោះប្រជុំ​ជាបន្ទាន់​មួយ នាទី​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ក្រោម​ឱវាទ​រដ្ឋបាលខេត្ត រួមមាន​៖ រដ្ឋបាល​ក្រុង មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​បរិស្ថាន និង​ក្រុមហ៊ុន​ស៊ិន​ទ្រី​ជាដើម ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ត​លើ​បញ្ហា​គ្រប់គ្រង​កា​កក​សំណល់​សំរាម​នេះ​។

​លោក​បន្តថា កិច្ចប្រជុំ​នោះ បាន​ចំណាយពេល ៣​ថ្ងៃ ដើម្បី​ជួបពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​គ្រប់គ្រង​សំរាម ក្នុង​ក្រុងព្រះសីហនុ ប៉ុន្តែ​ចំពោះ​លទ្ធផល គឺ​ទទួលបាន​ត្រឹម​ក្រុមហ៊ុន​ស៊ិន​ទ្រី យល់ព្រម​បន្ត​ប្រមូល​កាកសំណល់​រឹង និង​ដឹកជញ្ជូន​សំរាម​បន្ត​នា​មូលដ្ឋាន​នេះ​បន្ថែម​ត្រឹម ១​ខែ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ចាប់ពី​ថ្ងៃទី​១៤ ខែសីហា ដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ ក្រុមហ៊ុន​នេះ​ប្រកាសថា​ឈប់​ទទួល​ប្រមូល​សំរាម​ទៀតហើយ​។​

​បញ្ហា​នេះ លោក អ៊ី សុខ​ឡេង បាន​ស្រង់​សំដី​តំណាង​ក្រុមហ៊ុន​ស៊ិន​ទ្រី​លើកឡើង នៅក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​លើ​បញ្ហា​សំរាម មក​បញ្ជាក់ថា បើ​ក្នុង​រយៈពេល ១​ខែ​នេះ ក្រុមហ៊ុន​ខ្លួន នៅ​បន្ត​ខាតបង់​ថវិកា​ពី​ការប្រមូល​សំរាម​នេះ​ទៀត​នោះ ក្រុមហ៊ុន​នេះ អះអាងថា នឹង​ឈប់​វិនិយោគ​ផ្តល់​សេវា​ប្រមូល​សំរាម និង​ដឹកជញ្ជូន​សំរាម នៅក្នុង​ក្រុងព្រះសីហនុ​ជា​បន្ត​ទៀតហើយ​នា​ថ្ងៃ​អនាគត​។ ហើយ​ករណីនេះ រដ្ឋបាល​ក្រុងព្រះសីហនុ ក៏ត្រូវ​ចំណាយ​ថវិកា​ខាតបង់ ជូន​ក្រុមហ៊ុន​ស៊ិន​ទ្រី​ចំនួន ៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​អំឡុងពេល​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម ជា​ជំ​ហ៊ាន​ដំបូង​ក្នុង ១​ខែ​នេះ​។​

​ក្នុងនាម​រដ្ឋបាល​ក្រុងព្រះសីហនុ លោក អ៊ី សុខ​ឡេង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ទាំងអស់ ត្រូវ​ចូលរួម​ភ្ជាប់​សេវា​ប្រមូល​សំរាម និង​បង់​សេវា​សំរាម ជូន​ក្រុមហ៊ុន ស៊ិន​ទ្រី ឲ្យ​បាន​ទាំងអស់គ្នា ប្រយោជន៍​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ មានលទ្ធភាព​ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ជូន​បងប្អូន ឲ្យ​បាន​ទៀងទាត់ និង​បាន​រាល់ថ្ងៃ ដើម្បី​រួមចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន​ខេត្ត​ទេសចរណ៍​មួ​ហ​នេះ ឲ្យ​មាន​បរិស្ថាន​ល្អ សម្រាប់​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែមទៀត នា​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​។​

​ទន្ទឹមគ្នានេះ លោក អ៊ី សុខ​ឡេង ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ​ទេសចរ ភ្ញៀវទេសចរ និង​ផ្នែក​ពាក់ព័ន្ធ ស្នើ​ឲ្យ​ចូលរួម​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាកសំណល់​រឹង​គ្រប់​ប្រភេទ យកទៅ​ទុកដាក់ ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​របៀបរៀបរយ​ល្អ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ដើរ​ប្រមូល​សំរាម​យកទៅ​បោះចោល​នៅ​ទីតាំង​ចាក់សំរាម​។ ជាងនេះទៀត ក៏​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច ដែល​កន្លងមក​បាន​បោះចោល​សំរាម នៅតាម​អូរ និង​បាន​ដឹក​សំរាម​តាម​រថយន្ត យកទៅ​ចាក់ចោល តាម​ចិញ្ចើមផ្លូវ​សាធារណៈ និង​ដីឡូត៍​ត្រូវ​ម្ចាស់​ទុកចោល​គ្មាន​ការអភិវឌ្ឍ​ជាដើម ត្រូវ​បញ្ឈប់​សកម្មភាព​អវិជ្ជមាន ឬ​អសកម្ម​នេះ​ជា​បន្តទៀត ហើយ​ត្រូវ​ងាក​មក​រួមចំណែក​ថែរក្សា​អនាម័យ និ​បរិស្ថាន​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ជាមួយ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់គ្នា​។

​ត្រង់ចំណុច​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បញ្ជាក់ថា កន្លងមកនេះ ទោះបី​រដ្ឋបាល​ក្រុង បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​បរិស្ថាន ចាប់​រថយន្ត​ដឹក​សំរាម​យល​ទៅ​ចាក់ចោល​អនាធិបតេយ្យ គ្មាន​សណ្តាប់ធ្នាប់ ដើម្បី​ផាកពិន័យ​ជា​បន្តបន្ទាប់​ជាច្រើន​ករណី​បែបណា​ក្តី ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនទៀត បាន​បន្ត​លួច​ដឹក​កាកសំណល់​សំរាម យកទៅ​ចាក់ចោល​នៅតាម​អូរ​បង្ហូរទឹក តាម​ចិញ្ចើមផ្លូវ​សាធារណៈ និង​ចាក់ចោល​នៅតាម​ទីតាំង​ដីឡូត៍ ដែល​ត្រូវ​ម្ចាស់​ព័ទ្ធរបង​ទុកចោល​ជាដើម បាន​បន្ត​កើតមាន ដោយ​មិនទាន់បាន​ចូលរួម​សហការ​ថែរក្សា​អនាម័យ​ជាមួយ​អាជ្ញាធរ ឲ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​៕ ខ្មែរ​ស្ថាបនា​