បន្ទាប់​ពី​ចំណាយ​ពេល​តែ​ពីរ​ថ្ងៃ​ក្នុង​ការ​សួរ​ចម្លើយ​លោក កឹម សុខា តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ជា​ផ្លូវការ​ហើយ​ពី​ទោស​ក្បត់​ជាតិ។ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​បកស្រាយ​ថា បទ​ចោទ​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ក្រោម​លេស​អនុវត្ត​ច្បាប់។

នេះ​អាច​ជា​លើក​ទី​មួយ​ហើយ​ដែល​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ចំណាយ​ពេល​ទៅ​សួរ​ចម្លើយ​ជន​សង្ស័យ កឹម សុខា ដល់​ពន្ធនាគារ​នៅ​ជិត​ព្រំដែន​វៀតណាម ដែល​រឿង​ក្តី​កន្លង​ទៅ ច្រើន​តែ​នាំ​ជន​សង្ស័យ​មក​កាន់​តុលាការ​ផ្ទាល់​ដើម្បី​សាកសួរ។ តែ​ពីរ​ថ្ងៃ​គត់ សំណុំ​រឿង​របស់​លោក កឹម សុខា បាន​ធ្លាក់​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ គឺ​លោក គី ឬទ្ធី ក្រោយ​ពី​ព្រះរាជអាជ្ញា​រង​បញ្ចប់​ការ​ស៊ើប​អង្កេត និង​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​គ្នា​ដោយ​សម្ងាត់​ជាមួយ​បរទេស​ផ្ដួល​រំលំ​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ក្នុង​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា អះអាង​ថា ការ​ចាប់​ខ្លួន​ដោយ​កម្លាំង​នគរបាល​យុត្តិធម៌ និង​ឆ្លង​កាត់​ការ​ស្រាវជ្រាវ​ពិនិត្យ​ភស្តុតាង និង​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​ជន​សង្ស័យ តុលាការ​អាច​កំណត់​បាន​ថា​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​តំណាង​អយ្យការ ចោទ​ប្រកាន់​ប្រឆាំង​លើ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​បាន។

បើ​ទោះ​ជា​បែប​នេះ​ក្ដី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​លោក ជូង ជូងី យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ដ៏​ប្រញាប់ប្រញាល់​ក្រោម​បទ​ចោទ​ក្បត់​ជាតិ ដោយ​អះអាង​ថា​ជា​បទល្មើស​ជាក់ស្ដែង​នេះ គឺ​ពុំ​មាន​ហេតុផល​ទាល់​តែ​សោះ។ លោក ជូង ជូងី ដែល​នៅ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​បិទ​សិទ្ធិ​ត្រង់​មាត់​ច្រក​នៃ​គុក​ត្រពាំងផ្លុង មិន​ឲ្យ​ចូល​ជួប​លោក កឹម សុខា ក្នុង​នាម​ជា​មេធាវី​នោះ ចាត់​ទុក​ថា​ការ​រឹត​បន្តឹង​សិទ្ធិ​រហូត​ដល់​មេធាវី​មិន​អាច​ចូល​ជួប​កូន​ក្តី​របស់​ខ្លួន​បាន គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​បំពាន។ លោក​បន្ត​ថា «ចំណាត់ការ​អ៊ីចឹង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ច្បាប់​ផង ប៉ះពាល់​ដល់​សិទ្ធិ​ឯកឧត្ដម កឹម សុខា ផង និង​ប៉ះពាល់​ដល់​សិទ្ធិ​ខ្ញុំ​ជា​មេធាវី​ជា​អ្នក​ការពារ​ក្តី​ឲ្យ​ឯកឧត្ដម កឹម សុខា ផង គឺ​ឥរិយាបថ​ក្នុង​ការ​ចាត់ការ ឬ​ក៏​រុញ​ពី​មួយ​ទៅ​មួយ​ដូច្នេះ​ហើយ គឺ​អត់​ត្រឹមត្រូវ​ទេ គឺ​ប៉ះពាល់​ទៅ​លើ​វិស័យ​ច្បាប់»។

លោក កឹម សុខា ត្រូវ​បាន​កម្លាំង​នគរបាល​ចូល​ឡោមព័ទ្ធ​ផ្ទះ និង​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ពី​បទ​ក្បត់​ជាតិ។ ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ និង​ចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ទៅ​ចៅក្រម​បន្ត តុលាការ​ក៏​បាន​បញ្ជូន​ដីកា​ទៅ​រដ្ឋសភា​ដែរ។ ការ​បញ្ជូន​ដីកា​ទៅ​រដ្ឋសភា​ក្រោយ​ពេល​ចោទ​ប្រកាន់​ដោយ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​នេះ អាច​ជា​ការ​ស្នើ​ឲ្យ​រដ្ឋសភា​បើក​ផ្លូវ​ដក​អភ័យ​ឯកសិទ្ធិ​សភា​ពី​អ្នក​តំណាងរាស្ត្រ ដើម្បី​ងាយស្រួល​ក្នុង​ដំណើរការ​តាម​ផ្លូវ​តុលាការ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​ថា បាន​ទទួល​ដីកា​ពី​តុលាការ​ជុំវិញ​បទ​ចោទ​នេះ​រួច​ហើយ។ លោក​បញ្ជាក់​ថា គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​ប្រជុំ​សម្រេច ហើយ​ឆ្លើយតប​ទៅ​តុលាការ​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ លោក​បន្ត​ថា «យើង​ចង់​ប្រជុំ​ឆាប់ៗ​នេះ។ ឆាប់ៗ​នេះ ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ណា​ទេ។ ឆាប់ៗ​មិន​យូរ​ទេ»។

ស្រប​ពេល​អាជ្ញាធរ​កម្ពុជា និង​តុលាការ​ប្រញាប់ប្រញាល់​រុញ​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ​ឲ្យ​ដល់​គោលដៅ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក ជេង ហ្សួង (Geng Shuang) ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ថា ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភ័ក្ដិ​ល្អ ជា​ដៃគូ និង​ជា​បង​ប្អូន​គ្នា​នឹង​កម្ពុជា ភាគី​ចិន តែង​គាំទ្រ​កម្ពុជា តាម​ផ្លូវ​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ និង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​លើក​កម្ពស់​សន្តិសុខ និង​ស្ថិរភាព​ជាតិ។

ផ្ទុយ​ពី​ជំហរ​របស់​ចិន នេះ ស្ថានទូត​ចំនួន​ពីរ គឺ​ស្ថានទូត​ស្វីស ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក និង​ស្ថានទូត​បារាំង ព្រម​ទាំង​សហភាព​អឺរ៉ុប បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​ចំពោះ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​នេះ។ សេចក្តី​ថ្លែងការណ៍​នេះ សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​ច្បាប់​នេះ គឺ​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ដែល​បាន​ចាក់​ឫស​នៅ​កម្ពុជា។ ជាង​នេះ​ទៀត សេចក្តី​ថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ដោយ​សេរី គោរព​សិទ្ធិ​អ្នក​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ត្រូវ​ប្រាកដ​ថា ដំណើរ​ក្តី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ត្រូវ​មាន​ភាព​ឯករាជ្យ។

សេចក្ដី​ថ្លែងការណ៍​របស់​ប្រទេស​ស្វីស ដាច់​ដោយឡែក​ពី​គ្នា ប៉ុន្តែ​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕ ប្រភព៖ RFA