​សមត្ថកិច្ច​របស់​ថៃ​បាន​ឆ្មក់​ចូល​វត្ត​មួយ​នៅ​ខេត្ត Nakhon Nayok ដើម្បី​ចាប់ខ្លួន​ចៅអធិការ និង​ជំនួយការ ។ ជន​ទាំង​២​ត្រូវបាន​ចោទប្រកាន់ថា​បាន​លក់​គ្រឿងញៀន​ឲ្យ​អ្នកជំងឺ​ក្នុង​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ពុទ្ធសាសនា​របស់​ពួកគេ ។​

​ចៅអធិការ Sunwan Wongsricha អាយុ ៦១ ឆ្នាំ និង​ជំនួយការ Suwan Chot Imsamai អាយុ ៤៣ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​ពលរដ្ឋ មជ្ឈមណ្ឌល​នេះ​តាមពិត​ទៅជា​កន្លែង​ផ្ទុក​ពួក​ញៀន​ថ្នាំ ហើយ​ប្រភេទ​ឱសថ​ដែល​វត្ត​នេះ​លក់​ឲ្យ​អ្នកជំងឺ​តម្លៃ ១០០ បាត​/១​ដប តាមពិតទៅ​វា​ជា​សារធាតុ​រាវ​នៃ​កាហ្វេ​អ៊ី​ន និង​ម៉ា​ទឹកកក ។​

​ការិយាល័យ​គណៈកម្មកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន (ONCB) ចាប់​បើក​ការស៊ើបអង្កេត​វត្ត​នេះ​តាំងពី​១​ខែ​មុន​ម្លេះ ដោយ​ប្រើ​ចារបុរស​ម្នាក់​ដើរតួ​ជា​ជន​ញៀន​គ្រឿងញៀន មក​ព្យាបាល ។​

​ចារបុរស​រូបនេះ​ត្រូវបាន​សង្ឃ​ទាំង​២​ទទួល​ឲ្យ​ចូល​ដោយ​បង់​វិភាគទាន ៥០០ បាត ហើយ​ថ្លៃ​ថ្នាំ​១​ដប ១០០ បាត ។ ក្រោយពេល​យក «​ថ្នាំ​» នោះ​ទៅធ្វើ​កោសល្យ​វិ​ច្ឆ័​យ ទើប​ដឹងថា មាន​គ្រឿងញៀន​ក្នុងនោះ​មែន ។ គេ​បន្ត​សាកល្បង​វិភាគ​មើល​ថ្នាំ ១១ ដប បន្ថែមទៀត លទ្ធផល​គឺ​ដូចគ្នា ។​

​ពេល​អង្កេត​មើល​ប្រវត្តិរូប ទើប​ដឹងថា ចៅអធិការ​រូបនេះ​ធ្លាប់​ត្រូវ​ចាប់ខ្លួន​បណ្តេញចេញ​ពីសា​សនា​ព្រះពុទ្ធ និង​ជាប់គុក​ពីបទ​ដូចគ្នានេះ ។ ពេលនោះ ជនល្មើស​មានឈ្មោះ Phra Khru Opasthamchote ៕