​​​ជិត​រំលង​អា​ធ្រា​ត​ថ្ងៃទី​៨ ខែកញ្ញា អ្នកជំនាញការ​បាន​ទាត់ចោល​គ្រោងការណ៍​លើកឡើង​មុនៗ​នោះ​ថា ព្យុះ Irma ពុំ​ឆ្លងកាត់ Florida ។​ ​ហើយតាមរយៈផ្កាយរណប GOES របស់ NOAA បង្ហាញ​ឲ្យ​ឃើញ​ព្យុះ Irma កំពុង​ចលនា​ពី​សមុទ្រ Caribbean មកកាន់​ឆ្នេរសមុទ្រ Florida ក្នុង​កំរិត​៤ វេលា​ម៉ោង ១៤ និង​៤៥​នាទី UTC ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ ។​

​តាម​លោក Dave Epstein ជា​អ្នក​ឧ​ត្តុ​និយម​ម្នាក់​បាន​សរសេរ​លើ Twitter ថាៈ «​ពុំមាន​ការមន្ទិលសង្ស័យ​អ្វី​ទៀត​ទេ ព្យុះ Irma នឹង​វាយប្រហារ Florida ។ បញ្ហា​ស្ថិត​នៅត្រង់ថា កន្លែង​ណា ហើយ​អ្នកណា​នឹងត្រូវ​រង​មហន្តរាយ​ខ្លាំងជាងគេ​ប៉ុណ្ណោះ​!» ។​

​លោក Ryan Maua ជា​អ្នក​ឧ​ត្តុ​និយម និង​ឯកទេស​ពី​ព្យុះ ក៏បាន​សន្និដ្ឋាន​ដូចគ្នា​ដែរ​គឺ «​ពុំមាន​សេសសល់​ការមន្ទិលសង្ស័យ​អ្វី​មួយទៀត ពី​រឿង​ព្យុះ Irma នឹង​វាយប្រហារ​ដែន​គោក​…. សំណាងអាក្រក់​ដែល​រឿងនេះ​ប្រាកដជា​កើតឡើង​» ។​

​ការ​គួបផ្សំ​ដ៏​អាក្រក់​រវាង​ព្យុះ​នឹង​បរិមាណ​ភ្លៀង​នាំមក​នូវ​លទ្ធភាព​ធ្វើ​ឲ្យ Florida រងគ្រោះ​ធ្ងន់ធ្ងរ​ឡើង ។ មជ្ឈមណ្ឌល​ព្យុះ​ជាតិ​អាមេរិក (NHC) ឲ្យ​ដឹងថា តំបន់​មួយចំនួន​នៅ​ភាគ​និរតី​នឹង​ឃើញ​កំរិត​ទឹក​កើន​ដល់ ៣,៧ ម៉ែត្រ ហើយ​កន្លែង​មួយចំនួនទៀត នឹងរង​បរិមាណ​ភ្លៀង​ដល់​ទៅ ៥០ សង់ទីម៉ែត្រ ។​

​នៅមាន​ហានិភ័យ​ដ៏​សែន​គ្រោះថ្នាក់​បន្ថែម​លើ​នេះ ប្រសិនបើ​ខ្យល់ព្យុះ​វាយប្រហារ​កំរិត​កំពូល​ចំពេល​ដែល​ទឹក​កំពុង​ជោរ​ឡើង​នោះ -​សោកនាដកម្ម​ពិតជា​ធ្ងន់ធ្ងរ​បំផុត ។​

​ព្យុះ Irma ទោះបី​ធ្លាក់​មួយកំរិត​មក​ត្រឹម​កំរិត ៤ ក្តី នៅ​ថ្ងៃទី​៨ ខែកញ្ញា ប៉ុន្តែ ទំហំ​ដ៏​ធំ​របស់​វា​នៅ​រក្សា​ដដែល និង​សែន​គ្រោះថ្នាក់ ៕