គ្រាប់បែក​ច្នៃ​បាន​ផ្ទុះ​នៅក្នុង​រថភ្លើង​អង់គ្លេស នៅទីក្រុង​ឡុងដ៍ ដោយ​បាន​ធ្វើ​ឲ្យមនុស្ស​របួស ២២នាក់ នៅ​ព្រឹកថ្ងៃ​សុក្រទី ១៥​កញ្ញា។ ប៉ូលិស​អង់គ្លេស​បាន​ចាត់ទុក​ការបំផ្ទុះ​គ្រាប់បែក​ច្នៃ​ជា​សកម្មភាព​ភេរវកម្ម។ ប៉ុន្តែ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ នៅមិនទាន់​មាន​ក្រុមណា​ចេញមុខ​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម​បំផ្ទុះគ្រាប់ នៅក្នុង​រថភ្លើង​នៅឡើយទេ។

ហេតុការណ៍​គ្រាប់បែក​ផ្ទុះ កើតមាន​នៅ​ចំ​ម៉ោង​ដែល​មនុស្សម្នារ​កំពុង ប្រជ្រៀត​គ្នា ធ្វើដំណើរ តាម​រថភ្លើង​ទៅ​កន្លែង​ធ្វើការ។ សាក្សី នៅ​កន្លែង​កើតហេតុ និង​រូបថត​ជាច្រើន​សន្លឹក នៅ​លើ​អ៊ីនធ័រនែត បាន​បង្ហាញ ពី​ធុង​ឆេះ​ហុយផ្សែង ដែល​ជា​ប្រភព​នៃ​ការផ្ទុះ​ចេញភ្លើង នៅក្នុង​ទូរថភ្លើង។ មនុស្ស​២២​នាក់​បាន​រងរបួស ដោយសារ​ភ្លើងឆេះ​រលាក និង​ដោយសារ​ហេតុការណ៍ ភ័យ​ស្លន់ស្លោ​រត់ជាន់គ្នា។

ប៉ូលិស​ក្រុងឡុងដ៍​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ ប៉ុន្តែ បាន​កំណត់ ការបំផ្ទុះ​គ្រាប់បែក​ច្នៃ នៅក្នុង​ទូរថភ្លើង​ថា ជា​សកម្មភាព វាយប្រហារ​ភេរវកម្ម។ ប្រធាន​ភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​អង់គ្លេស លោក​Mark Rowley បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា ប៉ូលិស​បាន​បើក​ស៊ើបអង្កេត ដោយ​មានជំនួយ​ពី​ក្រុម​ប្រឆាំង​ចារកម្ម​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស MI 5។

ចៅហ្វាយក្រុង​ឡុងដ៍​បាន​សរសេរ​នៅក្នុង​សារ​Twitter ថ្កោលទោស​បុគ្គល​ដ៏​ល្ងង់ខ្លៅ ដែលមាន​ចេតនា​យក​ការវាយប្រហារ​ភេរវកម្ម​ទៅ​បំភិតបំភ័យ និង​បំផ្លាញ​ការរស់នៅ​របស់​ប្រជាជន​អង់គ្លេស។ ប្រធានាធិបតី​អាមេរិក​លោកដូណាល់ ត្រាំ ឯណោះវិញ ដែល​ស្ងាត់ បាត់មាត់ ក្នុង​រឿងបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង បាន​សរសេរ​ចំអក​ពី​ភេរវជន ចោលម្សៀត មនុស្ស​មាន​ជម្ងឺ និង​ឆ្កួតលីលា ដែល​តាមពិត ធ្លាប់​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​តាមដាន​របស់​ប៉ូលិស​អង់គ្លេស។

ឆ្លើយតប​នឹង​សារ​Twitter​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ថា ឧក្រិដ្ឋជន​ធ្លាប់​តាមដាន​ដោយ​ប៉ូលិស​អង់គ្លេស លោកស្រី នាយករដ្ឋមន្រ្តី​អង់គ្លេស តេរ៉េសា មេ បាន​និយាយ​ព្រមាន​ប្រធានាធិបតី​អាមេរិក​កុំ​ឲ្យ​ចេះតែ​និយាយ​ប៉ាន់ស្មាន នៅក្នុង​រឿងបំផ្ទុះគ្រាប់​នៅ​ទីក្រុង​ឡុងដ៍។

ភេរវកម្ម​នៅក្នុង​ទូរថភ្លើង នៅទីក្រុង​ឡុងដ៍ កើត​មាន​នៅ​ក្នុង​បរិបទ​មួយ​ដែល​អង់គ្លេស​កំពុង​ប្រឈមខ្លាំង​នឹង​ការវាយប្រហារ​ភេរវកម្ម ជាងពេល​ណាៗ​ទាំងអស់។ តាំង​ពី​ដើម​ឆ្នាំ ២០១៧ អង់គ្លេស រងការវាយប្រហារ​ភេរវកម្ម ចំនួន ៤លើក ដែល​បាន​សម្លាប់​មនុស្ស​សរុប ៣៦នាក់។ ភាគច្រើន​នៃ​អំពើ​ភេរវកម្ម​តែងចេញ​មុខ​ទទួល​ខុសត្រូវ​ដោយ​ពួកជីហាត អង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​ចាក់គ្រឹះ នៅក្នុងទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់៕ ប្រភព៖ RFI