​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ថា រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ចូលមក​ទស្សនា​ខេត្ត​នេះ​មាន​ជាង ៩​ម៉ឺន​នាក់ ចំនួន​នេះ​បាន​កើន​ជាង ១៥​ភាគរយ (១៥.២២) បើ​ប្រៀបធៀប​ពេលវេលា​ដូចគ្នា ឆ្នាំ​២០១៦​។

​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ពី​ចំនួន​ភ្ញៀវទេសចរ ចូលទៅ​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឲ្យ​ដឹងថា ភ្ញៀវទេសចរ ចូល​ទស្សនា​តាម​រមនីយដ្ឋាន​នានា​ក្នុង​រយៈពេល ៣​ថ្ងៃ មានដូចជា​៖ រមនីយដ្ឋាន​ក្បាលឆាយ មាន​ភ្ញៀវ​សរុប​ប្រមាណ ១​ម៉ឺន ២​ពាន់ ២១៧​នាក់ (១២២១៧) ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៩៦​នាក់​។ រមនីយដ្ឋាន​ពិ​ច​និក មាន​ភ្ញៀវ​សរុប​ប្រមាណ ១​ពាន់ ៥​រយ ៩០​នាក់ (១៥៩០)​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១៥៨​នាក់​។ រមនីយដ្ឋាន​ថ្ម​រូង មាន​ភ្ញៀវ​សរុប​ប្រមាណ ៦​ពាន់ ៦០០​នាក់ (៦៦០០) ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៧​នាក់​។​

​លោក តាំង សុចិត្រ​គ្រឹ​ស្នា ឲ្យ​ដឹង​ទៀតថា ចំនួន​ភ្ញៀវទេសចរ ដែល​ចេញទៅ​កម្សាន្ត​តាម​កោះមាន​ចំនួន ៤​ពាន់ ២៨៧​នាក់ (៤២៨៧) ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១​ពាន់ ៧១១​នាក់ (១៧១១) ស្រី ៨៣៩​នាក់ និង ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ២​ពាន់ ៥៧៦​នាក់ (២៥៧៦) ស្រី ១​ពាន់ ១៦៤​នាក់ (១១៦៤) និង​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​សរុប​មាន​ចំនួន ១​ពាន់ ៤៥០​នាក់ (១៤៥០)​ភ្ញៀវ​ជាតិ​មាន​ចំនួន ៧២៦​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៦២៤​នាក់​។

​លោក​បញ្ជាក់ថា ពិធីបុណ្យ​ភ្ជុំ​ឆ្នាំនេះ មិនមាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ តាម​នាវាចរណ៍​នោះទេ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹ​ស្នា បង្ហាញ​របាយការណ៍​ថា​៖ ថ្ងៃ​ចាប់​ផ្តើមបុណ្យ​ភ្ជុំបិណ្ឌ​ដំបូង គឺ​ថ្ងៃទី​១៩ ខែកញ្ញា មាន​ភ្ញៀវទេសចរ​ជាតិ​អន្តរ​ជាតិប្រមាណ ៣​ម៉ឺន​នាក់​(៣០០០០)​បាន​ចូលមក​ទស្សនា​ខេត្ត​នេះ​។ បុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​២០ ខែកញ្ញា មាន​ភ្ញៀវទេសចរ​ជាតិ​អន្តរ​ជាតិប្រមាណ ៣​ម៉ឺន ៨​ពាន់​នាក់ (៣៨០០០) បាន​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ និង​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​នៅ​ថ្ងៃទី​២១ ខែកញ្ញា លោក តាំង សុច​ត្រ​គ្រឹ​ស្នា ឲ្យ​ដឹងថា មាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​សរុប​ប្រមាណ ២​ម៉ឺន ៤​ពាន់​នាក់ (២៤០០០) បាន​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ​។​

​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ព្រះសីហនុ បង្ហាញថា ខេត្ត​នេះ មាន​កាស៊ីណូ​ចំនួន ២០​ទីតាំង​។ មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន ២៤​ទីតាំង និង​មាន​បន្ទប់​ចំនួន ៥៩៧​បន្ទប់​។ ក្នុងនោះ​សណ្ឋាគារ​មាន​ចំនួន ១០​ទីតាំង មាន​បន្ទប់ ៣៥៧​បន្ទប់ និង​ផ្ទះសំណាក់​មាន​ចំនួន ១៤​ទីតាំង និង មាន​បន្ទប់ ២៤០​បន្ទប់​។ ប៉ុន្តែ​ទន្ទឹមគ្នានេះ លោក តាំង សុចិត្រ​គ្រឹ​ស្នា ឲ្យ​ដឹងថា មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន ត្រូវ​អ្នកជំនួញ​ជនជាតិ​ចិន បាន​ជួល បើក​ធ្វើ​អាជីវកម្ម​ផ្សេងៗ មាន​កាស៊ីណូ ក្លឹប​កម្សាន្ត​ពេល​រាត្រី និង​ភោជនីយដ្ឋាន​ជាដើម​។​

​ទោះបីជា លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​អះអាងថា រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំ​ឆ្នាំនេះ បាន​កើន​ភ្ញៀវទេសចរ បាន​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​កើន​ចំនួន​ភ្ញៀវទេសចរ​ជាង ១៥​ភាគរយ​បែបណា​ក្តី ក៏ប៉ុន្តែ​សម្រាប់​អាជីវករ​លក់ដូរ​ចំណីអាហារ​នៅ​តា​ស្តង់ ឬ​តូប​លក់ដូរ​មួយចំនួន មាន​ទីតាំងនៅ​ឆ្នេរ​អូរ​ឈើទាល បាន​ឲ្យ​ដឹងថា បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧​នេះ ចំនួន​ភ្ញៀវទេសចរ ពិសេស​ភ្ញៀវ​ជាតិ ដែល​ចូល​ទៅរក​សេវា​បំរើ​ម្ហូបអាហារ ជួល​តុ​កៅអីអង្គុយ​លំហែ ជួល​ពោង​ហែល​ទឹក និង​ជួល​ខោអាវ​ងូតទឹក​ជាដើម ចំនួន​ភ្ញៀវ​បាន​ថយចុះ បើ​ប្រៀបធៀប​រយៈពេល ៣​ថ្ងៃ​ដូចគ្នា ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​៕ យុ​ទ្ធា​