​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណៈរដ្ឋ​កូរ៉េ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​សេដ្ឋកិច្ច វប្ប​ធ៌​ម វិស័យ​ទេសចរណ៍ និង​ធនធានធម្មជាតិ​ជីវៈចម្រុះ​បាតសមុទ្រ​នា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ជូន​ដល់​អ្នកវិនិយោគទុន និង​ភ្ញៀវទេសចរ ងាក​មក​ចាប់អារម្មណ៍​ខេត្ត​នេះ​ឲ្យ​បាន​ច្រើន​នា​ឆ្នាំ​ខាងមុខ​។​

​ទស្សនកិច្ច​ដឹកនាំ​ដោយ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ទៅកាន់​សាធារណៈរដ្ឋ​កូរ៉េ ឬ​ប្រទេស​កូរ៉េខាងត្បូង​ពេលនេះ មាន​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧​។ ទស្សនកិច្ច​នេះ លោក យន្ត មីន រំពឹងថា នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍ អ្នកវិនិយោគទុន និង​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ ឲ្យ​ចូលមក​បណ្តាក់ទុន ឬ​ចូលមក​ទក​ស្សនា​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ច្រើន​នា​ថ្ងៃ​អនាគត​។

​លោក​អភិបាល​មាន​ជំនឿ​ចិត្ត​បែបនេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ បាន​បង្កើត​ទំនាក់ទំនង​មិត្តភាព និង​ចងសម្ព័ន្ធ​មេត្រីភាព​ជាប​ង​ប្អូន​គ្នា រវាង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ចំនួន ២ រប​បស់​កូរ៉េខាងត្បូង គឺ​ទីក្រុង​ឆាង​វ៉ុ​ន និង​ទីក្រុង​គូ​រី​រួចមក​។​

​ដំណើរ​ទស្សនកិច្ច របស់​ប្រតិភូ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ លោក យន្ត មីន ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ពេលនេះ ធ្វើឡើង​តាម​ការអញ្ជើញ របស់ លោក បាក ខ្យុ​ង ហ៊ី​អ៊ុន អភិបាលក្រុង​គូ​រី ហើយ​ជួន​គ្នា​ទីក្រុង​គូ​រី រៀបចំ​ពិធី​បុណ្យផ្កា​រីក របស់​សាធារណៈរដ្ឋ​កូរ៉េ​ថែមទៀត​។

​នៅក្នុង​ព្រឹត្តិការ​ជា​ប្រវត្តិសាស្ត្រ​នេះ លោក យន្ត មីន បាន​អភិបាលក្រុង​គូ​រី​ឡើង​ថ្លែង​សន្ទរកថា នៅ​ចំពោះមុខ ប្រជាជន​កូរ៉េ និង​មន្ត្រីរាជការ នាឱកាស​រៀបចំ​ពិធី​បុណ្យផ្កា​រីក​ប្រចាំ​ទីក្រុង​គូ​រី​ថា តាងនាម​ឲ្យ​ប្រជាជន និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា​មន្ត្រីរាជការ​ខេត្ត​ព្រះសីហនុ​ទាំងអស់ លោក​មាន​អារម្មណ៍​រីករាយ​បំផុត ដែល​បាន​ដឹកនាំ​ប្រតិភូ មកកាន់​ទីក្រុង​គូ​រី ដ៏​ស្រស់ស្អាត និង​ជា​តំបន់​ប្រវត្តិសាស្ត្រ​។​

​នាឱកាស​នោះ លោក យន្ត មីន បាន​ថែ្ល​ង​ការ​អរគុណ ដល់​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ក្រុង​គូ​រី និង​ប្រជាជន​កូរ៉េ ដែល​បានទទួល​ស្វាគមន៍​គណៈប្រតិភូ​មក​ពី​ខេត្ត​ព្រះសីហនុ​យ៉ាង​កក់ក្តៅ ហើយ​លោក​បាន​ជូនពរ​ឲ្យ​ការរៀបចំ​ពិធីបុណ្យ​ផ្កា​រីក នៅ​ទីក្រុង​គូ​រី នៃ​សាធារណៈរដ្ឋ​កូរ៉េខាងត្បូង​ឆ្នាំនេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា ទីក្រុង​គូ​រី នៃ​សាធារណៈរដ្ឋ​កូរ៉េ គឺជា​ទីក្រុង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយក៏​ជាទី​ក្រុង​ប្រវត្តិសាស្ត្រ​មួយ របស់​ប្រទេស​កូរ៉េខាងត្បូង ដែល​កន្លងមក​ត្រូវបាន​ផលិតករ ឬ​អ្នក​ថត​ខ្មែ​ភាពយន្ត​កុន​បុរាណ របស់​ប្រទេស​កូរ៉េ បានជ្រើសរើស​មូលដ្ឋាន​នេះ​សម្រាប់​ថត ឬ​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​សក្តានុពល​សេដ្ឋកិច្ច នៃ​ទីក្រុង​មួយ​នេះ បង្ហាញ​ដល់​ពិភពលោក​បាន​ស្គាល់​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក យន្ត មីន បាន​កោតសរសើរ​អំពី​សេដ្ឋកិច្ច​រីកចំរើន នៃ​ទីក្រុង​គូ​រី មានដូចជា​៖ វិស័យ​ឧស្សាហកម្ម បរិស្ថាន ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។ ក្នុងនោះ​លោក​ចាប់អារម្មណ៍​ទៅលើ​ផែនការ​អភិរក្ស​ទីក្រុង​ប្រវត្តិសាស្ត្រ និង​សោភ័ណភាព​ទីក្រុង​ប្រកបដោយ​បរិស្ថាន​អនាម័យ ល្អ និង​មាន​សួនផ្កា​ចម្រុះ​ពណ៌ គួរ​ជាទី​គយគន់​ពី​សំណាក់​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​។​

​អ្នកឃ្លាំមើល​ការងារ​អភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំខេត្ត​ព្រះសីហនុ បាន​គាំទ្រ​ចំពោះ​សកម្មភាព របស់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ថា នៅក្នុង​អំឡុងពេល​រូបលោក​មក​ដឹកនាំ​ជា​អភិបាលខេត្ត​នេះ គឺមាន​ស្នាដៃ​ក្នុង​ការកែ​នគរ​អ្នកវិនិយោគទុន​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​បាន​ជំរុញ​ឲ្យ​មូលដ្ឋាន​នេះ មានការ​អភិវឌ្ឍ​បាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់លោក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​អ្នកឃ្លាំមើល​សង្គម​អះអាងថា ប្រសិនបើ​មាន​អ្នកវិនិយោគទុន និង​ភ្ញៀវទេសចរ មកពី​ប្រទេស​កូរ៉េ មក​បោះទុន​វិនិយោគ ឬ​ចូលមក​ទស្សនា​ខេត្ត​ព្រះសីហនុ មាន​ចំនួន​ច្រើន នឹង​អាច​នាំ​ឲ្យ​យុវជន​រៀន​ចប់​ថ្នាក់បរិញ្ញាប័ត្រ ហើយ​អត់​មានការ​ងារ​ធ្វើ គឺ​ពួកគេ​នឹង​មានឱកាស​ស្វែងរក​ការងារ​ធ្វើបាន​ច្រើន សម្រាប់​ជួយ​ជំរុញ​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ​។

​យ៉ាងនេះ​ក្តី លោក យន្ត មីន បាន​ព្រលយ​ថា នឹង​នាំយក​នូវ​បទពិសោធន៍​ល្អៗ និង​ចំណុច​វិជ្ជមាន នៅ​ទីក្រុង​គូ​រី នៃ​សាធារណៈរដ្ឋ​កូរ៉េ តាមរយៈ​ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច និង​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ភាព សេដ្ឋកិច្ច​រីកចំរើន លើ​គ្រប់​វិស័យ របស់​នៅ​ទីក្រុង​គូ​រី​។ លោក​ថា នឹង​នាំយក​ចំណុច​ល្អៗ​ទាំងនោះ យកមក​សិក្សា​រៀនសូត្រ ជំរុញ​ដល់​ផែនការ​អភិ​ឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យ​រីកចំរើន​ថែមទៀត​។​

​លោក យន្ត មីន បាន​ឆ្លៀត​យក​ឱកាស​ដំណើរ​ទស្សន​កិច្ចការងា​រ ទៅកាន់​ទីក្រុង​គូ​រី នៃ​សាធារណៈរដ្ឋ​កូរ៉េ​នេះ បង្ហាញ​ពី​សក្តានុពល នៃ​ធនធានធម្មជាតិ របស់​ខេត្ត​ព្រះសីហនុ បង្ហាញ​ប្រាប់ មន្ត្រីរាជការ អ្នកវិនិយោគទុន និង​ប្រជាជន​កូរ៉េ ដែល​អំណោយផល​ដល់​ការរស់នៅ ទេសចរណ៍ និង​ការធ្វើ​ជំនួញ​ជួញដូរ​ផ្សេងៗ​។ លោក​បន្តថា ខេត្ត​ព្រះសីហនុ ត្រូវ​ចាត់ទុកជា “​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ដែលមាន​តែមួយគត់​នៅ​កម្ពុជា ដោយមាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និង​ធំជាងគេ​បំផុត​នៅ​កម្ពុជា​។ ជាង​នេះ ខេត្ត​ព្រះសីហនុ ក៏មាន​ធនធានធម្មជាតិ​ជីវៈចម្រុះ​សម្បូរបែប​ទាំង​នៅលើ​ដីគោក និង​លើដី​កោះ ឬ​ទាំង​ក្នុង​សមុទ្រ សម្រាប់​វិនិយោគ​វិស័យ​ទេសចរណ៍​។

​ព្រម​ជាមួយគ្នានេះ លោក យន្ត មីន បាន​អំពាវនាវ​ដល់​វិនិយោគិន ពាណិជ្ជករ អាជីវករ ពី​ទីក្រុង​គូ​រី នៃ​សាធារណៈរដ្ឋ​កូរ៉េ ស្នើ​ឲ្យ​ទៅ​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​បាន​ច្រើន​នា​ថ្ងៃ​ខាងមុខ ព្រោះ​ខេត្ត​នេះ​មាន​សុខ​សុវត្ថិ​ភាពល្អ​។​

​ដំណើរ​ទស្សនកិច្ច​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឲ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​ស៊ីជម្រៅ រវាង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​គូ​រី នៃ​សាធារណៈរដ្ឋ​កូរ៉េ ដើម្បី​បង្កើតឱ្យមាន​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​(​កម្ពុជា – កូរ៉េ ខាងត្បូង​) ឲ្យ​ស្និទ​ស្នាល ឬ​ឈានទៅ​ចងសម្ព័ន្ធ​មេត្រីភាព​ជាប​ង​ប្អូន​គ្នា រវាង​ខេត្ត​ព្រះសីហនុ ជាមួយ​ទីក្រុង​គូ​រី នៃ​សាធារណៈរដ្ឋ​កូរ៉េ​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។

​គណៈប្រតិភូ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ធ្វើ​ទស្សនកិច្ច​ផ្លូវការ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ពេលនេះ គឺ​ភាគី​ទាំងពីរ​កម្ពុជា​-​កូរ៉េ បាន​ជួបពិភាក្សា​ជាមួយ លោក បាក ខ្យុ​ង ហ៊ី​អ៊ុន អភិបាលក្រុង​គូ​រី ដោយបាន​ផ្តោតទៅលើ​លើ​ការបង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​គូ​រី​។ នាឱកាស​នេះ ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​ឯកភាព នៅលើ​កំណត់ហេតុ ស្តីពី​ការបង្កើត​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​-​ក្រុង​ទាំងពីរ កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧​។ កិច្ចសហប្រតិបត្តិការ ដែល​បាន​ឯកភាពគ្នា​នេះ​រួមមាន​៖ ទៅលើ​វិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ អប់រំ កីឡា និង​ការគាំទ្រ​លើ​វិស័យ​នានា​ទៅវិញទៅមក រវាង​ខេត្ត​ព្រះសីហនុ ជាមួយ​ទីក្រុង​គូ​រី នៃ​ប្រទេស​កូរ៉េខាងត្បូង​។​

​កាលពី​ខែមេសា ឆ្នាំ​២០១៧ ខេត្ត​ព្រះសីហនុ បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាប​ង​ប្អូន​គ្នា ជាមួយ​ទីក្រុង​ឆាង​វ៉ុ​ន នៃ​សាធារណៈរដ្ឋ​កូរ៉េ ម្តង​រួចហើយៗ បាន​រួមគ្នា​ផ្សព្វផ្សាយ​អំពី​សក្តានុពល​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​រួមគ្នា ដើម្បី​ទាក់ទាញ​កំណើន​អ្នកវិនិយោគទុន និង​ភ្ញៀវទេសចរ​ពី​កូរ៉េ ឲ្យ​ចូលមក​ខេត្ត​ព្រះសីហនុ​បាន​ច្រើន​។

​តាមរយៈ​នេះ លោក យន្ត មីន រំពឹងថា នៅ​បណ្តា​ឆ្នាំ​ខាងមុខ​អ្នកវិនិយោគទុន និង​ភ្ញៀវទេសចរ​មកពី​សាធារណៈ​កូរ៉េ នឹង​ងាក​មក​ចាប់អារម្មណ៍​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ជាក់​ជាមិនខាន​៕ សីមា​