ស្ថាបនិក​បណ្តាញសង្គម​ Facebook លោក Mark Zuckerberg មានគំរោង​នឹងលក់​ភាគហ៊ុន១ចំនួន​ធំ ក្នុងរយៈពេល​១ឆ្នាំកន្លះ ដើម្បីប្រមូលលុយ​ឲ្យមូលនិធិសប្បុរសធម៌របស់ខ្លួន ។

Loading...

តាមឯកសារមួយដែល Facebook ផ្ញើឲ្យ​ស្ថាប័នគ្រប់គ្រង​ផ្សារហ៊ុន​អាមេរិក នៅចុងសប្តាហ៍​កន្លងមក Zuckerberg មានផែនការ​លក់ចេញភាគហ៊ុន​ចន្លោះ ៣៥ ទៅ ៧៥ លាន​ របស់ Facebook ដែលគិតតាមតម្លៃ​បច្ចុប្បន្នគឺចន្លោះពី ៦ ទៅ ១២,៨ ប៊ីលានដុល្លារ ។

ចំនួនទឹកប្រាក់​ទទួលបាន​ពីការលក់​ភាគហ៊ុន​ជាវគ្គៗនេះ នឹងត្រូវ​បានផ្ទេរឲ្យអង្គការ​សប្បុរសធម៌​ ដែលលោក​ និងភរិយា​ បានបង្កើត​កាលពីចុងឆ្នាំ ២០១៥ មានឈ្មោះថា «គំនិត​ផ្តួចផ្តើម​ Chan Zuckerberg» -អង្គការ​មួយដែល​មានបេសកកម្ម «រុករកសក្តានុពលរបស់មនុស្ស» ហើយ «ជំរុញសមភាព» ។

ក្នុងសេចក្តី​ប្រកាសមួយ Zuckerberg ឲ្យដឹងថា ចំនូនលុយ​ប្រមូលបាន​នឹងត្រូវបានប្រើប្រាស់​សំរាប់សកម្មភាព​អប់រំ វិទ្យាសាស្រ្ត​ និងយុទ្ធនាការ​បំផុសចលនា ។

Facebook ឲ្យដឹងថា ក្រុមហ៊ុន​នឹងលុបចោលផែនការ​បញ្ចេញប្រភេទប័ណ្ណភាគហ៊ុនថ្មី​ គ្មានសិទ្ធិអនុម័ត ដែលសកម្មភាពនេះធ្វើឡើង​​ដើម្បី​ជួយឲ្យ Zuckerberg បន្តរក្សាបានសិទ្ធិត្រួតត្រារបស់ខ្លួន គ្រាដែល​ភាគហ៊ុន​របស់លោក​ក្តោបក្តាប់បាន​​ ថយចុះ​ច្រើននោះ ។

ការលុបចោលផែនការ​នេះ ព្រោះតែរងការបដិសេធ​ពីម្ចាស់​ភាគហ៊ុនជាច្រើន​ ។ ចំពោះ Zuckerberg ក៏បានស្នើឲ្យលុបចោលដែរ ព្រោះតាមលោក កំណើន​ចំណូលរបស់ Facebook វាគ្រប់គ្រាន់​សំរាប់លោកអាចធ្វើសប្បុរសធម៌ផង និងរក្សាសិទ្ធិត្រួតត្រាសំរេចរាល់កិច្ចការ​របស់ Facebook បាន ២០ ឆ្នាំទៀត ។

ភាគហ៊ុន​របស់ Facebook ថ្ងៃបិទទ្វាផ្សារហ៊ុន ២៦ កញ្ញា ស្ថិតនៅកំរិត ១៦,២១ ដុល្លារអាមេរិក កើន ៤២% ប្រៀបនឹង​ដើមឆ្នាំ ។

ជាមួយភាគហ៊ុន​ចំនួន ២,៩ ប៊ីនលាន កំពុង​ចរាចរលើផ្សារហ៊ុន បច្ចុប្បន្ន Facebook មានដើមទុន​ ៤៧៧ ប៊ីលានដុល្លារអាមេរិក ឯណោះ, នេះបើតាមទិន្នន័យរបស់ CNBC ៕