​នៅ​ថ្ងៃទី ០១ តុលា ប្រធានាធិបតី​អាមេរិក Donald Trump ឲ្យ​ដឹងថា លោក​ធ្លាប់បាន​ប្រាប់​ប្រមុខ​ការទូត​របស់ខ្លួន លោក Tillerson ថា ការចរចា​ជាមួយ​កូរ៉េខាងជើង​វា “​ខ្ជះខ្ជាយ​ពេលវេលា​” ប៉ុណ្ណោះ ។​

“​ខ្ញុំ​បាន​ប្រា​ប់លោក Rex Tillerson ប្រមុខ​ការទូត​ដ៏​អស្ចារ្យ​របស់​យើង​ថា គាត់​កំពុង​ខ្ជះខ្ជាយ​ពេលវេលា គ្រា​ប្រឹងប្រែង​ចរចា​ជាមួយ​មនុស្ស​កាំជ្រួច​តូច​ល្អិត​!” ។ -AFP បាន​ដកស្រង់​សម្តី​របស់លោក ដូ​ណា​ល់ ត្រាំ សរសេរ​លើ​បណ្តាញ​សង្គម Twitter ហើយ​ប្រើ​រហស្សនាម​ដែល​លោក ត្រាំ បានដាក់​ឲ្យ​លោក គីម ជុង​អ៊ុន ។​

​ការលើក​យោបល់​របស់លោក ត្រាំ នេះ​គឺ​ក្រោយ​ពេលដែល​លោក Tillerson ទម្លាយ​ពី​ការដែល​អាមេរិក​នៅ​បើកផ្លូវ​ទាក់ទង​នឹង​កូរ៉េខាងជើង​សំដៅ​ពិភាក្សា​ពី​កម្មវិធី​នុយក្លេអ៊ែរ និង​កាំជ្រួច​ដែល​ប្រទេស​នេះ ពុំ​ព្រម​ឈប់​សាកល្បង ។ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​បានបង្ហាញ​ឲ្យ​ឃើញ​ភ្លាមៗ​ថា ពួកគេ​ពុំមាន​បំណង​ពិភាក្សា​អ្វី​ទេ ។​

​ប្រធានាធិបតី​អាមេរិក​ពោល ៖ “​គប្បី​សន្សំ​ថាមពល​ណា៎ Rex ។ យើង​នឹងធ្វើ​នូវ​អ្វីដែល​ត្រូវធ្វើ​” ។​

​គួររំលឹកថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ចិន កាលពី​ថ្ងៃទី ៣០ កញ្ញា ប្រមុខ​ការទូត Tillerson ឲ្យ​ដឹងថា អាមេរិក​កំពុង​ពិនិត្យ​លទ្ធភាព​ថា កូរ៉េខាងជើង​មាន​ចំណង់​ចំណូលចិត្ត​ពិភាក្សា​ដែរឬទេ ហើយ​វ៉ាស៊ីនតោន​នៅ​បន្ត​ទុក​ច្រក​ទាក់ទង​ជាមួយ​ពួកគេ ។ នេះ​ជា​លើកដំបូង​ហើយ ដែល​ការលេចឮ​ព័ត៌មាន​ខាងលើ​ត្រូវបាន​រដ្ឋាភិបាល​លោក Trump ទទួលស្គាល់ ៕​