​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​បន្ថែម​អំពី​ស្ថានភាព​អាកាសធាតុ ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួលរង នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​មាន​ប្រភព​ចេញពី​ប្រទេស​ចិន បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើ​ទូទាំងប្រទេស​។

​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ បាន​បង្ហាញថា តាម​ការ​ព្យាករ ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​បន្ត​គ្របដណ្តប់​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើន​ថ្ងៃ​ទៀត​។ លើសពីនេះ ក៏មាន​សម្ពាធ​មួយ នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ខាងលើ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​រំ​កឹ​ល​ខ្លួន​មក​ស្ថិតនៅ​ពីលើ​ប្រទេស​កម្ពុជា​បន្ថែមទៀត​។

​លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យ​ផ្ទៃមេឃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០១៧​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ ទៅ​ច្រើន និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ច្រើន​កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា​។

​យោង​លើ​ស្ថានភាព​អាកាសធាតុ​នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​រំលឹក​ដល់​មន្ត្រី​នៅតាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​អំពី​សុវត្ថិភាព ពិសេស​ចំពោះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​អាច​កើត​មាននៅ​តំបន់​ទំនាប និង​តំបន់​ជាប់​នឹង​ផ្លូវទឹក​នានា​។​

​បញ្ហា​អាកាសធាតុ​នេះដែរ ប្រជាពលរដ្ឋ​ប្រកប​របរ​លក់ដូរ នៅតាម​បណ្តោយ ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ «​ខ្មែរ​ស្ថាបនា​» ដឹងថា អាកាសធាតុ​នៅ​ចាប់ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២ ខែតុលា គឺ​ផ្ទៃមេឃ​មាន​ពពក​ខ្មៅ​ដេរដាស ដោយ​នៅលើ​លំហ​សមុទ្រ​មាន​រលក​បោកបក់ និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​មិនទាន់មាន​ព្យុះភ្លៀង និង​រលក​សមុទ្រ​បោកបក់​ខ្លាំង រំខាន​ដល់​ការធ្វើដំណើរ​តាម​សមុទ្រ​នោះទេ​៕ ខ្មែរ​ស្ថាបនា​