​ថ្មីៗ​នេះ​មានរឿង​គួរឱ្យភ្ញាក់ផ្អើល​មួយទៀត​ហើយ​បានកើត​ឡើង ដោយមាន​ស្ត្រី​វ័យ ៤០ ម្នាក់​បានសម្រេច​ចិត្ត​រៀបចំ​ពិធីមង្គលការ​របស់ខ្លួន​យ៉ាង​អធិកអធម​ជាទីបំផុត ប៉ុន្តែ​អ្វីដែល​គួរ​ចាប់អារម្មណ៍​គឺ​នាង​បាន​រៀបការ​តែម្នាក់ឯង​និង ខ្លួនឯង ដោយ​ក្នុង​ពិធីមង្គលការ​នោះ​គ្មាន​កូនកំលោះ​ឡើយ ។​

​តាម​ប្រភពព័ត៌មាន​ក្រៅ​ស្រុក​មួយ​បានឱ្យដឹងថា ស្ត្រី​រូបនោះ​ជា​គ្រូ​បង្ហាត់កីឡា​ជនជាតិ​អ៊ីតាលី ដោយមាន​ភាព​ធុញទ្រាន់ និង ហត់នឿយ​ក្នុង​ការដើរ​ស្វែងរក​បុរស​ក្នុង​ក្តី​ស្រមៃ​ដែល​ស័ក្តិសម​សម្រាប់​ខ្លួន​អស់​រយៈពេល ២០ មិនបានការ​នោះ ទីបំផុត​នាង​បានសម្រេច​ចិត្ត​រៀបការ​តែម្នាក់ឯង​ដោយ​គ្មាន​ដៃគូ​តែម្តង ដោយបាន​អញ្ជើញ​ភ្ញៀវ និង មិត្តភក្តិ​ជិតស្និទ្ធ​បំផុត​ចំនួន​៧០​នាក់ ឱ្យ​ចូលរួម​ក្នុង​ពិធីមង្គលការ​របស់ខ្លួន​នៅ Lissone) សង្កាត់ Lombardy ប្រទេស​អ៊ីតាលី ។​

​ស្ត្រី​ដែល​រៀបការ​តែម្នាក់ឯង​រូបនេះ​មានឈ្មោះ ឡូ​រ៉ា ម៉េ​ស៊ី (Laura Mesi) មាន​វ័យ ៤០ ឆ្នាំ ហើយ​ពិធីមង្គលការ​នោះ​គាត់​បានរៀបចំ​យ៉ាង​អធិកអធម​មែនទែន ដោយមាន​ទាំង​កូន​កំដរ មាន​ពិធី​បំពាក់​ចិញ្ចៀន​រៀបការ​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ស្រស់ស្អាត តែ​ទាស់​ត្រង់​ថា​គ្មាន​កូនកំលោះ​ប៉ុណ្ណោះ ។ សម្រាប់​ពិធីមង្គលការ​នោះដែរ ស្ត្រី​ឈ្មោះ ឡូ​រ៉ា ម៉េ​ស៊ី បាន​ចំណាយ​ប្រាក់​អស់ ១២.០០០ ដុល្លារ​សហរដ្ឋអាមេរិក ។ អ្វីដែល​កាន់តែ​អស្ចារ្យ និង គួរឱ្យភ្ញាក់ផ្អើល​ក្រោយ​ចប់​ពិធីមង្គលការ​នោះ គឺ​ស្ត្រី​ខាងលើ​ថែមទាំង​បានធ្វើ​ដំណើរ​កម្សាន្ត និង ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​ទៀតផង ៕