ក្រុម​មេធាវី​នៃ​ក្រសួង​មហាផ្ទៃ ដឹក​នាំ​ដោយ​លោក​មេធាវី គី តិច បាន​នាំ​យក​ភស្តុតាង​ចំនួន​២១​កញ្ចប់ ទៅ​កាន់​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​៦​តុលា​នេះ ដើម្បី​ប្ដឹងរំលាយ​គណបក្ស​សង្គ្រោះជាតិ​។ ផ្អែក​តាម​មាត្រា​៦​ថ្មី និង មាត្រា​៧ នៃ​ច្បាប់​គណបក្ស​នយោបាយ ក្រុម​មេធាវី​យល់​ឃើញ​ថា ភស្តុតាង​ទាំង​២១​កញ្ចប់​របស់​ក្រសួង​មហាផ្ទៃ គឺ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ស្រប​ច្បាប់​។

Loading...

កម្មវត្ថុ​សំខាន់​នៃ​ពាក្យ​ណ្ដឹង​របស់​ក្រសួងមហាផ្ទៃ​គឺ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​​តែ​ម្ដង ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​ជាមួយ លោក កឹម សុខា ប្រធាន​គណបក្ស​នោះទេ។ ក្រៅ​ពី​ប្ដឹង​រំលាយ​គណបក្ស​ហើយ មេធាវី​ក៏​បាន​ប្ដឹង​ព្យួរ​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​រហូត​ដល់​ទៅ​៥ឆ្នាំ។ នេះ​បើ​តាម​ខ្លឹម​សារ​ពាក្យ​បណ្ដឹង​របស់​មេធាវី​ទាំង​៥​រូបតំណាង​ឲ្យ​ក្រសួង​ក្រសួង​មហាផ្ទៃ។

មេធាវី​តំណាង​ដោយ​អាណត្តិ លោក គី តិច ថ្លែង​ក្រោយ​ដាក់​ពាក្យ​បណ្ដឹង​ថា មេធាវី​ប្រ​មូល​​ភស្តុ​តាំង​ចំនួន​២១​កញ្ចប់​ដោយ​រួម​មាន៖ សម្ដី​ផ្ទាល់​ខ្លួន​របស់​លោក កឹម សុខា និង​វីដេអូ​ឃ្លីប​ចំនួន​បី ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​សហការ​និង​ត្រូវ​បាន​គាំ​ពារ​ដោយ​បរទេស។ បើ​តាម​លោក គី តិច ពាក្យ​បណ្ដឹង​នៅ​ពេល​នេះ គឺ​ផ្អែកទាំង​ស្រុង​តាម​មាត្រា​៦​ថ្មី​ពីរ និង​មាត្រា​៧​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។

លោក គី តិច និង​មេធាវី​ពាក់​ព័ន្ធ​មាន​ជំនឿ​ថា ភស្ដុ​តាង​ដែល​មេធាវី​ដាក់​ទៅ​តុលា​ការ​កំពូល​​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​គ្រប់​គ្រាន់ ហើយ​រឹង​មាំ​សម្រាប់​ជា​មូល​ដ្ឋាន ដែល​តុលាការ​កំពូល​​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ដោយ​ស្រប​ច្បាប់។

ជុំ​វិញ​បញ្ហា​នេះ​វិទ្យុ​បារាំង​មិន​អាច​សុំ​ការ​ទាក់​ទង​ពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ឡើយទេ។

សូមបញ្ជាក់ថា ការ​ចេញ​មុខ​ប្ដឹង​របស់​ក្រសួង​មហាផ្ទៃ​នៅ​ពេល​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ពាក្យ​​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​យុវជន​កម្ពុជា និង​ការ​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង​របស់​ក្រសួង​មហាផ្ទៃ​។

តាមរយៈ​លិខិត​ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ថា គេ​មិន​អាច​កាត់​ផ្ដាច់​ករណី​​លោក កឹម សុខា ជា​បទ​ល្មើស​ផ្ទាល់​ខ្លួន ដោយ​ទាត់​ចោល​ការ​ទទួល​ខុស​ត្រូវរបស់​គណបក្ស​សង្គ្រោះជាតិ​ទាំង​មូល​បាន​ទេ ពី​ព្រោះ​លោក កឹម សុខា បាន​ផ្ដល់​ព័ត៌​មាន​ដល់​អ្នក​ចូល​រួម​នៅ​ក្រៅ​ប្រទេស​ក្នុង​ឋានៈ​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​។

ចំណែក​គណបក្ស​យុវជន​កម្ពុជា ថា​ពាក្យ​សម្ដី​លោក កឹម សុខា ដែល​បាន​បែក​ធ្លាយនោះ​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ការ​ឃុប​ឃិត​គ្នា​ជា​មួយ​បរទេស ក្នុងគោល​ដៅ​ធ្វើ​បដិវត្ត​ពណ៌ ដោយ​យក​គំរូ​តាម​ប្រទេស​យូហ្គោស្លាវី និងសឺប៊ី។ ​

ទាក់ទង​នឹង​សំណុំ​រឿង​ចាប់​ខ្លួន​លោក កឹម សុខា បច្ចុប្បន្ន មេធាវី​ការ​ពារ​ក្ដី​បាន​ប្ដឹង​សារ​ទុក្ខ​​​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ ដើម្បី​ជំទាស់​នឹង​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ ដែល​បន្តឃុំ​ខ្លួន​លោក កឹម សុខា៕ ប្រភព៖ RFI