នៅ​ក្នុង​សំណុំ​រឿង​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​បរទេស​នៅ​ស្រុក​ខ្មែរ កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​រុករកឆ្អឹង​ទាហាន​អាមេរិក​នៅ​កម្ពុជា​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ទន្ទឹម​គ្នា​នេះ ប្រតិបត្តិការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នៅ​កម្ពុជា នៅ​តែ​បន្ត​។ ភាគី​កម្ពុជា តំណាង​ឲ្យ​ខេត្ត​យ៉ាង​ហោច​ណាស់​​៧ បាន​ទៅ​ចូល​រួម​ចុះ​ហត្ថលេខា​លើ​ផែនការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​វៀតណាម​នៅ​កម្ពុជា ជំហាន​​ទី​១៧ កាល​ពី​ថ្ងៃ​ទី​១៣​តុលា​កន្លង​ទៅ នៅ​ឯ​ខេត្ត​តៃនិញ​។ នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។

តំណាង​ភាគី​កម្ពុជា​ចំនួន​៧​ខេត្ត ដែល​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​ស្វែង​រក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​នៅ​កម្ពុជា ជំហាន​​​ទី​១៧ មាន​ដូច​ជា៖ ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​ឧត្តរមានជ័យ ខេត្ត​សៀមរាប ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូង​ឃ្មុំ​។ ចំណែក​ភាគី​វៀតណាម​ដែល​ចូល​រួម គឺ​មក​ពី​តំណាង​ខេត្ត​តៃនិញ​។

សូម​ជម្រាប​ថា ប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​របស់​កង​ទ័ព​វៀតណាម ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​រដូវ​ប្រាំង​។ សម្រាប់ជំហាន​​ទី​១៧ រដូវ​ប្រាំង​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០១៨ ភាគី​វៀតណាម បាន​ផ្ដល់​ថវិកា៤២​ម៉ឺន​ដុល្លារ ​ដល់​ភាគី​កម្ពុជា​។ រហូត​មក​ទល់​ពេល​នេះ ការ​ស្រាវ​ជ្រាវ​ស្វែង​រក​អដ្ឋិធាតុ​របស់​កង​ទាហាន​វៀតណាម​នៅ​កម្ពុជា នៅ​តែ​ជួប​ប្រទះ​ការ​លំបាក ដោយ​សារ​តែ​កង្វះ​ព័ត៌មាន និង​ការ​ប្រែ​ប្រួល​ភូមិសាស្ត្រ​​ជា​ដើម​។

នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ការ​ជីក​រុក​រក​អដ្ឋិធាតុ​ជំហាន​ទី​១៦​នៅ​រដូវ​ប្រាំង​តាំង​ពី​ចុង​ឆ្នាំ​២០១៦​រហូត​មក​ទល់​ដើម​ឆ្នាំ​២០១៧ មាន​អដ្ឋិធាតុ​របស់​ទាហាន​និង​អ្នក​ស្ម័គ្រ​ចិត្ត​វៀតណាម​ចំនួន​ជាង​៧៥០​នាក់​ត្រូវ​​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​។ បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ពិសេស​ស្វែង​រក​អដ្ឋិធាតុ នៅ​សល់​អដ្ឋិធាតុ​របស់​​ជនជាតិ​វៀតណាម​​ជិត​៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា ដែល​មិន​ទាន់ត្រូវ​បាន​​រក​ឃើញ​នៅ​ឡើយ​ទេ​។ កម្ពុជា​និង​វៀតណាម បាន​កំណត់​គោលដៅ​បញ្ចប់​ការ​ស្វែង​រក​អដ្ឋិធាតុ​ជនជាតិ​វៀតណាមនៅ​កម្ពុជាទាំង​អស់ ហើយ​ធ្វើ​មាតុភូមិ​និវត្តន៍​វិញ ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០​។

ជា​ការ​កត់​សម្គាល់ ការ​បន្ត​ប្រតិបត្តិការ​របស់​កម្ពុជា​និង​វៀតណាម លើ​ការងារ​រុករក​អដ្ឋិធាតុ​នៅ​ស្រុក​ខ្មែរ​នេះ ធ្វើ​ឡើង​ជួន​ចំ​ពេល​ដែល​កម្ពុជាសម្រេច​ផ្អាក​ការ​រុករកឆ្អឹង​ទាហាន​អាមេរិក​នៅ​កម្ពុជា​។ សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ​។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ការ​ផ្អាក​នេះ​មាន​លក្ខណៈ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ​។ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​ ថា ការ​រុករក​អាច​បន្ត​ឡើង​វិញ​បាន នៅ​ពេល​ដែល​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ដ្រី​ការទូត​ជាន់​ខ្ពស់​កម្ពុជា ត្រូវ​អាមេរិក​ដក​ចេញ​វិញ​ជា​មុន​សិន​៕ ប្រភព៖ RFI