​ពិតជា​សាហាវ​មែន បុរស​ជា​ទាហាន​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Pichet Chumboonchu អាយុ​៤១​ឆ្នាំ បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង​ដែល​កំពុងមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ចំនួន ៣ គ្រាប់​នៅក្នុង​ផ្សារ​មួយ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​ក្នុងថ្លុកឈាម​នៅនឹង​កន្លែង រួច​បន្ត​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ តែ​មិន​បណ្ដាល​ឱ្យស្លាប់​ឡើយ ។​

​តាម​ប្រភព​បានឱ្យដឹងថា មុនពេល​ឈានដល់​កើត​ករណី​ឃាតកម្ម​ខាងលើនេះ បុរស​ជា​ប្តី​បាន​លួច​មាន​ស្ត្រី​ផ្សេង​ជាច្រើន​នាក់ ធ្វើឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ Sirinporn Chumboonchu​អាយុ​៤០​ឆ្នាំ​ឆ្អែត​ចិត្ត និង​សូម​លែងលះ​ជាមួយ​ប្តី​ម្នាក់​នោះ តែ​បុរស​ជា​ប្តី​មិន​ព្រម​លែងលះ និង ខឹង​យ៉ាងខ្លាំង​រហូត​ឈានដល់​ប្រើ​អំពើហិង្សា​បាញ់សម្លាប់​នេះ ។​

​ករណី​ឃាតកម្ម​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​នៅ​ប្រទេស​ថៃ​ខាងលើនេះ វា​បាន​កើតឡើង​ស្រដៀង​គ្នា​ទៅនឹង​ករណី​របស់​តារាចម្រៀង សាន ស្រី​ឡៃ ដែល​ត្រូវ​អតីត​ស្វាមី​បាញ់សម្លាប់ និង បាញ់​ខ្លួនឯង​តាម​ក្រោយ កំពុង​ធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ៕

—————

បន្តអានរឿងទាក់ទង៖ ឃាតកម្ម​ដ៏​ព្រៃ​ផ្សៃ​មក​លើ សាន ស្រីឡៃ មិន​នឹក​ស្មាន​ជន​ដៃ​ដេក​ស្លាប់​ជា​មួយ​ជា​អតីត​ប្តី​​សោះ

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅមកលើស្រីស្អាតម្នាក់ ដែលគេស្គាល់ថាជាតារាចម្រៀង សាន ស្រីឡៃ ជាអតីតបេក្ខភាព The Voice Cambodia ដែលបានដេកស្លាប់ក្នុងថ្លុកឈាម រួមជាមួយបុរសម្នាក់ កាលពីរសៀលថ្ងៃទី១៦ ខែតុលា នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលមនុស្សម្នាមកចោមរោមព្រោងព្រាត នៅមន្ទីរពេទ្យ វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន ។

ប៉ុន្តែ ករណីនេះក្រោយមក ត្រូវបានដឹងថា បុរសដែលបានដេកស្លាប់ក្បែរ សាន ស្រីឡៃ នោះគឺជាអតីតប្តីរបស់នាង ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញនៅលើខ្លួនជនដៃដល់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប័ណ្ណបើកបរ, ប័ណ្ណសម្គាល់មន្ដ្រីរាជការ ព្រមទាំងលុយចំនួន ។ តាមរយៈប័ណ្ណសម្គាល់ខ្លួនទាំងនេះ នោះជនដៃដល់មានឈ្មោះ ជ័យ រិន អាយុ ៥៣ឆ្នាំ ជាមន្ដ្រីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច។

ការដែលជនដៃដល់រូបនេះត្រូវបានបញ្ជាក់ថាជាអតីតប្តីរបស់ស្រ្តីរងគ្រោះ ព្រោះថាបើយោងតាមការចុះផ្សាយព័ត៌មានកន្លងទៅ ក៏ដូចជារូបថតពួកគេទាំងពីរបានថតកៀកកើយផ្អែមល្ហែមនឹងគ្នា ត្រូវបានឃើញបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង ។

ចំពោះមូលហេតុដែលបង្កឲ្យកើតមានអំពើឃាតកម្មនេះឡើង សមត្ថកិច្ចយើងពុំទាន់អាចបញ្ជាក់បាននៅឡើយទេ តែសន្និដ្ឋានត្រឹមជំហានដំបូងថា អាចដោយសារអតីតប្តីវ័យចំណាស់ជាមន្រ្តីគយនេះ កើតមានភ្លើងប្រច័ណ្ឌ ឬ ពួកគេទាំងពីរមានបញ្ហាជម្លោះធំដុំអ្វីមួយនឹងគ្នា ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យបានបង្ហាញឲ្យឃើញ ដំបូង សាន ស្រីឡៃ ត្រូវបានអតីតប្តីបើកការបាញ់ប្រហារផ្ទួនៗចំនួន ៣ គ្រាប់ បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗតែម្តង និងបន្ទាប់មក អតីតប្តីរូបនេះក៏បានបន្តបាញ់ក្បាលខ្លួនឯងស្លាប់ទៅតាមក្រោយក្បែរគ្នាតែម្តង ៕