ក្រោយពីបានធ្វើការបាញ់ប្រហារទៅលើប្រពន្ធរបស់ខ្លួនដោយគ្មានត្រាប្រណីនោះ លោក ជ័យ រិន ដែលជាប្តីរបស់អ្នកនាង សាន ស្រីឡៃ ក៏បានបាញ់ប្រល័យជីវិតខ្លួនឯងបន្តតាមក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗក្បែរគ្នានៅនឹងកន្លែងតែម្តង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ។

ហេតុការណ៍នេះបានធ្វើឲ្យមហាជនជាច្រើន​​ មានភាពតក់ស្លុតយ៉ាងខ្លាំង ព្រោះតែពុំនឹកស្មានថា ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ អាចកើតឡើងយ៉ាងដូច្នេះ ។ ហើយក្រោយពេលកើតហេតុ សាកសពរបស់ប្តីប្រពន្ធទាំងពីរ ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យរៀងៗខ្លួនផងដែរ ។

សូមបញ្ជាក់ថា សពរបស់តារាចម្រៀង សាន ស្រីឡៃ ដែលត្រូវជាប្រពន្ធត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តមានសែនសុខ (ភ្នំពេញ) ។ ចំណែកសពរបស់លោក ជ័យ រិន វិញ ត្រូវបានខាងគ្រួសារគាត់យកទៅធ្វើបុណ្យនៅឯស្រុកកំណើតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារចូលរួមយ៉ាងច្រើនផងដែរ, នេះបើយោងតាមហ្វេសប៊ុក Rin Ratanak ។

កាលពីព្រឹកម្សិលមិញ នៅលើហ្វេសប៊ុក Rin Ratanak បានផុសឲ្យដឹងឲ្យឃើញទាំងរូបភាពស្រុងថា៖

«សូមវិញ្ញាណក្ខន្ធរបស់លោក ជ័យ រិន បានទៅកាន់ សុគតិភព… កើតជាតិណាៗ កុំឲ្យអភ័ព្វ ដូចជាតិនេះទៀត… បើតាមសាច់រឿងគាត់បានធ្វើពលិកម្មច្រើនណាស់ចំពោះតារាចម្រៀង សាន ស្រីឡៃ។

សពរបស់ លោក ជ័យ រិន ប្រារព្វធ្វើបុណ្យនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានមន្ត្រីគយ និងរដ្ឋាករ ជាមិត្តរួមការងារចូលរួមយ៉ាងច្រើនផងដែរ។

ប្រភពបានឲ្យដឹងថា លោក ជ័យ រិន ឈ្មោះពិតគឺ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ។ ចំពោះឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំនោះគឺជាឈ្មោះដែលគាត់ទិញពីគេ (កូតាហ្វ៊ុនស៊ិនប៉ិច) ដើម្បីចូលធ្វើការងារ ក្នុងក្របខណ្ឌគយតែប៉ុណ្ណោះ។ លោក ខៀវ ម៉ៅ មានបងប្អូន៤នាក់ ដែលសុទ្ធតែធ្វើគយដូចគ្នាៗ» ៕