មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ​មិនបាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​ទេ ​ចំពោះ​ការ​សម្រេចចិត្ត​ចាក​ចេញ​នៃ​សមាជិក​ជាន់ខ្ពស់​ម្នាក់ ​ដែល​បាន​ប្រកាស​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពី​ថ្ងៃ​ទី ​២២ ​តុលា​។ ​សូម​បញ្ជាក់​ថា ​លោក ​ឡុង ប៊ុ​ន្នី ​គឺជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទី​មួយ ​ដែល​បាន​ប្រកាស​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោយពី​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។​

Loading...

អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី ​គឺ​លោក ​គង់ គាំ បាន​ចំអក​ឲ្យ​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ​ដែល​បាន​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពី​ថ្ងៃ​ទី ​២២ ​តុលា​ថា ​គឺ​ជា​ការ​សម្រេចចិត្ត​ទៅតាម​ការ​អំពាវនាវរ​បស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។ ​លោក ​គង់ គាំ ​ដែល​គេ​ស្គាល់​ថា គឺ​ជា​អ្នក​នយោបាយ​ជើងចាស់ ​និង​ធ្លាប់ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​បច្ចុប្បន្ន ​គឺ​ជា​ទី​ប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជូនពរ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ​ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ​“​ទៅ​ភ្លក់​រសជាតិ​ថ្មី​” ​ដែល​លោក​បាន​សំដៅ​ទៅ​ដល់​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ ​ការ​លើកឡើង​របស់ ​លោក ​គង់ គាំ ​បានធ្វើ​ឡើង​នៅក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​២៦ ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​រៀបចំ​ធ្វើឡើង​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ព្រឹក​មិញ​នេះ​។

គួរ​ជំរាបជូន​ថា ​លោក ​ឡុង ប៊ុ​ន្នី ​គឺជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទីមួយ ​ដែល​គេ​ពុំ​សូវ​ឮ​ឈ្មោះ​នោះ ​បាន​ប្រកាស​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោយពី​ការអំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពី​ថ្ងៃ​ទី​ ២២ ​តុលា​។ ​នៅក្នុង​លិខិត​របស់​ខ្លួន លោក​ ឡុង ប៊ុ​ន្នី ​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង ​បាន​លើកឡើង​ថា ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើឡើង​បន្ទាប់ពី​បាន​ដឹងថា ​លោក ​កឹម សុខា ​ដែល​ជា​ប្រធាន​របស់​ខ្លួន ​គឺជា​ជន​ក្បត់ជាតិ​។ ​យ៉ាងណា​ក៏ដោយ ​លោក ​គង់ គាំ ​មិន​រំពឹង​ថា ​នឹងមាន​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត​ (​តំណាងរាស្ត្រ​ទាំង​៥៥​រូប​) ​ចាក​ចេញពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ទេ ​ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​ឲ្យ​ពិចារណា​ឡើងវិញ​ ចំពោះ​វិធានការ​របស់​ខ្លួន ​ទៅលើ​គណបក្ស​ប្រឆាំង​នៅពេល​នេះ​។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី ​២២ ​តុលា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៥​ពាន់​នាក់ ​រួមទាំង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​នេះ ​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ដោយ​ធានាថា ​តួនាទី​របស់​ពួកគេ​នឹងមិន​ត្រូវ​ដកហូត​នោះឡើយ​។ ​លោក​នាយក​រដ្ឋមន្ត្រី​ ថែមទាំង​បាន​ផ្ញើ​សារ​បំភ័យ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ថា​ ៩៩​ភាគរយ ​គណបក្ស​សង្គ្រោះ​ជាតិ ​នឹងត្រូវ​រំលាយ ​ហើយ​សម្ពាធ​អន្តរជាតិ​នឹង​គ្មាន​ន័យ​នោះទេ​។ ​ប៉ុន្តែ​លោក ​សេង ស៊ា​ង​លី​ ប្រធាន​ប្រតិបត្តិ ​ខេត្ត​ត្បូងឃ្មុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា ​លោក​មិន​ឃើញ​មាន​សញ្ញា​ចង់​ចាកចេញ​នៃ​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​របស់​លោក​នោះទេ​៕ ប្រភព៖ RFI