​បុរស​ម្នាក់​ដែល​លើក​ស្លាក​សញ្ញា «​ឱប​ហ្វ្រ៊ី​» នៅក្នុង​ទីក្រុង ញូវយ៉ក បែរជា​ក្លាយ​ជនល្មើស បន្ទាប់ពី​បាន​ដាល់​ទៅលើ​ស្ត្រី​វ័យក្មេង​ម្នាក់ បណ្តាល​ឲ្យ​ហើម​មុខ​ស្ពុរ ដោយសារតែ​នាង​បដិសេធ «​ឱប​» គាត់ នេះ​បើ​យោងតាម​ប៉ូលីស​ញូវយ៉ក ។​

Jermaine Himmelstein អាយុ ២៥ ឆ្នាំ បាន​លើក​ស្លាក​សញ្ញា​ប្រកាស​នៅក្នុង​ទីលាន Uninon Square, ទីកន្លែង​ដែល​គាត់​បានផ្តល់​នូវ​ការ «​ឱប​ហ្វ្រី​» ដល់​អ្នកដំណើរ ។​

​នៅពេល​នរណាម្នាក់ មិន​ទទួលយក​ការផ្តល់​ឲ្យ​នេះ​ទេ នោះ Himmelstein នឹង​ខឹង​អាច​បង្ក​អំពើហិង្សា​ដាក់​គេឯង​តែម្តង ។ ជាក់ស្តែង កាលពី​សប្តាហ៍​មុននេះ នារី​វ័យក្មេង​ម្នាក់ និង​ម្តាយ​របស់​នាង ដែល​បាន​កំពុង​ដើរ​នៅ​ទីនោះ នៅពេលនោះ ស្រាប់តែ Himmestein បានដើរចូលមកកៀក​ពួកគេ​ទាំងពីរ ។ បុរស​រូបនេះ​ដំបូង បាន​ស្ទាប​នារី​ជា​កូន និង​ចាប់ផ្តើម​ឱប​នាង ។ ប៉ុន្តែ នៅពេល​នាង​បដិសេធ បុរស​នេះ​បាន​ដើរចេញទៅវិញ ។​

​ដូចការគ្រោងទុក្ខមែន! ខណៈពេល​ក្រោយមក Himmesltein បាន​ចូលទៅ​កៀក​នាង​ពី​ខាងក្រោយ និង​ដាល់​នាង​១​ដៃ​ចំ​កណ្តាល​ផ្ទៃមុខ​តែម្តង ហើយ​ថែមទាំង​ទាត់​វែ​នតា​របស់​នាង​ទៀត ។​

Himmestein បន្ទាប់មក បានគេច​ខ្លួន​ពី​កន្លែងកើតហេតុ ។ ប៉ុន្តែ ក្រោយមក ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ។​

​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល Himmelstein បានធ្វើ​រឿងនេះ ដោយ​មុន​នោះ​បុរស​ចម្លែក​នេះ​វាយប្រហារ​ទៅលើ​ស្ត្រី​ម្នាក់ ព្រោះតែ​បដិសេធ​ការ​ឱបរឹត ។​

​កាលពី​ឆ្នាំមុន Himmelstein ដាល់​ទៅលើ​ស្ត្រី​ជនជាតិ​កាណាដា​ម្នាក់​អាយុ ២១ ឆ្នាំ ដែល​កំពុង​ដើរ​ទស្សនា​កំសាន្ត​នៅ Manhattan ក៏​ជា​លទ្ធផល​នៃ​ការបដិសេធ​ឱប​ហ្វ្រ៊ី​នេះ ៕