កាលពីព្រឹកមិញនេះ មហាជនដែលអ្នកប្រើប្រាស់បណ្តាញសង្គម បានមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈទទួលបានដំណឹងពីព័ត៌មានចែករំលែកជាបន្តបន្ទាប់ថា អតីតតារាចម្រៀងសិចស៊ី អ្នកនាង អ៊ុំ គន្ធា ត្រូវបានកងកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ដោយសង្ស័យថាពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន ខណៈដែលគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និង​អាវុធហត្ថខណ្ឌ ចុះ​បង្ក្រាបទីតាំងផ្ទះ ១កន្លែង លួចលាក់បង្កប់ទូហ្គេមបាញ់ត្រី​ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ នៅលើផ្លូវ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ​ ខ​ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប៉ុន្តែ នៅទីបំផុត អ្នកនាង អ៊ុំ គន្ធា ដែលត្រូវបានមហាជនខ្លះក៏បញ្ចេញការស្អប់ខ្ពើម និងខ្លះទៀតក៏បង្ហាញក្តីអាណិតអាសូរ (ប្រហែលព្រោះតែគាត់អស់ផ្លូវដើរ ទើបធ្វើអីចឹង) នោះ នៅរសៀលថ្ងៃដដែលនេះ អ្នកនាងត្រូវបានសមត្ថកិច្ចដោះលែងវិញហើយ បន្ទាប់ពីស៊ើបអង្កេតច្បាស់ថា រូបគាត់មិនបានពាក់ព័ន្ធនឹងគ្រឿងញៀនទេនោះ ។ ហើយការដែលនាំឲ្យអ្នកនាងត្រូវជាន់ដានបែបនេះ ព្រោះខណៈពេលនោះ អ្នកនាងដើររើសអេតចាយក្បែរទីនោះ ដើម្បីរកលុយមកដោះស្រាយជីវភាពដែលកំពុងតែវេទនា៕

​គួរបញ្ជាក់ថា តារាចម្រៀងជើងចាស់ អ្នកនាង អ៊ុំ គន្ធា រួមនឹងជនសង្ស័យ២នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌឫស្សីកែវ ពាក់ព័ន្ធនឹងគ្រឿងញៀន ៕