នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ស្តេច​ស្នងរាជ្យ​ម៉ូហាម៉េដ បេន សាលម៉ាន​បាន​បញ្ជាក់​នា​ថ្ងៃ​អង្គារ ទី២៤ តុលា​ថា ព្រះអង្គ​នឹង​ប្រែក្លាយ​អារ៉ាប៊ីសាអូឌីត​ដែល​ធ្លាប់​ជា​ប្រទេស​អ៊ីស្លាម​អភិរក្សនិយមជ្រុល​ទៅ​ជា​ប្រទេស​អ៊ីស្លាម​កណ្តាលនិយម និង​អត់ឱន។ ទន្ទឹម​គ្នា​នេះ ស្តេច​ស្នងរាជ្យ​បេន សាលម៉ាន​ក៏​បាន​សន្យា​កម្ទេច​អ៊ីស្លាមនិយមជ្រុល​ឲ្យ​ដល់​ឫសគល់​ដែរ។ ព្រះអង្គ​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​រៀបចំ​ក្នុង​ទីក្រុង​រីយ៉ាដ​រយៈពេល ៣ថ្ងៃ​ដែល​មាន​គណៈប្រតិភូ​ចូលរួម​ប្រមាណ ២ ៥០០នាក់។

« យើង​នឹង​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ក្លាយ​ជា​ប្រទេស​អ៊ីស្លាម​មួយ​កណ្តាលនិយម អត់ឱន បើក​ចំហ​ទៅ​កាន់​ពិភពលោក និង​គ្រប់​សាសនា​ទាំង​អស់ » នេះ​ជា​ការ​ថ្លែង​របស់​ស្តេចស្នងរាជ្យ​ម៉ូហាម៉េដ បេន សាលម៉ាន​នៅ​ក្នុង​ថ្ងៃទី១ នៃ​សន្និសីទ​សេដ្ឋកិច្ច​រៀបចំ​ក្នុង​ទីក្រុង​រីយ៉ាដ​រយៈពេល ៣ថ្ងៃ​ដែល​មាន​គណៈប្រតិភូ​ចូលរួម​ប្រមាណ ២ ៥០០នាក់។ មាន​ព្រះជន្ម ៣២ឆ្នាំ ស្តេចស្នងរាជ្យ​បេន សាលម៉ាន​បាន​យល់​ឃើញ​ថា អារ៉ាប៊ីសាអូឌីត​បាន​បោះបង់​ជំហរ​កណ្តាល​និយម​តាំង​ពី​ឆ្នាំ ១៩៧៩ ដោយសារ​តែ​មាន​ការ​កើន​ឡើង​ខ្លាំង​នូវ​និន្នាការ​សាសនា​ជ្រុលនិយម។

ស្តេច​ស្នងរាជ្យ​បេន សាលម៉ាន​បាន​ធានា​ថា អារ៉ាប៊ីសាអូឌីត​មិន​អាច​បន្ត​ជីវិត​ជាមួយ​នឹង​គំនិត​ជ្រុលនិយម​រយៈពេល ៣០ឆ្នាំ​បន្ថែម​ទៀត​ឡើយ និង​បាន​សន្យា​កម្ទេច​ភាព​អ៊ីស្លាមជ្រុលនិយម​ឲ្យ​ដល់​ឫសគល់​ក្នុង​ពេល​ឆាប់ៗ។ តាំង​ពី​បាន​ជ្រើស​តាំង​ជា​ស្តេចស្នងរាជ្យ​ក្នុង​ថ្ងៃទី២១ មិថុនា​មក ព្រះអង្គ​បេន សាលម៉ាន​តែងតែ​បាន​ខិតខំ​កាត់​បន្ថយ​រាល់​ឧបសគ្គ​ដែល​កើត​ចេញ​ពី​ការគោរព​សាសនា​នៅ​ក្នុង​សង្គម​អារ៉ាប៊ីសាអូឌីត។ គឺ​ស្តេចស្នងរាជ្យ​អង្គ​នេះ​ឯង​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​លុប​ចោល​វិញ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ​លើ​ការ​ហាម​ស្រ្តី​អារ៉ាប៊ីសាអូឌីត​មិន​ឲ្យ​បើក​រថយន្ត។

ក្រៅ​ពី​សន្យា​នាំ​អារ៉ាប៊ីសាអូឌីត​មក​កាន់​គន្លង​ផ្លូវ​កណ្តាលនិយម និង​អត់ឱន ស្តេចស្នងរាជ្យ​បេន សាលម៉ាន​ក៏​បាន​ប្រកាស​ពី​ការ​បង្កើត​មហាតំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មួយ​ដែល​មាន​ផ្ទៃក្រឡាដី ២៦ ៥០០គីឡូម៉ែត្រក្រឡា និង​គ្រោង​ចំណាយ​ទុន​អភិវឌ្ឍន៍​ជាង ៥០០ ០០០លានដុល្លារ។ គម្រោង​អភិវឌ្ឍន៍​នេះ​ក៏​មាន​ការ​ចូលរួម​ពី​អ្នកវិនិយោគ​បរទេស​ដោយ​ផ្តោត​លើ​វិស័យ​សំខាន់ៗ​មាន​ដូច​ជា ទឹកស្អាត ថាលពល គ្រឿងឧបភោគ បរិភោគ ជីវបច្ចេកវិទ្យា ឬ​មួយ​ក៏​ក្នុង​វិស័យ​ព័ត៌មាន​ជា​ដើម។

សូម​ជម្រាប​ជូន​ថា គម្រោង​អភិវឌ្ឍន៍​ថ្មី​ប្រកាស​ដោយ​ស្តេចស្នងរាជ្យ​បេន សាលម៉ាន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អារ៉ាប៊ីសាអូឌីត​កំពុង​ស្វែង​រក​ចំណូល​ផ្សេង​ក្រៅ​ពី​ការ​បូមប្រេង​លក់​ដែល​តម្លៃ​របស់​វា​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​នា​រយៈពេល ៣ឆ្នាំ​ជាប់ៗ​គ្នា៕ ប្រភព៖ RFI